Ad Code

អាមេរិក​ ត្រៀម​ដាក់ទណ្ឌកម្ម​រុស្ស៊ី​ជុំវិញ​ការប្រើប្រាស់​សារធាតុ​គីមី Novichok លើ​លោក Skripal



សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​នឹងដាក់​ទណ្ឌកម្ម​ថ្មី​ទៅលើ​ប្រទេស​រុស្ស៊ី​ បន្ទាប់ពី​បានកំណត់​ថា រុស្ស៊ី​ បាន​ប្រើប្រាស់​ភ្នាក់ងារ​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​ប្រឆាំងនឹង​អតីត​ចារកម្ម​របស់​ប្រទេស​រុស្ស៊ី​ដែល​រស់នៅ​ចក្រភព​អង់គ្លេស។

លោក Sergei Skripal និង​កូនស្រី​របស់គាត់​ឈ្មោះ Yulia ត្រូវបាន​គេ​ប្រទះឃើញ​សន្លប់​នៅលើ​កៅអី​មួយ​ក្នុង​ទីក្រុង Salisbury កាលពី​ខែមីនា​។​

ការវាយប្រហារ​នេះ​បាន​បណ្តាល​ឲ្យ​អ្នក​ទាំងពីរ​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់​ប៉ុន្តែ​ពួកគេ​បានជា​សះស្បើយ​វិញ​បន្ទាប់ពី​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ជាច្រើន​សប្តាហ៍​។​

ការស៊ើបអង្កេត​របស់​ចក្រភព​អង់គ្លេស​បាន​ស្តីបន្ទោស​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការវាយប្រហារ​នេះ​ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការចូលរួម​ណាមួយ​។​

ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ក្រសួងការបរទេស​អា​មេ​រិ​កបាន​បញ្ជាក់ថា ខ្លួន​កំពុង​អនុវត្ត​វិធានការ​ប្រឆាំងនឹង​រុស្ស៊ី​អំពី​ឧប្បត្តិ​ហេតុនេះ​។​

អ្នកនាំពាក្យ​លោកស្រី Heather Nauert បាន​និយាយថា វា​ត្រូវបាន​កំណត់ថា ប្រទេស​នេះ​បាន​ប្រើប្រាស់​អាវុធ​គីមី​ឬ​ជីវសាស្ត្រ​ដែល​រំលោភ​លើ​ច្បាប់​អន្តរជាតិ​ឬ​បាន​ប្រើ​អាវុធ​គីមី​ឬ​អាវុធ​ជីវសាស្ត្រ​ប្រឆាំងនឹង​ជនជាតិ​របស់ខ្លួន​។​

ស្របពេល​ជាមួយគ្នា​នោះដែរ រដ្ឋាភិបាល​អង់គ្លេស​បាន​ស្វាគមន៍​ការដាក់ទណ្ឌកម្ម​នេះ​។​
​សេចក្តីថ្លែងការណ៍​រប​ស់​ការិយាល័យ​បរទេស​ចក្រភព​អង់គ្លេស​បាន​និយាយថា “​ការឆ្លើយតប​ដ៏​ខ្លាំងក្លា​របស់​អន្តរជាតិ​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង Salisbury គឺជា​ការផ្ញើ​សារ​យ៉ាងច្បាស់​ទៅកាន់​ប្រទេស​រុស្ស៊ី​ថា ឥរិយាបថ​ព្រហើន​និង​បង្កហេតុ​របស់ខ្លួន​នឹងមិន​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការដាក់ទោស​នោះទេ​”​។​

ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​២២​ខែសីហា​ហើយ​វា​ទាក់ទង​ទៅនឹង​ការនាំចេញ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​និង​គ្រឿង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត​។​

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយថា ការដាក់ទណ្ឌកម្ម​បន្ថែមទៀត​នឹងត្រូវ​ធ្វើឡើង​ក្នុងអំឡុងពេល​៩០​ថ្ងៃ​ប្រសិនបើ​រុស្ស៊ី​មិនបាន​ផ្តល់​ការធានា​ដែល​អាច​ជឿទុកចិត្ត​បាន​ថា ខ្លួន​នឹង​លែង​ប្រើ​អាវុធ​គីមី​ទៀតហើយ​និង​អនុញ្ញាត​ឲ្យ​មានការ​ត្រួតពិនិត្យ​ដោយ​អង្គការសហប្រជាជាតិ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu