មន្ត្រីគណបក្សប្រឆាំងកំពូលមួយរូបរបស់ប្រទេសហ្ស៊ីមបាវ៉េ បានរត់ភៀសខ្លួនទៅកាន់ប្រទេសហ្សាំប៊ីកាលពីថ្ងៃពុធ ប៉ុន្តែត្រូវបានបដិសេធការសុំសិទ្ធិជ្រកកោន ហើយត្រូវបានគេរំពឹងថានឹងប្រឈមនឹងការចាប់ខ្លួននៅក្នុងប្រទេសកំណើត ខណៈការព្រួយបារម្ភបានកើនឡើងអំពីការបង្ក្រាបរបស់រដ្ឋាភិបាល បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីដែលមានជម្លោះកាលពីសប្តាហ៍មុន។
លោក Dewa Mavinga នាយកនៅតំបន់អាហ្វ្រិកខាងត្បូងប្រចាំអង្គការឃ្លាំមើលសិទិ្ធមនុស្សបានថ្លែងថា លោក Tendai Biti ដែលជាអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាមេដឹកនាំគណបក្សប្រឆាំង “ចលនាសម្រាប់ការផ្លាស់ប្តូរប្រជាធិបតេយ្យ” (MDC) គឺនឹងត្រូវគេនិរទេស។
រដ្ឋមន្ត្រីក្រសួងការបរទេសហ្សាំប៊ីលោក Joseph Malanji បាននិយាយថា “ហេតុផលដែលលោក Biti បានផ្តល់ឲ្យសម្រាប់ការស្វែងរកសិទ្ធិជ្រកកោនគឺមិនមានភាពល្អត្រឹមត្រូវទេដូច្នេះគាត់ត្រូវបានគេឃុំខ្លួននៅក្នុងមន្ទីរឃុំឃាងសុវត្ថិភាពហើយយើងកំពុងបញ្ជូនគាត់ត្រឡប់ទៅប្រទេសហ្ស៊ីមបាវ៉េវិញ”។ ស្ថានភាពរបស់លោក Biti ត្រូវបានគេបង្ហាញបន្ទាប់ពីមានឈុតឆាកនៃការបាញ់សម្លាប់នៅតាមដងផ្លូវក្នុងរដ្ឋធានីរបស់ប្រទេសហ្ស៊ីមបាវ៉េកាលពីមួយសប្ដាហ៏មុនដោយបានសម្លាប់មនុស្សចំនួន៦នាក់និងមានពាក្យបណ្តឹងកាន់តែខ្លាំងពីគណបក្សប្រឆាំងអំពីការយាយី។ ព្រឹត្តិការណ៍នេះគឺផ្ទុយពីការអះអាងរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក Emmerson Mnangagwa អំពី“ការចេញផ្លែផ្កា” នៃលទ្ធិប្រជាធិបតេយ្យបន្ទាប់ពីមេដឹកនាំយូរអង្វែងលោក Robert Mugabe បានចុះចេញពីតំណែងកាលពីខែវិច្ឆិកាក្រោមសម្ពាធរបស់យោធា។
អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសអាហ្វ្រិកមួយនេះបាននិយាយថា គាត់មានការ “ព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍ដែលអាចជឿទុកចិត្តបានថា អ្នកគាំទ្រគណបក្សប្រឆាំងត្រូវបានកំណត់គោលដៅដោយសមាជិកនៃកងកម្លាំងសន្តិសុខហ្ស៊ីមបាវ៉េ”។
លោក Tibor Nagy ជំនួយការក្រសួងការបរទេសនៃកិច្ចការអាហ្វ្រិកបាននិយាយថា លោកបានជំរុញយ៉ាងខ្លាំងដល់អាជ្ញាធរនៅក្នុងប្រទេសហ្សាំប៊ីដើម្បីអនុញ្ញាតឲ្យលោក Biti ស្នាក់នៅទីនោះរហូតដល់សំណើសុំសិទ្ធិជ្រកកោនរបស់លោកអាចត្រូវបានវាយតម្លៃឲ្យបានត្រឹមត្រូវឬអនុញ្ញាតឲ្យលោកឆ្លងកាត់ដោយសុវត្ថិភាពទៅកាន់ប្រទេសទីបី។
ព្រឹត្តិការណ៍នេះបានកើតឡើងនៅពេលដែលគណបក្សប្រឆាំង MDC ត្រៀមប្រកួតប្រជែងដើម្បីជំទាស់នៅក្នុងតុលាការចំពោះជ័យជំនះការបោះឆ្នោតថ្ងៃទី៣០ខែកក្កដាដែលខ្លួនអះអាងថាជាការលួចបន្លំ។
លោក Biti ដែលជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងបំផុតមួយរូបគឺបានប្រកាសមុនពេលលទ្ធផលនៃការបោះឆ្នោតជាផ្លូវការត្រូវបានប្រកាសកាលពីថ្ងៃសុក្រថា មេដឹកនាំគណបក្សប្រឆាំងលោក Nelson Chamisa បានទទួលជ័យជំនះដែលនេះក៏ជាការអះអាងមួយធ្វើឡើងដោយលោក Chamisa ខ្លួនឯងផងដែរ។
លោក Biti បានប្រាប់អ្នកយកព័ត៌មានមួយថ្ងៃបន្ទាប់ពីការបោះឆ្នោតថា “នៅក្នុងប្រទេសធម្មតា លោក Chamisa នឹងស្បថចូលកាន់តំណែងនៅពេលនេះ”។
គណៈកម្មាធិការបោះឆ្នោតហ្ស៊ីមបាវ៉េបាននិយាយថា វាជាការខុសច្បាប់ក្នុងការចេញផ្សាយលទ្ធផលមុនការប្រកាសជាផ្លូវការរបស់ខ្លួន៕
Source: Kampuchea Thmey Daily
0 Comments