ភ្នំពេញ ៖ បុរសក្នុងវ័យជិត៤០ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុជាមួយសាច់និងឈាមបានខ្ទាតចេញពីរាងកាយ ក្រោយពីបុរសម្នាក់នេះ ត្រូវរថភ្លើងកិនផ្តាច់ខ្លួន២កំណាត់ គួរឲ្យរន្ធត់នោះ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវដែក ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ សន សុវឌ្ឍនា ភេទប្រុស អាយុ៣៨ឆ្នាំ មិនមានមុខរបរពិតប្រាក ស្នាក់នៅម្តុំវត្តថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកពីជួបជុំមិត្តផឹកស៊ីដូចជាការហូបបាយថ្ងៃត្រង់ ពេលនោះរថភ្លើងធ្វើដំណើរឆ្លងកាត់ពីកើតទៅលិច ស្រាប់តែជនរងគ្រោះបានរត់ចូលរថភ្លើងត្រង់ពាក់កណ្តាលរថភ្លើងដោយមិនដឹងមូលហេតុ បណ្តាលឲ្យរថភ្លើងកិនផ្តាច់ខ្លួនជនរងគ្រោះជា២កំណាត់តែម្តង។
បើតាមអ្នកបើកបររថភ្លើង តាមរយៈការមើលកាមេរ៉ាសុវត្ថិភាព ប្រាប់ឲ្យដឹងថា រថភ្លើងមិនបានបុកមនុស្សដើរស្រប ឬ លើផ្លូវដែកទេ ដោយនៅពេលរថភ្លើងធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែចុចស៊ីផ្លេ និង មានអ្នកបិទបើកប៉ារ៉ាស់នៅពេលឆ្លងកាត់ផ្លូវថ្នល់ គឺជនរងគ្រោះបានរត់មកចូលរថភ្លើងធ្វើអត្តឃាតតែម្តង។
ស្របពេលកើតហេតុភ្លាមៗមានពលរដ្ឋចោមរោមមើល ដោយខ្លាចក្រែងមានកូនចៅឬជាសមាជិកក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបានធ្វើសេចក្តីការណ៍ជូនសមត្ថកិច្ចឬអាជ្ញាធរ ចុះមកត្រួតពិនិត្យ ដើម្បីផ្តល់ដំណឹងនិងស្វែងរកសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments