Ad Code

ជួន ជុំ ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្លិប​អគ្គីសនី​កម្ពុជា ក្រោយ​សម្រេច​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាលទាត់



​ខ្សែប្រយុទ្ធ​មកពី​ខេត្តកោះកុង ជិន ជុំ (​ឬ ជួន ជុំ​) សមាជិក​របស់​ក្លិប​បាល់ទាត់​អគ្គីសនី​កម្ពុជា បាន​សម្រេចចិត្ត​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​របស់​ខ្លួន​ហើយ កាលពី​ដំណាច់​ជើង​ទី​១ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2018 ក្រោយ​ចាប់​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈពេល​ជាង​១៤​ឆ្នាំ​មកនេះ​។



កីឡាករ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ខ្លួន​មិនទាន់​ដាច់ស្រេច​ពី​អាជីព​បាល់ទាត់​នេះ​ថា «​ខ្ញុំ​ចូលនិវត្តន៍​ហើយ ខ្ញុំ​មិនបាន​លេង​ជុំ​ទី​២​លី​គ​ទេ​។ ខ្ញុំ​ចាស់​ហើយ រត់​មិនសូវ​បាន ព្រោះ​កាយសម្បទា​លែង​អំណោយផល កម្លាំង​ខ្សោយ​។ ខ្ញុំ​ចាស់​ហើយ ទុក​ឲ្យ​ក្មេងៗ​បង្ហាញ​សមត្ថភាព​ម្ដង​។ ទោះ​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ទៅណា​ឆ្ងាយ​ពី​បាល់ទាត់​ដែរ គឺ​ខ្ញុំ​នឹង​ឆ្លៀត​ពេល​ធ្វើ​ជំនួយការ​លោកគ្រូ វុទ្ធី ជួយ​បង្ហាត់​ក្មេងៗ ក្នុង​ពេល​ទំនេរ​ពី​ការងារ​នៅ​អគ្គិសនី​កម្ពុជា​»​។



យ៉ាង​ណាក្តី​ក្រោយ​ចូលនិវត្តន៍ ពី​បាល់ទាត់ ជិន ជុំ នឹង​នៅតែ​បម្រើ​ការងារ​នៅ​អង្គភាព​អគ្គិសនី​កម្ពុជា និង​រូបគេ​ឆ្លៀតពេល​ជួយ​ការងារ​បង្វឹក​របស់​លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ប្រចាំ​ក្រុម​អគ្គីសនី​កម្ពុជា បច្ចុប្បន្ន ដូចជា​បង្ហាត់​ក្មេងៗ ជាដើម​។ ម្យ៉ាង​រូបគេ​កំពុង​សិក្សា​វគ្គ​គ្រូបង្វឹក​កម្រិត C License​ផងដែរ​។

​កីឡាករ ជិន ជុំ ក្រៅពី​ប្រកប​អាជីព​តាម​ក្លិប រូបគេ​ក៏​ធ្លាប់បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែរ​។ រូបគេ​ចាប់​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០០៤ ដោយ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ខេត្តកោះកុង ខណៈ​នៅ​ឆ្នាំ​២០០៦ គេ​បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​នៅ​ឆ្នាំ​២០០៨ ដល់​២០១៦ បាន​ចូលរួម​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ស្របពេល​ឆ្នាំ​បន្ទាប់​បាន​ចូលរួម​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប និង​ចុងក្រោយ​នៅ​ឆ្នាំ​២០១៨ នេះ​ចូលរួម​ជាមួយ​ក្រុម​អគ្គីសនី​កម្ពុជា​។ រូបគេ​ធ្លាប់​ឈ្នះ​ជើង​ឯក​លី​គ​កំពូល​កម្ពុជា ជាមួយ​ក្រុម​ណាហ្គា​វើ​ល នៅ​ឆ្នាំ​២០០៩ និង​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ឆ្នាំ​២០១៣ ជាមួយ​ណាហ្គា​វើ​ល​។ នៅ​ឆ្នាំ​២០១៣ រូបគេ​ទទួល​បាន​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ផងដែរ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu