Ad Code

បរិយាយ ៖​ ការជំទាស់​របស់​បរ​ទេស​មួយ​ដំបរ​ស្វា ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ជា​រឿង​គំនុំ និង​មនោគមវិជ្ជា



គិត​មកដល់​ថ្ងៃទី ៣១ ខែកក្កដា​នេះ​មាន​ប្រទេស​ធំៗ​ចំនួន ៧ បូក​នឹង​សហគមន៍​អឺរ៉ុប​បាន​ជំទាស់​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា ដោយ​ចាត់ទុកថា ការបោះឆ្នោត​នៅ​កម្ពុជា​មិន​សេរី​និង​យុត្តិធម៌។ ប្រទេស​ទាំង​៦ នោះ​រួម​សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អាល្លឺម៉ង់ កាណាដា អង់គ្លេស និង ប្រទេស​នូ​វែ​ល​សេ​ឡង់។

មាន​សំណួរ​លើកឡើងថា ហេតុអ្វី​ប្រទេស​ស្ទើរតែ ២ ភាគ ៣ នៅលើ​ពិភពលោក គេ​បាន​វាយ​តម្លៃ​ថា ការបោះឆ្នោត​នៅ​កម្ពុជា សេរី យុ​ត្តិ​ធម៌ មាន​តម្លាភាព គ្មាន​អំពើ​ហិង្សា តែ​ប្រទេស​មួយ​ដំបរ​ស្វា​នោះ បែរជា​សម្តែង​ការ​មិន​ពេញចិត្ត នេះ​ក៏ដោយ​សារ​ថា​កម្ពុជា​មិនបាន​ធ្វើទៅ​តាម​បំណង​របស់​ពួកគេ​ចង់បាន គឺ​គ្មាន​វត្ត​មានកូន​ចឹ​ង​របស់គេ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​បោះឆ្នោត និង​ដោយ​ផ្អែកទៅលើ​មនោគមវិជ្ជា​ជាធំ​ផងដែរ។



​តាមពិត​ប្រទេស​ទាំង​ប៉ុន្មាន​ខាងលើ​នេះ មិនមែន​ទើបតែ​អាណត្តិ​នេះ​នោះ​ទេ តាមពិត​តាំងពី​ការបោះឆ្នោត​ឆ្នាំ ១៩៩៨ , ២០០៣, ២០០៨, និង ២០១៣ បើ​ទោះ​ថា ការបោះឆ្នោត​ប្រព្រឹត្តទៅ​ត្រឹមត្រូវ​យុត្តិធម៌ យ៉ាងណាក៏ដោយ ក៏​មិនដែល​ត្រូវចិត្ត​របស់​ប្រទេស​ទាំង​នោះដែរ។ ព្រោះ​ការបោះឆ្នោត​ពុំ​សម​តាម​បំណង ដែល​ពួកគេ​ចង់បាន​គឺ គណបក្សប្រឆាំង​ឈ្នះឆ្នោត នេះ​គឺជា​គោលបំណង​ចម្បង​របស់​ពួក​អ្នក​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​នោះ​ចង់បាន។ ដូចនេះ ដរាបណា​បក្សប្រឆាំង​មិន​ឈ្នះឆ្នោត​ទេនោះ ពួកគេ​គ្មាន​ថ្ងៃ​មក​អបអរសាទរ​ជោគជ័យ​នៃ​ការបោះឆ្នោត​របស់​កម្ពុជា​នោះទេ។

មួយទៀត ដោយ​យោង​ទៅ​លើ​មនោគមវិជ្ជា​ដែល​ពួកគេ​បាន​សាប​ព្រួស​មកលើ​មនុស្ស​របស់គេ​ក្នុង​គោលបំណង​ផ្តួលរំលំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គេ​គិតថា​ ជា​មនុស្ស​ដែល​ស្និត​ទៅ​និង​ប្រទេស​ចិន​គឺ សម្តេច​តេ​ជោ ហ៊ុន សែន។ មួយវិញទៀត បើ​យើង​ពិនិត្យ​ឲ្យ​ជ្រៅ​ជាង​នេះ​បន្តិច​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ចាប់ពី​មេ​កំពូល​មក​ភាគច្រើន​សុទ្ធ​តែមាន​សញ្ជាតិ អាមេរិក បារាំង អូ​ស្រា្ត​លី ញូ​ហ្សេ​ឡែ​ន ដូចនេះ​ចង់​មិន​ចង់​គេ​ច្បាស់​ជា​កាន់ជើង​មនុស្ស​ដែល​មាន​សញ្ជាតិ​របស់​គេ ហើយ​ដើម្បី​នៅ​ពេល​ដែល​ពួក​នេះ​កាន់អំណាច​គេ​អាច​ប្រើប្រាស់​បាន​ក្នុង​ផលប្រយោជន៍​ណាមួយ​សម្រាប់​ប្រទេស​គេ។ អ្វីដែល​ធ្វើ​ឲ្យ​អាមេរិក​កាន់ តែ​ស្អប់​គណបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត​នោះ គឺ​ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បំផ្លាញ​ចោល​នូវ​ការប៉ុនប៉ង​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​ដែល​គេ​បាន​ចំណាយពេល​ជា​យូរ​មកហើយ​និង​បាន​ប្រើប្រាស់​មនុស្ស​របស់គេ​គឺ កឹម សុខា។



មួយវិញទៀត អ្វី​ដែលជា​ប្រតិកម្ម​របស់​ប្រទេស​ទាំងនោះ វា​ហាក់ដូចជា​ការធ្វើ​បែប​បុរេវិនិច្ឆ័យ ដោយសារ​ប្រទេស​ទាំងនោះ​ពុំបាន​បញ្ជូន​មនុស្ស​មក​ធ្វើការ​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​សូម្បីតែ​ម្នាក់។ ក៏ប៉ុន្តែ​លទ្ធផល​បោះឆ្នោត​មិនទាន់​ទាំង​ចេញ​ស្រួលបួល​ផង ពួកគេ​បាន​សម្ដែង​ការខកចិត្ត​ជាមុន​បាត់​ទៅ​ហើយ ។ ដូចនេះ មានន័យថា សេចក្តីថ្លែងការណ៍​រប​ស់​ពួកគេ​បានធ្វើ​ទុក​តាំងពី​មុនពេល​បោះឆ្នោត​រួចស្រេច​ទៅ​ហើយ ដោយសារតែ​គេ​បានដឹង​រួចស្រេច​ទៅហើយ​ថា ប្រទេស​កម្ពុជា​ដែលមាន​អធិបតេយ្យភាព​ពេញលេញ និង​ជា​នីតិរដ្ឋ​ច្បាស់​ជា​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​កំពូល​របស់​ក​ម្ពុ​ជា​ចេញ​សាលដីកា​រំលាយ​ចោល​នោះ អាច​ចូលរួម​បោះឆ្នោត​។ ដូចនេះ ការយល់​របស់​ពួកគេ​ពុំបាន​មើល​ឲ្យ​ឃើញ​នូវ​ការពិត​ជាក់ស្តែង​ក្នុងការ​អនុវត្តន៍​ច្បាប់​របស់​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ​មួយ​នោះទេ​។ អ្វីដែល​គេ​មើលឃើញ​នោះ គឺ​កូនជឹង​របស់គេ​មិនបាន​ចូលរួម​បោះឆ្នោត។

ទាំងអស់​នេះហើយ ដែលជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រទេស​ទាំងអស់​ខាងលើ​នោះ​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ខណៈ​ពេល​ប្រទេស​ជាច្រើន​ដែល​បាន​បញ្ជូន​មនុស្ស​មក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា រួមមាន​ប្រទេស​វៀតណាម ប្រទេស​ឥណ្ឌា ម៉ាឡេស៊ី ថៃ ឡាវ ចិន ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រទេស​រុស្ស៊ី ជាដើម។ ពួកគេ​បាន​ថ្លែង​នៅក្នុង សម្លេង​តែមួយ​ថា ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​ធ្វើឡើង​ក្នុង​បរិកាស​ល្អប្រសើរ​។



សរុប​មកវិញ ការ​មិន​ពេញចិត្ត​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​របស់​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ទាំងអស់​ខាងលើ កើត​ចេញ​ពី​កម្ពុជា​ពុំបាន​ធ្វើ​ទៅតាម​អ្វី​ដែល​គេ​ចង់បាន និង កើតចេញ​ចរិត​នយោបាយ​និង​មនោគមវិជ្ជា​ដែល​ពួក​ប្រទេស​បិតា​ប្រជាធិបតេយ្យ​ប្រកាន់យក។ វា​គ្មានអ្វី​ចម្លែក​នោះទេ ប្រទេស​នៅលើ​លោក​នេះ​តែ​បាត់បង់​ផលប្រយោជន៍​របស់គេ​ហើយ អ្វី​ក៏​គេ​ហ៊ាន​ធ្វើ​ដែរ។ តែបើ​ចង់​ឲ្យ​ប្រទេស​ទាំងអស់​នោះ​ឈប់​ប្រតិកម្ម ឈប់​រិះគន់​កម្ពុជា គឺ​មានតែ​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​ឈ្នះ​ទើប​ធ្វើ​ឲ្យ​ពួក​នោះ​ឈប់ ទិតៀន​កម្ពុជា។

ទោះ​បី​យ៉ាង​ណា​ក៏ដោយ ការបោះឆ្នោត​នៅ​កម្ពុជា​បាន​បញ្ចប់ ដោយ​ទទួលបាន​លទ្ធផល​យ៉ាង​ត្រចះត្រចង់​បំផុត ប្រជាជន​ទៅ​បោះឆ្នោត​ចំនួន​ជាង​៨២ ភាគរយ​។​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​កម្ពុជា​គឺជា​រឿង​ផ្ទៃក្នុង​កម្ពុជា​និង​ជា​ព្រឹត្តិការណ៍​នយោបាយ​សំខាន់​ក្នុង​ជីវិត​នយោបាយ​របស់​ប្រជាជន​កម្ពុជា៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu