Ad Code

ឥណ្ឌា​ព្រមាន​ពី “​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត​” ខណៈ​អ្នកស្លាប់​ដោយសារ​ទឹកជំនន់​បាន​កើនឡើង



កងទ័ព​រាប់រយ​នាក់​បាន​ដឹកនាំ​ប្រតិបត្តិការ​ទាំងអស់​សង្ឃឹម​មួយ​ដើម្បី​ជួយសង្គ្រោះ​ក្រុមគ្រួសារ​ដែលជា​ប់​នៅក្នុង​ទឹកជំនន់​នៅ​រដ្ឋ Kerala របស់​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈដែល​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​១០៦​នាក់​ហើយ​ជិត​១៥០,០០០​នាក់​គ្មាន​ផ្ទះសម្បែង។

ឧទ្ធម្ភាគចក្រ​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែលជា​ប់​នៅលើ​ដំបូលផ្ទះ​ហើយ​ទ្វា​ទឹក​ត្រូវបាន​បើក​ខណៈដែល​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ក្លា​បាន​នាំមក​នូវ​ការបំផ្លិចបំផ្លាញ​ថ្មី​ក្នុង​រដ្ឋ​ភាគខាងត្បូង​មួយ​នេះ​ដែលជា​ចំណុច​ទាក់ទាញ​ទេសចរណ៍​អន្តរជាតិ​ដ៏​ធំ​មួយ​។​

ប្រធាន​រដ្ឋមន្ត្រី​រដ្ឋ Kerala លោក Pinarayi Vijayan បាន​និយាយថា បច្ចុប្បន្ន​រដ្ឋ​នេះ​កំពុង​ប្រឈម​នឹង​វិបត្តិ “​ធ្ងន់ធ្ងរ​បំផុត​” ខណៈ​ភ្លៀង​ធ្លាក់​ជាច្រើន​ទៀត​ត្រូវបាន​គេ​ព្យាករណ៍​។ អាកាសយានដ្ឋាន​សំខាន់​របស់​តំបន់​នេះ​ត្រូវបាន​បញ្ជា​ឲ្យ​បិទ​រហូតដល់​ថ្ងៃទី​២៦​ខែសីហា​។​

រដ្ឋ​ដែល​ល្បីល្បាញ​ដោយសារ​ឆ្នេរ​ខ្សាច់​មាន​ដើម​ដូង​ដុះ​ជា​ជួរ​មួយ​នេះ​តែងតែ​រង​ការវាយប្រហារ​ដោយ​ភ្លៀង​មូសុង​ប្រចាំឆ្នាំ​ប៉ុន្តែ​ការខូចខាត​នៅ​ឆ្នាំនេះ​គឺមាន​ភាពអាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត​មួយ​សតវត្ស​ចុងក្រោយ​។​

មន្ត្រី​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ​បាន​ប្រាប់ AFP ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ១០៦​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ របាយការណ៍​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​និយាយថា មនុស្ស​រហូតដល់​ទៅ​៣០​នាក់​ត្រូវបាន​គេ​ព្រួយបារម្ភ​ថា​ស្លាប់​ក្នុងការ​រអិល​បាក់​ដី​ហើយ​ទឹកទន្លេ​ដែល​បាន​ឡើង​ផុត​ច្រាំង​បាន​បណ្តាល​ឲ្យ​ភូមិ​ជាច្រើន​ជន់​លិច​។​

លោក Vijayan បាន​និយាយថា ទំនប់ទឹក​ចំនួន​៨០​កន្លែង​បាន​ឈានដល់​កម្រិត​គ្រោះថ្នាក់​ហើយ​បាន​អំពាវនាវ​ដល់​ប្រជាជន​កុំ​ព្រងើយកន្តើយ​ចំពោះ​ការបញ្ជា​ឲ្យ​ជម្លៀស​។​

ឧទ្ធម្ភាគចក្រ​កងទ័ព​និង​ឆ្មាំ ទូក​សង្គ្រោះ​ជីវិត​និង​ក្រុម​មុជទឹក​ត្រូវបាន​ដាក់ពង្រាយ​ទៅ​រដ្ឋ​នេះ​ដែល​នៅ​ទីនោះ ទាហាន​ចំនួន​៥៤០​នាក់​បន្ថែមទៀត​ត្រូវបាន​ពង្រាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

កងទ័ព​បាន​និយាយថា ឧទ្ធម្ភាគចក្រ​បានធ្វើ​ប្រតិបត្តិ​ការសង្គ្រោះ​ជាច្រើន​។ ពួកគេ​ក៏បាន​ទម្លាក់​ស្បៀងអាហារ​និង​ទឹក​ផងដែរ​ហើយ​បាន​អំពាវនាវ​ឲ្យ​ជនរងគ្រោះ​ឈរ​នៅ​កណ្តាលវាល​ឬ​នៅលើ​ដំបូលផ្ទះ​ឆ្ងាយ​ពី​ដើមឈើ​ដូច្នេះ​ឧទ្ធម្ភាគចក្រ​មិនត្រូវ​រង​ការខូចខាត​ទេ​ក្នុងអំឡុងពេល​នៃ​ការជួយ​សង្គ្រោះ​។​

មន្ត្រី​រដ្ឋ​ម្នា​ក់បាន​និយាយថា ជំរុំ​ជាង​១,៣៣០​ត្រូវបាន​បើក​នៅ​ទូទាំង​រដ្ឋ Kerala ហើយ​មនុស្ស ១៤៧,០០០​នាក់​បាន​ស្វែងរក​ទី​ជំរ​កនៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

គួរ​បញ្ជាក់ថា ទឹកជំនន់​ក៏បាន​វាយប្រហារ​រដ្ឋ​ផ្សេងទៀត​ផងដែរ​ដូចជា Karnataka និង Madhya Pradesh ដែលជា​កន្លែង​មនុស្ស​៨​នាក់​នៅ​កន្លែង​លំហែកាយ​ដ៏​មាន​ប្រជាប្រិយ​មួយ​ត្រូវបាន​ទឹកជំនន់​នាំយកទៅ​ដោយសារតែ​ទឹក​ឡើង​ភ្លាមៗ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu