ប្រទេសនេប៉ាល់ បានណែនាំក្រមព្រហ្មទណ្ឌថ្មីមួយកាលពីថ្ងៃសុក្រដែលនឹងធ្វើឲ្យការចែករំលែកព័ត៌មានសម្ងាត់ក្លាយទៅជាបទល្មើសមួយដែលអាចជាប់ពន្ធនាគារ ហើយវាបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកកាសែតថា ច្បាប់នេះអាចត្រូវបានប្រើដើម្បីគ្រប់គ្រងសារព័ត៌មាន។
ប្រព័ន្ធផ្សព្វផ្សាយបានព្រមានថា រដ្ឋាភិបាលដឹកនាំដោយអ្នកកុម្មុយនិស្តដែលបង្ហាញនូវការមិនអត់ឱនចំពោះអ្នកប្រឆាំងគឺអាចប្រើពាក្យមិនច្បាស់លាស់ណាមួយដើម្បីបំបិទមាត់អ្នករិះគន់។
ច្បាប់ថ្មីនេះនឹងធ្វើឲ្យការបោះពុម្ពផ្សាយព័ត៌មានឯកជន ថតសំឡេងឬថតរូបដោយគ្មានការអនុញ្ញាតត្រូវជាប់ពន្ធនាគាររហូតដល់ទៅ៣ឆ្នាំនិងពិន័យជាប្រាក់។
ការបោះពុម្ពផ្សាយមាតិកាដែលបំផ្លាញកេរ្តិ៍ឈ្មោះរបស់មនុស្សម្នាក់ដោយផ្ទាល់ឬតាមរយៈការដៀលត្មះក៏នឹងទទួលទោសដូចគ្នានេះផងដែរ។
ប្រធានសហព័ន្ធអ្នកកាសែតនេប៉ាល់លោក Govinda Acharya បានប្រាប់ AFP ថា “ច្បាប់ទូទៅទាំងនេះអាចត្រូវបានគេប្រើដោយមិនត្រឹមត្រូវដើម្បីបំបិទមាត់អ្នកកាសែតនិងបំបាត់ការរាយការណ៍ស៊ើបអង្កេត”។
ចំណែកអ្នកគូររូបថ្លុកនយោបាយដ៏លេចធ្លោលោក Rajesh KC បានព្រមានថា ច្បាប់ថ្មីនេះបានបង្ហាញពីការធ្លាក់ចុះទៅរក “អំណាចផ្តាច់ការ”។
លោក KC បាននិយាយថា “ការងាររបស់យើងគឺដើម្បីចង្អុលបង្ហាញពីកំហុសឆ្គងនិងការរំលោភបំពានរបស់អ្នកដែលមានអំណាចប៉ុន្តែច្បាប់ទាំងនេះអាចបង្ខំឲ្យមានការត្រួតពិនិត្យខ្លួនឯង”។
លោកបានបន្ថែមថា “វាប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យរបស់យើង”។
សារព័ត៌មាន Kathmandu Post បានអំពាវនាវឲ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវច្បាប់ទាំងនេះដែលអាចត្រូវបានប្រើដើម្បីកាត់ទោសអ្នកកាសែត។
ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេប៉ាល់បានរីកចម្រើនចាប់តាំងពីរបបរាជាធិបតេយ្យត្រូវបានផ្ដួលរំលំកាលពីមួយទសវត្សរ៍មុនបន្ទាប់ពីសង្គ្រាមស៊ីវិលដ៏ឃោរឃៅមួយ។
រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅឆ្នាំ២០១៥បានការពារសិទ្ធិសេរីភាពសារព័ត៌មាននិងហាមប្រាមការត្រួតពិនិត្យសារព័ត៌មាន៕ AFP
Source: Kampuchea Thmey Daily
0 Comments