រតនគិរី ៖ រថយន្តពីរគ្រឿងពន្លះគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង មិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់ឡើយ ក្នុងទិសដៅបញ្ច្រាសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧និង២៤នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៧៨ទល់មុខចម្ការឈ្មោះ រ៉ា (ត្រង់ចំណុចឡើងចំណោតភ្នំ) ស្ថិតនៅក្នុងភូមិទូយ ឃុំទីងចាក់ ស្រុកបរកែវ ស្រាប់តែមានរថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនចុះចំណោតរេចង្កូតមកបុកពេញទំហឹងតែម្តង។
នគរបាលប៉ុស្តិ៍ទីងចាក់បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាកIZUZU ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ2S-6263 អ្នកបើកបរឈ្មោះ ចិន ដំណាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ យក្ខឡោម សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មិនមានរងរបួសនោះទេ ក្នុងទិសដៅពីកើតទៅលិច។
នគរបាលប៉ុស្តិ៍បន្តថា រថយន្ត បង្ក១គ្រឿង ម៉ាក់Toyota Huluxពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2B-7421 មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល ក្នុងទិសដៅពីលិចទៅកើត។
មូលហេតុ:អ្នកបើកបររថយន្តបង្កមិនប្រកាន់ស្តាំបើករេពេញផ្លូវមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងអ្នកដទៃឡើយ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿង កម្លាំងប៉ុស្តិ៍បានជួលរថយន្តស្ទូចយកមករក្សាទុកនៅប៉ុស្តិ៍ទីងចាក់ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments