Ad Code

វណ្ណ ម៉ូ​នី​កា ​ស្ងាត់ៗ​ចុះ​កុងត្រា​ថត​រឿង​ថ្មី​ចាក់​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​MY TV



ភ្នំពេញ ​៖ ​តារា​សម្តែង​ស្រី​ញញឹម​ស្រស់​កញ្ញា វណ្ណ ម៉ូ​នី​កា ថ្មីៗ​នេះ ​មានការ​បង្ហើប​មក​ថា ​តារា​ស្រី​រូបនេះ​កំពុង​ទទួល​បាន​ទីផ្សារ​សម្ដែង​ឡើងវិញ ​ខណៈ​ដែល​អាជីព​សិល្បៈ​របស់​នាង​កន្លងមក ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ​ ក្រោម​ហេតុផល​ថា ​រវល់​ការងារ​ខាងក្រៅ​ផ្ទាល់ខ្លួន ​និង​ចង់​យក​ពេល​សម្រាក​មួយ​រយៈ​ខ្លី។

ដំណឹង​នៃ​ការ​វិល​ចូល​សិល្បៈ​របស់​តារា​សម្តែង​កញ្ញា វណ្ណ ម៉ូ​នី​កា នាពេលនេះ​ត្រូវបាន​ប្រភព​និយាយថា ​បច្ចុប្បន្ន វណ្ណ ម៉ូ​នី​កា បាន​ត្រៀម​បង្ហាញខ្លួន​ជាថ្មី​តាមរយៈ​ខ្សែភាពយន្ត​រឿង​ភាគ​របស់​ផលិតកម្ម​ក្នុងស្រុក​មួយ បន្ទាប់ពី​នាង​បានសម្រេច​ចុះ​កុងត្រា​រួចរាល់​កាលពី​ថ្មីៗ​កន្លង​មកនេះ​។​ឱកាស​នៃ​ការសម្តែង​របស់​កញ្ញា វណ្ណ ម៉ូ​នី​កា ពេលនេះ​គឺ​នាង​ទទួលបាន​តំណែង​មិនធម្មតា​ឡើយ​។​

កញ្ញា វណ្ណ ម៉ូ​នី​កា បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា ​ដំណឹង​នេះ​ជាការ​ពិត​ព្រោះ​កាលពី​ថ្មីៗ​នេះ​ នាង​ត្រូវ​បាន​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ភាពយន្ត​ក្នុងស្រុក​មួយ​បាន​ទាក់ទង​ហៅ​ថត​ខ្សែ​រឿង​ភាគ ​ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​លើ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​MY TV។

តារា​ស្រី​សម្តី​ផ្អែម​កញ្ញា វណ្ណ ម៉ូ​នី​កា បាន​បញ្ជាក់ថា​ ចំពោះ​រឿង​ចុះ​កុងត្រា​(​កិច្ចសន្យា​)​ថត​រឿង​គឺ​នាង​និង​ភាគី​ផលិតកម្ម​ បានធ្វើ​រួចរាល់​ហើយ​កាលពី​ថ្ងៃទី​២៧ ខែសីហា​កន្លង​មក​នេះ។ ម្យ៉ាងទៀត​បើ​តាម​ការបញ្ជាក់​នៅក្នុង​កិច្ចសន្យា​នោះ​ ខ្សែភាពយន្ត​នេះ​នឹងត្រូវ​ចំណាយពេល​ថត​ចំនួន​ជាង​៤​ខែ​ទើប​សម្រេច​ការ​បញ្ចប់​ដោយ​ជោគជ័យ។

កញ្ញា វណ្ណ ម៉ូ​នី​កា​បាន​និយាយ​បន្ថែមទៀតថា ​តួអង្គ​ ដែល​ខ្ញុំ​ទទួល​បាន​ថត​សម្តែង​នៅលើ​ខ្សែភាពយន្ត​មួយ​នេះ ​គឺ​តួ​ជា​លក្ខណៈ​មនុស្ស​ស្រី​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត​ និង​មាន​ទ្រព្យសម្បតិ្ត​ច្រើន​ពោល​គឺ​អាច​និយាយ​ថា​ ប្រៀបបាន​នឹង​ជំទាវ​ផងដែរ​។​ច​រិ​ត​របស់ខ្ញុំ​សម្តែង​ក្នុង​រឿងនេះ​អាចមាន​ភាពខុសប្លែក​គ្នា​កាលពី​រឿង​មុនៗ​ព្រោះថា​ខ្សែ​ភាព​ថ្មី​នេះ ​ជា​ប្រភេទ​រឿង​បែប​មនោសញ្ចេតនា​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​នៅក្នុង​សង្គម​និង​ការអប់រំ​ជាដើម៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu