Ad Code

ថៃ​ឃាត់ខ្លួន​បុគ្គលិក​កាស៊ីណូ​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​នាំ​គ្រឿងញៀន​ឆ្លងដែន



ប្រទេស​ថៃ​ ៖​ នារី​វ័យ ២៥ ឆ្នាំ ម្នាក់ ដែល​មាន​នាទី​ជា ( ឌី​ល័​រ ) បុគ្គលិក​កា​ស៊ី​ណូ ប្រចាំ​ក្រុង​ប៉ោយប៉ែត ត្រូវបាន​ក្រុម​យុទ្ធ​នារី ឈុត​ខ្មៅ​ថៃ ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​គេ​បាន​រក​ឃើញ​ថ្នាំញៀន​ចំនួន ២ កញ្ចប់ ដែល​នារី​រូប​នេះ​ បាន​សៀត​លាក់​ទុក​ នៅក្នុង​អាវទ្រនាប់​របស់​នាង ម្ខាង​មួយ​កញ្ចប់។

យោង​តាម​របាយការណ៍ ​ដែល​យើង​ទទួល​បាន​ពី​ភាគី​ថៃ បាន​បញ្ជាក់​ថា ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង នៅ​វេលា​ម៉ោង​៦​ព្រឹក​​ ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ ត្រង់​ចំណុច​លើទឹក​ដី​ថៃ ​ ក្បែរ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ដែល​ស្ថិត​ក្នុងស្រុក អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

របាយការណ៍​បាន​បន្តថា នៅ​មុនពេល​ឃាត់ខ្លួន​នេះ គឺ​កម្លាំងយោធា​ថៃ ដែលមាន​ប្រុស​ និង​មាន​ស្រី បាន​ប្រតិបត្តិការ​ត្រួតពិនិត្យ​លើ​ប្រជាពលរដ្ឋ​ ដែល​ចេញចូល ឆ្លងដែន​ទៅកាន់​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ ហើយក៏​មានការ​សង្ស័យ​លើ​នារី​វ័យក្មេង​ម្នាក់ ទើប​ស្នើសុំ​ធ្វើការ​ឆែកឆេរ​លើ​ដងខ្លួន។

នៅពេល​នោះដែរ កម្លាំង​យុទ្ធ​នារី​ថៃ បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន ២ កញ្ចប់​ ដែល​នារី​កម្ពុជា​រូបនេះ បាន​រុំ​និង​ក្រដាស​ជូត​មាត់ ហើយ​សៀត​ទៅ​ក្នុង​អាវទ្រនាប់​ ម្ខាង​មួយកញ្ចប់ ដែល​ក្នុងនោះ​គឺ ១ កញ្ចប់ ទម្ងន់ ៣,៦៧២ ក្រាម និង ១ កញ្ចប់ ទៀត ទម្ងន់​
៣,៨៧៩ ក្រាម សរុប​ទាំង ២ កញ្ចប់ មាន​ទម្ងន់ ៧,៥៥១ ក្រាម ។​

​បើតាម​ចម្លើយសារភាព​របស់​នា​រី វ័យ ២៥ ឆ្នាំ ដែលជា​បុគ្គលិក​កាស៊ីណូ ក្នុង​ក្រុង​ប៉ោយប៉ែត​ បាន​សារភាព​ថា ថ្នាំញៀន​ទាំង ២ កញ្ចប់​នេះ គឺ​ខ្លួន​ទទួលបាន​ពី​ភ្ញៀវ​ម្នាក់ ជា​ជនជាតិ​ថៃ​ជួល​អោយ​នាង​នាំ​ឆ្លងដែន ទៅ​លាក់ទុក​នៅ​ម្តុំ​ធុងសំរាម ខាងមុខ​ហាង​លក់ទំនិញ​មួយកន្លែង ក្នុង​ផ្សារ​រោង​ក្លឿ ដើម្បី​ប្រគល់អោយ​មនុស្សម្នា​ក់ទៀត ក្នុងតម្លៃ​ឈ្នួល​សម្រាប់​នាង​គឺ​គេ​អោយ ២០០០ បាត តែ​ក៏​ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន​តែម្តង។

បច្ចុប្បន្ន​គេ​មិនទាន់​ដឹងថា តើ​នារី​រូបនេះ នឹងត្រូវ​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់ នៅក្នុង​ប្រទេស​ថៃ ឬក៏​យ៉ាងណា​នោះឡើយ ដោយសារតែ​ការ​ត្រួតពិនិត្យ ​និង​ឆែកឆេរ​ទៅលើ​អ្នក​ឆ្លង​ដែន ​វា​ដូចជា​ច្បាស់​ខ្លាំងពេក​ ទើប​ចាប់​ចំ​នាង​តែម្តង ចំណែក​ឈ្មោះ​របស់​នាង ភាគី​ថៃ​មិនបាន​បញ្ចេញ​នោះទេ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu