Ad Code

ចាប់ផ្តើម​ដំណាក់កាល​ទី​២ ​៖​ ម៉ន ព្រហ្ម​ម៉ាញ ជួប លាភ រដ្ឋា​, សេក​ចៅ​ជូត ជួប កំពែង​ខ្មៅ​ ពេជ្រ ម្ទេសខ្មាំង ជួប ខុន សិ​កឡេ​ក



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​ពានរង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម លើស​ង្វៀន​TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍ ​ទី​១១​ ខែ​សីហា ឆ្នាំ​២០១៨​នេះ ជាការ​ចាប់ផ្តើម​ប្រកួត​លើកដំបូង ក្នុង​ជម្រុះ​ដំណាក់កាល​ទី​២ ដែលមាន​អ្នក​ប្រដាល់ ៤ រូប ដែល​ឆ្លង​ផុតពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ដំណាក់កាល​ទី​៣ ដែលជា​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ​នោះ។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម ដំណាក់កាល​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ដំណាក់កាល​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ដំណាក់កាល​ទី​៤​និង​ទី​៥ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​និង​ផ្តាច់ព្រ័ត្រ ។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​១ ក្នុងដំណាក់កាល​ទី​២​នេះ ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក នឹង​ជួប​ប្រកួត​ជាមួយ​លាភ រដ្ឋា អ្នក​ប្រដាល់​ក្លិប​ដី​ឡូ​រិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ ។

ការប្រកួត​ក្នុង​ដំណាក់​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដូច​ក្នុងដំណាក់កាល​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ ។​

​រវាង​ម៉ន ព្រហ្ម​ម៉ាញ និង លាភ រដ្ឋា​នេះ ពួកគេ​ទោះបីជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូចគ្នា​ក្តី ប៉ុន្តែ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ព្រោះ​ពួកគេ​ទាំងពីរ​នាក់​ពីមុន មាន​កម្រិត​ទីតាំង​សមត្ថភាព​ខុសគ្នា​។​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ម៉ន ព្រហ្ម​ម៉ាញ មិន​ប្រាកដថា​ឈ្នះ​លាភ រដ្ឋា នោះទេ ។

លាភ រដ្ឋា ឥឡូវ​គេ​ល្អ វាយ​ខ្លាំង ព្រមទាំង​មាន​ល្បិចកល​ប្រកួត កណ្តាប់ដៃ​និង​ជើង​ទាត់​ខ្លាំង ហើយ​វាយ​ចេញ​លឿន​រហ័ស ដែល​ខុសពី​ម៉ន ព្រហ្ម​ម៉ាញ ឥឡូវ​រាង​ស្រុត​ធ្លា​ក់ជាង​មុន ប៉ុន្តែ​ព្រហ្ម​ម៉ាញ នៅតែមាន​ផ្លែ​ល្អ​ដដែល ពិសេស​ស្នៀត​ទាត់​របស់គេ ។​

កាលពី​ក្នុងដំណាក់កាល​ទី​១ ម៉ន ព្រហ្ម​ម៉ាញ គេ​វាយ​ឈ្នះ​លីន វិ​រៈ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ ឯ លាភ រដ្ឋា គេ​ឈ្នះ​ចាន់ រក្សា ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ​ដែរ ។​
សម្រាប់​ការជួបគ្នា​រវាង​ម៉ន ព្រហ្ម​ម៉ាញ និង លាភ រដ្ឋា​នេះ តាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​នោះ​ថា លាភ រដ្ឋា ទំនងជា​មិន​ឈ្នះ​ម៉ន ព្រហ្ម​ម៉ាញ នោះឡើយ ។ ព្រោះ ព្រហ្ម​ម៉ាញ គេ​ខ្ពស់ វាយ​បុក​ខ្លាំង និង​មាន​ទិច​និ​ច​ប្រកួត​ល្អ​ជាង លាភ រដ្ឋា ។​ចាំមើល តើ​ម៉ន ព្រហ្ម​ម៉ាញ អាច​យកឈ្នះ​លាភ រដ្ឋា បាន​មែនឬ​អត់​? ។

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង សេក ចៅ​ជូត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង កំពែង ខ្មៅ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ជួបគ្នា​ដែរ​កន្លងមក ។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា សេក ចៅ​ជូត គេ​មាន​តែម​ត្រង់​ខ្ពស់ជាង និង វាយ​ខ្លាំង​ជាង​កំពែង​ខ្មៅ ។ ប៉ុន្តែ ចៅ​ជូត ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល កំពែង ខ្មៅ​បានដែរ ព្រោះ​កំពែង ខ្មៅ នេះ គេ​ជា​ជើងចាស់ ហើយ​គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន ។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​

កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ សេក ចៅ​ជូត វាយ​ឈ្នះ​ផាន រះ ក្លិប​តា​ព្រហ្ម​មានជ័យ ដោយ​ពិន្ទុ ឯ កំពែង ខ្មៅ គេ​វាយ​ឈ្នះ​ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។ ចាំមើល ក្នុងដំណាក់កាល​ទី​២ រវាង​សេក ចៅ​ជូត និង កំពែង ខ្មៅ តើន​រណា​នៅ​បន្ត​ការប្រកួត​ទៀត ហើយ​នរណា​នឹង​ខ្ទាត​ចេញពី​ការប្រកួត​នេះ ? ។​

ការប្រកួត​ជម្រុះ​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series ទម្ងន់​៦០​គីឡូក្រាម​ដំណាក់កាល​ទី​១ ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​០៤​សីហា​២០១៨​នោះ បាន​ចំ​រ៉ា​ញ់​បាន​អ្នក​ប្រដាល់​ចំនួន​១៦​រូប ក្នុងចំណោម​អ្នក​ប្រដាល់​ចំនួន ៣២ ដែល​ចូលរួម​។ អ្នក​ប្រដាល់​ទាំង​១៦​នាក់ ដែល​ត្រូវ​ប្រកួត​នៅ​ដំណាក់កាល​ទី​២​បន្តទៀត​នេះ រួមមាន​គឺ ម៉ន ព្រហ្ម​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក​, លាភ រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ , សេក ចៅ​ជូត​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប​, កំពែង ខ្មៅ សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម , តាំង តាក់ ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ , វុត្ថា លាន់​លិញ ក្លិប​អង្គរ​ធំគុន​ខ្មែរ ,​ឈាន រស្មី ក្លិប​រាជសីហ៍​ខេត្តរតនគិរី , ឡុង រ៉ា​មី ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​,​ណា​ម ម៉ូ​រ៉ា​ក់ ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង , ពុទ្ធ សំបូរ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ,​លិញ ភារ​ម្យ ក្លិប​ភារ​ម្យ​គុន​ខ្មែរ​, កូយ ឡាយ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ,​សម ភក្តី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ,​ម៉ឺន មេ​ឃា ក្លិប​អេ​ភូ​ថង​កីឡា ,​លន បញ្ញា សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ហើយ​ចុង​ក្រោយនេះ គឺ​សេន កុសល ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង​។​

ដោយឡែក ចំពោះ​ការប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​មួយគូ​នោះ គឺ ពេជ្រ ម្ទេសខ្មាំង​អ្នក​ប្រដាល់​ក្លិប​អា​រុណ​រះ​កីឡា ត្រូវគេ​ផ្គូ​អោយ​ជួប​ជាមួយ​អ្នក​ប្រដាល់​មកពី​ប្រទេស​ថៃ​ឈ្មោះ ខុន សិ​ក​លេក ( Khon Soek lek )​ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ។​
​ខុន សិ​ក​លេក​នេះ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក ។ បើតាម​លោក​សេង ក​ដិ​កា អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​TV5 អោយដឹងថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ​និង​វាយ​ខ្លាំង ។ តែ​យ៉ាងណា មក​ប៉ះ​ជាមួយ​ពេជ្រ ម្ទេសខ្មាំង ដែលជា​ម្ចាស់​ខ្សែក្រវាត់​និង​ជើង​ខ្លាំង​របស់​កម្ពុជា​យើង​នេះ ខុន សិ​ក​លេក មិនដឹងថា​នឹងមាន​លទ្ធផល​បែបណា​នោះទេ​។​ពេ​ជ្ឬ ម្ទេសខ្មាំង គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​គឺ​ស្នៀត​កណ្តាប់ដៃ​និង​ស្នៀត​ទាត់​ហើយ​គេ​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត ។ គេ​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​ចាញ់​Khompichith ដោយ​ពិន្ទុ៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu