Ad Code

ឥណ្ឌូនេស៊ី ​ប្រឹងប្រែង​ស្វែងរក​អ្នកស្លាប់​ដោយ​ការរញ្ជួយ​ដី​ និង​ជួយ​អ្នក​នៅ​រស់



ក្រុម​ជួយសង្គ្រោះ​ បាន​ធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​តាម​ ដែល​អាច​ធ្វើ​បាន​ដើម្បី​រក​សព​មនុស្ស​ម្នាក់​ ដែល​ត្រូវបាន​សម្លាប់​ភ្លាមៗ​នៅ​ពេល​​ដែល​ការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ​ បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​គាត់​បាក់​កាលពី​យប់​ថ្ងៃអាទិត្យ​លើ​កោះ Lombok របស់​ប្រទេស​ឥណ្ឌូនេស៊ី។

ពួកគេ​បាន​ប្រើ​រណា​អា​ដែក​ដើម្បី​កាត់​ជញ្ជាំង​បេតុង​។ ពួកគេ​បាន​ប្រើ​ដែកគាស់​និង​សត្វ​ឆ្កែ​និង​ឧបករណ៍​ខួង​។ សព​របស់លោក Abdul Malik អាយុ​៦០​ឆ្នាំ​នឹងត្រូវ​ស្ថិតនៅក្រោម​គំនរ​បាក់បែក​សម្រាប់​ថ្ងៃទី​បី​។ សព​របស់គាត់​គឺជា​អ្នក​ចុងក្រោយ​ក្នុងចំណោម​មនុស្ស​១០៥​នាក់​ដែល​ត្រូវ​សម្លាប់​ដោយ​ការរញ្ជួយ​ដី​កម្រិត​៧.០​រ៉ិ​ច​ទ័​រ​។​

ឈុត​ឆាក​សោកនាដកម្ម​នេះ​បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​ឥណ្ឌូនេស៊ី​ជួបប្រទះ​បន្ទាប់ពី​គ្រោះមហន្តរាយធម្មជាតិ​នេះ​។ យោងតាម​អ្នកនាំពាក្យ​របស់​ភ្នាក់ងារ​គ្រោះមហន្តរាយ​លោក Sutopo Purwo Nugroho បាន​ឲ្យ​ដឹងថា ការរញ្ជួយ​នេះ​បាន​បំផ្លាញ​លំនៅដ្ឋាន​និង​ជីវិត​នៅលើ​កោះ​នេះ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ជាង​៨៤,០០០​នាក់​ផ្លាស់​ទីលំនៅ។

លោក Nugroho បាន​និយាយថា រហូតមកដល់​ទេ​ល​នេះ ភ្ញៀវទេសចរ​បរទេស​និង​ឥណ្ឌូនេស៊ី​យ៉ាងតិច​៤,៦០០​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​កោះ​តូចៗ​ចំនួន​បី​នៅ​ឆ្នេរសមុទ្រ Lombok។

ប៉ុន្តែ​ដោយសារតែ​គ្មាន​ទូក​គ្រប់គ្រាន់​ដើម្បី​ជម្លៀស​អ្នកទេសចរ​ឲ្យ​បាន​លឿន​និង​មាន​យន្តហោះ​តិចតួច​ពេក​ដើម្បី​ដឹក​ពួកគេ​ចេញពី​ទីកោះ Lombok នោះ​, ភ្ញៀវទេសចរ​ជាច្រើន​ត្រូវ​បង្ខំចិត្ត​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ឬ​បោះជំរំ​លើ​ឆ្នេរសមុទ្រ​និង​លើ​កម្រាល​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្នុង​ទីក្រុង Mataram។

អង្គការ Oxfam ដែលជា​អង្គការ​សប្បុរសធម៌​អន្តរជាតិ​បាន​និយាយថា ទឹក​ផឹក​មិនសូវមាន​គ្រប់គ្រាន់​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ Lombok ។ អង្គការ​នេះ​និយាយថា ម្ហូបអាហារ ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​និង​សម្លៀកបំពាក់​ក៏​ត្រូវការ​ជាបន្ទាន់​ផងដែរ​។​

នៅ​យប់​ថ្ងៃ​អង្គារ រដ្ឋាភិបាល​ហាក់ដូចជា​ផ្តោតលើ​ការស្វែងរក​សាកសព​និង​អ្នក​រស់រានមានជីវិត​នៅ​គ្រប់​ទីកន្លែង​។​

ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ងាយ​នឹង​រញ្ជួយ​ដី​ណាស់​ដោយសារតែ​ទីតាំង​របស់​វា​ស្ថិតនៅលើ “​ខ្សែក្រវ៉ាត់​ភ្នំភ្លើង​” នៅ​តំបន់​ប៉ាស៊ីហ្វិក​។ នៅ​ខែធ្នូ​ឆ្នាំ​២០០៤ ការរញ្ជួយ​ដី​កម្រិត​៩.១​រ៉ិ​ច​ទ័​រ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​បាន​បង្ក​ជា​រលក​យក្ស​ស៊ូណាមិ​ដែល​បានសម្លាប់​មនុស្ស​ចំនួន​២៣០,០០០​នាក់​នៅក្នុង​ប្រទេស​ជាច្រើន​។​

លោក Anak Agung Alit Supartana ដែលជា​ប្រធានការិយាល័យ​ភ្នាក់ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះបាន​និយាយថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​នៅ​វិហារ​ឥស្លាម​មួយ​បានបញ្ចប់​បន្ទាប់ពី​សត្វ​ឆ្កែ​មិនបាន​រកឃើញ​សាកសព​បន្ថែម​ទៀតហើយ​គ្មាន​ក្រុមគ្រួសារ​ផ្សេងទៀត​បាន​រាយការណ៍​អំពី​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​ទេ​។ មាន​សេចក្តីរាយការណ៍​ថា មនុស្ស​រាប់សិប​នាក់​ត្រូវបាន​សម្លាប់​នៅ​កន្លែង​នោះ។

លោក Supartana បាន​និយាយថា មនុស្ស​ពីរ​នាក់​ត្រូវបាន​គេ​រកឃើញ​នៅរស់​ជាមួយ​សាកសព​បីនាក់។ ប៉ុន្តែ​អ្នក​ជួយសង្គ្រោះ​និង​ឧបករណ៍​ធុន​ធ្ងន់​គឺ​ត្រូវការ​ជា​ចាំបាច់​នៅ​កន្លែង​ផ្សេងទៀត​ដូច្នេះ​យើង​បាន​សម្រេចចិត្ត​ផ្លាស់ប្តូរ​ប្រតិបត្តិការ​ទៅ​ទីតាំង​ផ្សេង៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu