Ad Code

ក្រសួង​ចំនួន​ពីរ ​បង្កើត​កម្មវិធីសិក្សា​ជំនាញ​តាម​ប្រព័ន្ធ​អន​ឡាញ​ដើម្បី​ជួយ​ដល់​យុវជន​ ដែល​បោះបង់​ការសិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ



ភ្នំពេញ​ ៖ ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​សហការ​ជាមួយ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោម​ជំនួយ​ឧបត្ថម្ភ​បច្ចេកទេស ​និង​ថវិកា​ពី​អង្គការ​យូណេស្កូ ​និង​ក្រុមហ៊ុន​ស្មា​ត ​បាន​បង្កើត​កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​ដើម្បី​ផ្តល់​ការអប់រំ​និង​បណ្តុះបណ្តាល​មុខជំនាញ​ផ្សេងៗ​ដល់​យុវជន​ដែល​បោះបង់​ការសិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ​ទទួលបាន​ជំនាញ​និង​បំណិន​ជីវិត។

ថ្លែង​នៅក្នុង​ពិធី​ដាក់​ឲ្យ​អនុវត្ត​សាកល្បង​គម្រោង​កម្មវិធី​សមមូល​អប់រំ​កំរិត​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃទី​៨​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ភ្នំពេញ លោក ចឹក លីម អគ្គនាយករង​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បា ន​មានប្រសាសន៍ថា​ គម្រោង​កម្ម​វិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​នេះ​ គឺ​តម្រូវ​ឲ្យ​យុវជន​សិក្សា​តាមរយៈ​ថេប​ប្លែក​ដែល​មាន​បញ្ចូល​កម្មវិធីសិក្សា​រួចជាស្រេច​ដែល​មាន​មុខវិជ្ជា​ចំនួន​១១​ក្នុង​នោះ​មានមុខ​វិជ្ជា​គោល​សំខាន់​ពីរ​គឺ​គណិតវិទ្យា​កម្រិត​ទី​១​ និង​ភាសា​ខ្មែរ​ដោយ​រៀន​មិន​កំណត់​ម៉ោង​និង​ពេលវេលា​នោះទេ​គឺ​អាស្រ័យទៅលើ​សិស្ស​ម្នាក់ៗ​ប៉ុណ្ណោះ​។​

លោក​បាន​បន្តទៀតថា ​ក្រៅពីនេះ​យុវជន​អាច​សិក្សា​ទៅលើ​មុខវិជ្ជា​ឯកទេស​មួយចំនួនទៀត​ផងដែរ​ដូចជា​ទេស ចរណ៍ សហគ្រិនភាព ភាសា​អង់គ្លេស​និង​បច្ចេកវិទ្យា​ព័ត៌មាន​។​បន្ទាប់មក​យុវជន​ក៏​អាច​បន្ត​ការសិក្សា​មុខវិជ្ជា​រូបវិទ្យា គីមីវិទ្យា គណិតវិទ្យា​កំរិត​ទី​២ និង​មុខវិជ្ជា​ទាក់ទិន​នឹង​ឥរិយាបថ​នៅ​ក្រសួង​ការងារ​ផងដែរ​។​

តែ​យ៉ាងណាក៏ដោយ​លោក​បាន​ឲ្យ​ដឹង​ទៀតថា​ កម្មវិធី​នេះ​ទាមទារ​ឲ្យ​សិស្ស​ធ្វើតេស្ត​ប្រឡង​ជាមុនសិន​មុននឹង​ទទួលបាន​សញ្ញាបត្រ​កំរិត​ថ្នាក់​ទី​៩។

លោក ចឹក លីម បាន​អំពាវនាវ​ឲ្យ​យុវជន​ដែល​បោះបង់​ការសិក្សា​ ដែល​មាន​បំណង​ចង់​ចូលរួម​ការសិក្សា​នៅក្នុង​កម្មវិធី​នេះ​អាចមក​ចុះឈ្មោះ​ដោយ​ឥតគិតថ្លៃ​នៅ​មជ្ឈមណ្ឌល​យុវជន​ជាតិ​សម្រាប់​ខេត្តសៀមរាប​និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​សម្រាប់​ភ្នំពេញ។

លោក​សាន់​តូ​ស​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​កម្មវិធី​នេះ​ព្រោះថា ​នឹង​ជួយ​ឲ្យ​យុវជន​ដែល​បោះបង់​ការសិក្សា​អាច​ទទួល​បាន​នូវ​ឱកាស​ការសិក្សា​បន្ត​នៅ​កម្រិត​វិទ្យាល័យ​ក៏ដូចជា​សិក្សា​ជំនាញ​ផ្សេងៗ​ដើម្បី​ទទួល​បាន​ចំណេះដឹង ឥរិយាបថ​និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​មានការ​ងារ​ធ្វើ​នៅពេល​រៀន​ចប់។
លោក ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​មានប្រសាសន៍ថា​កម្មវិធី​នេះ​គឺជា​ការផ្តល់​ឱកាស​លើក​ទី​២​ដល់​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​សម្រាប់​បន្ត​ការសិក្សា​ហើយ​អាច​បន្តទៅ​ថ្នាក់​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ ​ដែល​នឹង​ជួយ​ពួកគេ​ក្នុង​ការ​បង្កើន​សមត្ថភាព​ក៏ដូចជា​ប្រាក់ចំណូល។

លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​អគ្គនាយកដ្ឋាន​យុវជន​ត្រូវ​សហការ​ជាមួយ​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​អង្គការ​យូណេស្កូ​ និង​ក្រុមហ៊ុន​ស្មា​ត​ឲ្យ​បាន​ល្អ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​និង​ឱកាស​ជាថ្មី​កាន់តែ​សម្បូរ​បែប​ដែលជា​តម្រូវការ​របស់​យុវជន​ក្រៅ​សាលា​នៅ​ទូទាំងប្រទេស​បន្ថែម​ទៅលើ​ឱកាស​ដែលមាន​ស្រាប់។

គួរ​បញ្ជាក់ថា​កម្មវិធី​សមមូល​អប់រំ​កំរិត​មូលដ្ឋាន​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ពេលនេះ​រហូតដល់​ឆ្នាំ​២០១៩​ខាងមុខនេះ​ដែល​ជំហាន​ដំបូង​អនុវត្ត​នៅ​ខេត្តសៀមរាប​និង​ភ្នំពេញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu