ម្ចាស់ភាគហ៊ុនធំរបស់ក្លិប Arsenal លោក Stan Kroenke កាលពីថ្ងៃអង្គារបានប្រកាសសុំធ្វើជាម្ចាស់ពេញសិទ្ធិនៃក្លិបក្នុងក្របខណ្ឌ Premier League មួយនេះនៅក្នុងកិច្ចសន្យាមួយដែលមានតម្លៃ១.៨ពាន់លានផោន (២.៣ពាន់លានដុល្លារអាមេរិក) ។
យោងតាមសេចក្តីថ្លែងការណ៍មួយទៅកាន់ផ្សារហ៊ុនទីក្រុងឡុងដ៍បានឲ្យដឹងថា មហាសេដ្ឋីជនជាតិអាមេរិករូបនេះដែលមានកម្មសិទ្ធិ៦៧ភាគរយរួចទៅហើយនៅក្នុងក្លិបនេះតាមរយៈក្រុមហ៊ុន Kroenke Sports and Entertainment (KSE) របស់គាត់គឺបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយមហាសេដ្ឋីរុស្ស៊ី Alisher Usmanov សម្រាប់ការលក់ភាគហ៊ុន៣០ភាគរយរបស់គាត់។
សេចក្តីថ្លែងការណ៍បាននិយាយថា “KSE ជឿជាក់ថា ការផ្លាស់ប្តូរទៅជាកម្មសិទ្ធិឯកជននឹងនាំមកនូវអត្ថប្រយោជន៍ដែលម្ចាស់តែមួយអាចធ្វើសកម្មភាពបានឆាប់រហ័សក្នុងការបន្តយុទ្ធសាស្ត្រនិងមហិច្ឆតារបស់ក្លិប។ KSE ប្តេជ្ញាធ្វើជាម្ចាស់យូរអង្វែងរបស់ក្លឹបនេះ”។
ប៉ុន្តែក្រុមអ្នកគាំទ្រក្លិប Arsenal (AST) បាននិយាយថា វាជាថ្ងៃដ៏គួរឲ្យភ័យខ្លាចមួយសម្រាប់ក្លិប។ ពួកគេបន្ថែមថា វាក៏ជារឿងសំខាន់ផងដែរក្នុងការត្រូវបានគ្រប់គ្រងដោយមនុស្សតែម្នាក់។
លោក Kroenke ដែលជាម្ចាស់ក្លិប Los Angeles Rams ក្នុងក្របខណ្ឌ NFL បានក្លាយជាផ្នែកនៃម្ចាស់ក្លិប Arsenal ចាប់តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយបានបង្កើនភាគហ៊ុនរបស់គាត់នៅក្លិប។
លោក Usmanov ដែលមានដើមកំណើតនៅប្រទេសអ៊ូបេគីស្ថានបានធ្វើការប៉ុនប៉ងបរាជ័យកាលពីលើកមុនក្នុងការគ្រប់គ្រងក្លិបមួយនេះ។
ស្ថិតក្រោមច្បាប់គ្រប់គ្រង ប្រសិនបើលោក Usmanov ទទួលយកសំណើនេះ វានឹងធ្វើឲ្យមានការលក់ភាគហ៊ុនដែលនៅសេសសល់ដែលភាគច្រើននៅសល់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនិងដាក់ឲ្យក្លិបនេះស្ថិតនៅក្រោមការត្រួតពិនិត្យជាលក្ខណៈឯកជនរបស់លោក Kroenke ។
ព័ត៌មានលម្អិតបន្ថែមទៀតស្តីពីការផ្តល់ជូនសាច់ប្រាក់ទាំងអស់នឹងត្រូវបានផ្សព្វផ្សាយដោយ KSE នៅថ្ងៃអង្គារ។
គួរបញ្ជាក់ថា ក្លិប Arsenal ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៦កាលពីរដូវកាលមុននឹងត្រូវចាប់ផ្តើមយុទ្ធនាការ Premier League រដូវកាល ២០១៨-១៩ របស់ពួកគេដោយត្រូវទទួលភ្ញៀវ Manchester City នៅថ្ងៃអាទិត្យក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Unai Emery៕ AFP
Source: Kampuchea Thmey Daily
0 Comments