ភ្នំពេញ ៖ កាលពីព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបើកសវនការជំនុំជម្រះលើសំណុំរឿងលេខ០០១ ដែលពាក់ព័ន្ធនឹងយុទ្ធនាការម្រាមដៃស្អាត នៅខេត្តបាត់ដំបង ហើយនៅម៉ោង៣ រសៀល ថ្ងៃដដែលនេះ ជំនុំជម្រះបានសម្រេចតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ទុកជាបានការដដែល តែមានការកែប្រែខ្លះ គឺ២នាក់ សម្រេចពិន័យ៥លានរៀល ហើយ២នាក់ បានរួចខ្លួន និងបើកឲ្យមានការប្តឹងជំទាស់តាមកំណត់ច្បាប់។
សវនាការនេះ បានធ្វើឡើងនៅសាលប្រជុំ គ.ជ.ប ហើយក្រុមប្រឹក្សាជំនុំជម្រះរួមមាន ទី១, លោក ស៊ិក ប៊ុនហុក ប្រធាន ទី២, លោក នុត សុខុម ជាសមាជិក ទី៣, លោក មាន សទិ ជាសមាជិក ទី៤, លោក ឌឹម សុវណ្ណារុំ ជាសមាជិក ទី៥, លោក ឌុច សុន ជាសមាជិក ទី៦, លោក ហ៊ីង ធីប្ញទ្ធិ ជាសមាជិក ទី៧, លោក ឯម សូផាត ជាសមាជិក ទី៨, លោក ហ៊ែល សារ៉ាត់ ជាសមាជិក និងទី៩, លោក ហង្ស ពុទ្ធា ជាសមាជិក។ ក្នុងនោះមានការចូលរួមពីមេធាវីតំណាងដើមបណ្តឹង និងមេធាវីតំណាងចុងចម្លើយផងដែរ។
សូមបញ្ជាក់ថា បុគ្គលទាំង៥រូប ដែលរងនូវការប្តឹងនេះរួមមានឈ្មោះ ជា ជីវ, ថោង សារឿន, ម៉ាង ឈុន, ពៅ តាំង និង គ្រុយ គឹមសាំង។ បុគ្គលទាំង៥នាក់ ត្រូវបានគណៈកម្មការបោះឆ្នោតខេត្តបាត់ដំបង សម្រេចពិន័យក្នុងម្នាក់ៗ១០លានរៀល ប៉ុន្តែអ្នកទាំង៥ មិនទទួលយក ហើយបានប្តឹងបន្តមក គ.ជ.ប៕
Source: Kampuchea Thmey Daily
0 Comments