Ad Code

អប់រំ​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​បង្កើន​ការ​យល់ដឹង​និង​ក្តី​ស្រឡាញ់​របស់​យុវជន​ចំពោះ​មរតក​វប្បធម៌​ជាតិ​កាន់តែខ្លាំង



សៀមរាប ​៖ ​ក្នុង​ដំណើរការ​អស់​រយៈពេល​៣​ខែ​កន្លង​មក​នេះ កម្មវិធី​អប់រំ​យុវជន​បេតិកភណ្ឌ​អង្គរ ក្រោម​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយនឹង​អង្គការ​គាំពារ​កេរ្តិ៍មរតក មជ្ឈមណ្ឌល​យុវជន​ជាតិ​កម្ពុជា និង​វិស័យ​ឯកជន បាន​ផ្លាស់​ប្តូរ​ឥរិយាបថ ផ្នត់គំនិត ក្តី​ស្រឡាញ់​ដល់​យុវជន​ស្ម័គ្រចិត្ត​ក្នុង​វិស័យនេះ​គួរ​ឲ្យ​កត់សម្គាល់។

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រាសាទ​បាតជុំ នា​ថ្ងៃទី​០៦ សីហា ២០១៨ ដើម្បី​រៀន​អំពី​ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ​និង​របៀប​នៃ​ការ​គូស​ប្លង់​បាត​ប្រាសាទ លោក អ៊ុក សុធា នាយក​មជ្ឈមណ្ឌល​យុវជន​ជាតិ​កម្ពុជា​របស់​ក្រសួង​អប់រំ យុ​ជន និង​កីឡា បាន​លើក​ឡើង​ថា ការងារ​អប់រំ​បេតិកភណ្ឌ​ជា​ផ្នែក​មួយ​ដែល​ក្រសួង​បាន​យកចិត្តទុកដាក់​ដល់​ក្មេងៗ ពិសេស​នៅ​ខេត្តសៀមរាប​ដែលជា​តំបន់​ទេសចរណ៍​សម្បូរ​ប្រាង្គ​ប្រាសាទ​។ គោលដៅ​គឺ​ដើម្បី​តម្រង់​ទិស​សិក្សា​និង​ផ្តល់​ចំណេះដឹង​បេតិកភណ្ឌ​វប្បធម៌​ដល់​ពួកគេ ឲ្យ​យល់ដឹង​ពី​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ឲ្យ​ចូល​រួម និង​យក​ចំណេះដឹង​ទៅ​បម្រើ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​នា​អនាគត​។ តាម​ការសង្កេត​របស់​លោក​កន្លងមក ការអប់រំ​នេះ​បាន​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ក្មេងៗ​ពី​ការ​មិនដឹង​អ្វី​ទាំងអស់ មក​ជា​ដឹង ហើយ​ស្រឡាញ់ ចូលចិត្ត និង​លះបង់​ពេលវេលា​ដើម្បី​ចូលរួម ទោះបី​ជិត​ឆ្ងាយ និង​មានការ​ជំរុញ​ពី​មាតាបិតា​ពួកគេ​ជាខ្លាំង​ផងដែរ​។



លោក ខៀវ ច័ន្ទ គ្រូឧទ្ទេស​នៃ​គម្រោង​អប់រំ​បេតិកភណ្ឌ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា នៅក្នុង​ខែ​ទី​៣​នេះ យើង​បាន​បង្រៀន​យុវ​សិស្ស​ស្ម័គ្រចិត្ត​អំពី​ទ្រឹស្តី​និង​ការអនុវត្ត​ជាក់ស្តែង​លើ​ការចុះបញ្ជី​សារពើ​ភណ្ឌ​វត្ថុ​បុរាណ​និង​របៀប​នៃ​ការ​គូស​ប្លង់​បាត​ប្រាសាទ​។ កិច្ចការ​នេះ ធ្វើឡើង​ដើម្បី​បង្កើន​ចំណេះដឹង​ក្នុង​ការ​សង្កេត ការ​គូស​ប្លង់ កត់ត្រា​របាយការណ៍​យ៉ាង​លម្អិត​ទៅលើ​អ្វី​ដែល​ពួកគេ​បានឃើញ និង​ចេះ​ពី​របៀប​វាស់វែង​ប្រាសាទ​ឲ្យ​បាន​ច្បាស់លាស់ ជា​ជំនួយ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​បានល្អ​ប្រសើរ​។ យុវជន ម៉ម ម៉ាច ជា​សិស្ស​ថ្នាក់​ទី​១១A នៃ​វិទ្យាល័យ​នគរធំ បាន​ចាប់អារម្មណ៍​ថា ក្រោយ​ចូល​ជា​យុវជន​បេតិកភណ្ឌ គឺ​ខ្លួន​បាន​យល់ដឹង​ច្រើន​មរតក​វប្បធម៌​ជាតិ ពិសេស​ការស្រាវជ្រាវ​ដោយផ្ទាល់​នៅតាម​ភូមិសាស្ត្រ មាន​ប្រាសាទបន្ទាយក្តី​និង​ឡ​តានី​។

ក្រៅពីនោះ​ក៏​ចេះ​ពី​របៀប​សាកសួរ​ព័ត៌មាន​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ការ​ចងក្រង​ព័ត៌មាន និង​បាន​យល់ដឹង​ច្បាស់​ពី​ពិធីបុណ្យ​និង​ប្រវត្តិសាស្ត្រ​នៃ​ប្រាសាទ​ដែល​ធ្លាប់​ដឹង​ពីមុន​មិនសូវ​ច្បាស់​។



យុវតី គឹម នឹង មកពី​វិទ្យាល័យ​នគរធំ​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ចូល​ជា​យុវជន​បេតិកភណ្ឌ គឺ​ព្រោះ​ចង់​យល់ដឹង​ពី​សម្បត្តិ​ដូនតា​និង​ពិធី​ផ្សេងៗ​ដែល​នៅ​សេសសល់​ក្នុង​តំបន់​អង្គរ ហើយក៏​ចង់​ចេះ​ចង់​ដឹង​ខ្លួនឯង​ផង​។ ក្នុងការ​សិក្សា​នេះ គឺមាន​ការ​លំបាក​បន្តិច​ពេល​រៀន​ទ្រឹស្តី វា​ស្មុគស្មាញ តែ​ពេល​អនុវត្ត​មិនជា​លំបាក​ទេ​។ បើ​ប្រៀបធៀប​កាលពីមុន​និង​ក្រោយពេល​ចូល​ជា​យុវជន​បេតិកភណ្ឌ គឺ​ប្លែក​ជា​ខ្លាំង​សម្រាប់​ប្អូន ព្រោះ​កាលពី​មុន​ពេល​ចូល​ប្រាសាទ គឺ​មិនដឹង​មើល​អ្វី​ឡើយ ហើយក៏​មិន​ស្គាល់​ថា វ​ត្ថុ​នៅក្នុង​ប្រាសាទ​គេ​ធ្វើ​តំណាង​ឲ្យ​អ្វី ហើយ​ពេល​ក្នុងភូមិ​ស្រុក​ធ្វើ​ពិធីបុណ្យ​អ្វីមួយ​ក៏​សូវ​ចាប់អារម្មណ៍​ដែរ តែ​ពេលនេះ​ទាំង​ពេល​ចូល​ប្រាសាទ​និង​មាន​ពិធីបុណ្យ​ក្នុងភូមិ គឺ​តែងតែ​ចាប់អារម្មណ៍​ថា​ មាន​អ្វី​ដែល​សំខាន់ គេ​ធ្វើ​ដើម្បី​អ្វី មាន​តាំងពី​ពេលណា វា​សំខាន់​បែប​ម៉េច​ក្នុង​ការ​រស់នៅ​និង​មនុស្សជាតិ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu