Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​កីឡាករ​កីឡាការិនី​កម្ពុជា​ ត្រូវ​គោរព​វិធាន​នៃ​ការប្រកួត



ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅតែ​បន្ត​ការណែនាំ​ទៅដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដាច់ខាត​ មិន​ត្រូវ​បំពាន​វិធាន​ហាមឃាត់​ក្នុងពេល​ប្រកួត​និង​មិនត្រូវ​ប្រើ​ប្រាស់​សារធាតុ​លើក​កម្លាំង​ក្នុង​ពេល​ចូលរួម​ប្រកួត​ឡើយ​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​កីឡាករ កីឡាការិនី​បែបនេះ​នៅក្នុង​ពិធី​ជួប​សំណេះ សំ​ណា​ល​ជាមួយ​អត្ត​ព​លិ​ក កីឡាករ​-​កីឡាការិនី គ្រូ​បង្វឹក រួម​នឹង​ប្រតិភូ​កីឡា​ចំនួន ៧១ នាក់ នៅ​វិមាន​សន្តិភាព​នា​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ មុននឹង​ពួកគេ​ចេញទៅ​ចូលរួម​ប្រកួត​កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។



​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តាំ​ដល់​កីឡាករ​-​កីឡាការិនី​កម្ពុជា​ថា ​លទ្ធផល​ចាញ់​-​ឈ្នះ​យ៉ាងណា​នោះ​ គឺជា​រឿង​ធម្មតា​ទេ​សម្រាប់​ការប្រកួត​កីឡា​។ សម្ដេច​បាន​លើកទឹកចិត្ត​និង​សំណូមពរ ២​ចំណុច​ទៅកាន់​កីឡាករ​-​កីឡាការិនី​កម្ពុជា​គឺ​ដាច់ខាត​មិន​ត្រូវ​បំពាន​វិធាន​ហាមឃាត់​ក្នុងពេល​ប្រកួត និង មិនត្រូវ​ប្រើប្រាស់​សារធាតុ​លើក​កម្លាំង​ក្នុង​ពេល​ចូលរួម​ប្រកួត​ឡើយ​។



សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា «​បើ​ទោះបី​ជា​មិនបាន​មេដាយ​អ្វី​ក៏​ដោយ​ចុះ តែ​យើង​នៅតែ​ជា​កីឡាករ​ថ្លៃថ្នូរ ​តែបើ​បាន​មក​ដោយ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​មិនមែន​ជា​មោទនភាព​ស​ម្រាប់ ជាតិ​កម្ពុ​ជាមួយនេះ​ទេ​»​។

ជា​មួយ​គ្នា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​ជា អនុសាសន៍​គន្លឹះ​ដល់​សហព័ន្ធ​កីឡា​ទាំងអស់​កុំ​ឲ្យ​ព្យាយាម​ទម្លាក់​ទម្ងន់​របស់​កីឡាករ ដើម្បី​បាន​ចូលរួម​ប្រកួត​។ សម្តេច​បាន​លើក​ឡើង​នូវ​បទ​ពិ​សោធន៍​ផ្ទាល់​របស់​សម្តេច​ថា សម្តេច​បានធ្វើ​ការបញ្ចុះ​ទម្ងន់​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ តែ​មិនសូវ​បាន​ផល​វិជ្ជមាន​នោះ​ឡើយ ដូច្នេះហើយ​ទើប​សម្ដេច​បាន​ដាស់តឿន​ដល់​គ្រូ​បង្វឹក ក៏ដូចជា​សហព័ន្ធ​កីឡា​ទាំងអស់ ត្រូវ​ពិចារណា​លើ​បញ្ហា​បញ្ចុះទម្ងន់​កីឡាករ​-​កីឡាការិនី​ឡើងវិញ​។ មិនអាច​ហេតុតែ​ចង់​ឲ្យ​ទម្ងន់​កីឡាករ​របស់ខ្លួន​ស្មើនឹង​ទម្ងន់​កីឡាករ​គេ ហើយ​មក​ប្រើ​ថ្នាំ​បញ្ចុះទម្ងន់​កីឡាករ​ខ្លួនឯង​នោះ​ទេ ពីព្រោះ​អាច​ធ្វើ​កីឡាករ​កម្ពុជា​ចាញ់​កម្លាំង​កីឡាករ​បរទេស​ក្នុង​ពេល​ប្រកួត ឬ ប៉ះពាល់​ដល់​សុខភាព​ថែម​ទៀតផង​។



សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ខ្ញុំ​សុំ​ដាស់តឿន​ទាំង​គ្រូបង្ហាត់​ទាំងគ្រប់​សហព័ន្ធ ៖​ការបញ្ចុះ​គីឡូ​កីឡាករ​-​កីឡាការិនី ដើម្បី​ឲ្យ​ស្មើ​គីឡូ​ជាមួយ​គេ (​កីឡាករ​បរទេស​) ដែល សន សៀវ​ម៉ី ធ្លាប់​បាន​បញ្ចុះ​គីឡូ​ម្ដង​រួចហើយ​ទៅ​ប្រកួត​។ សូម​ឲ្យ​ប្រយ័ត្នប្រយែង​លើ​បញ្ហា​ការ​ទម្លាក់​គីឡូ​ដែល​ធ្វើ​ឲ្យ បាត់​បង់​សមត្ថភាព​ប្រកួត​របស់​កីឡាករ​-​កីឡាការិនី​របស់​យើង​»​។

ជាមួយគ្នា​នោះ​ សម្ដេច​ក៏បាន​ណែនាំ​ឲ្យ​គ្រូបង្វឹក​ក៏ដូចជា​កីឡាករ​-​កីឡាការិនី​ខ្លួនឯង​គប្បី​រិះរក​វិធី​ណាមួយ​ដើម្បី​ឲ្យ​ទម្ងន់​របស់ខ្លួន​ស្មើ​ជាមួយ​កីឡាករ​បរទេស​ដោយ​មិន​ធ្វើតាម​ការបញ្ចុះ​ទម្ងន់​ភ្លាមៗ គួរតែ​ប្រើ​វិធី​បញ្ចុះ​ក្នុង​រយៈពេល​ណាមួយ ហើយ​ហាត់ប្រាណ​ទប់ទល់​ឡើងវិញ​ ទើប​ជា​ការ​ល្អ រីឯ​ការប្រើប្រាស់​ថ្នាំ​បញ្ចុះទម្ងន់ គឺ​មិនល្អ​នោះឡើយ​។



​បើ​យោងតាម​លោក ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រតិភូ​កីឡា​កម្ពុ​ជា​មាន​ចំនួន​៧១នាក់ ​ដែល​រួមមាន​ទាំង​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ដែល​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​សម្រិតសម្រាំង​ត្រៀម​បញ្ជូនទៅ​ប្រកួត​កីឡា​អាស៊ី ហ្គេម Asian Games លើក​ទី​១៨ នៅ​ឥណ្ឌូនេស៊ី​ចាប់ពី​ថ្ងៃទី​១៨ ខែសីហា រហូតដល់​ថ្ងៃទី​០២ ខែកញ្ញា​ខាងមុខ​។

ប្រភេទ​កីឡា​ដែល​កម្ពុជា​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​លើក​នេះ​មាន ១៣ ប្រភេទ​កីឡា​មាន​ដូច​ជា​កីឡា អត្តពលកម្ម ហែល​ទឹក តេ​ក្វាន់​ដូ យូ​ដូ ចំបាប់ គុន​ដាវ ម៉ូតូ​ទឹក ជឺ​ជិត​ស៊ូ សូ​ហ្វ​តេ​ន្នី​ស កាយសម្ព័ន្ធ ទូក​កា​នូ កា​រ៉ា​តេ​ដូ និង​កីឡា​ទូកក្ដោង​។

នៅក្នុង​ពិធី​នោះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​ធ្វើការ​ឧបត្ថម្ភ​ថវិកា​ដល់​ប្រតិភូ​កីឡា​ទាំង ៧១ នាក់ ដោយ​ម្នាក់​ទទួល​បាន​ថវិកា ៥០០ ដុល្លារ៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu