យន្តហោះទម្លាក់គ្រាប់បែករបស់ចិនទំនងជាកំពុងហ្វឹកហ្វឺនសម្រាប់ការវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងគោលដៅសម្ព័ន្ធមិត្តនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់មន្ទីរបញ្ចកោណ។
របាយការណ៍ប្រចាំឆ្នាំទៅកាន់សភាដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីកំណើនអំណាចយោធា សេដ្ឋកិច្ចនិងការទូតរបស់ប្រទេសចិននិងរបៀបដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងប្រើវិធីនេះដើម្បីបង្កើនការបោះជំហានអន្ដរជាតិនិងបង្កើតភាពលេចធ្លោក្នុងតំបន់។
ក្នុងករណីនៃអំណាចអាកាសរបស់ចិន របាយការណ៍នេះបានបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែករបស់ចិនកំពុងអភិវឌ្ឍសមត្ថភាពដើម្បីវាយប្រហារគោលដៅនៅឆ្ងាយពីប្រទេសចិនតាមដែលអាចធ្វើទៅបាន។
ឯកសារនេះបានកត់សម្គាល់ថា “ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ កងទ័ពរំដោះប្រជាជនចិន (PLA) បានពង្រីកតំបន់ប្រតិបត្តិការហោះហើររបស់ខ្លួនយ៉ាងឆាប់រហ័សដោយទទួលបានបទពិសោធន៏នៅក្នុងតំបន់ដែនទឹកសំខាន់ៗនិងទំនងជាកំពុងហ្វឹកហ្វឺនការវាយប្រហារប្រឆាំងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត”។
កាលពីខែសីហាឆ្នាំ២០១៧ យន្តហោះទម្លាក់គ្រាប់បែក H-6K របស់ចិនចំនួន៦គ្រឿងបានហោះហើរឆ្លងកាត់ដៃសមុទ្រ Miyako នៅភាគនិរតីកោះជប៉ុនហើយបន្ទាប់មកបានបត់ទៅទិសខាងជើងជាលើកដំបូងដើម្បីហោះហើរទៅភាគខាងកើតកោះអូគីណាវ៉ាដែលជាកន្លែងមានកងទ័ពអាមេរិកឈរជើងចំនួន៤៧,០០០នាក់។
របាយការណ៍នេះបានឲ្យដឹងថា PLA អាចបង្ហាញពីសមត្ថភាពវាយប្រហារអាមេរិកនិងសម្ព័ន្ធមិត្តព្រមទាំងមូលដ្ឋានយោធានៅភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិករួមទាំងកោះ Guam ផងដែរ។
ប្រទេសចិនបានពាក់ព័ន្ធនៅក្នុងការកសាងនិងធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយហើយមេដឹកនាំយោធាបានកំណត់គោលដៅនៃការដាក់យោធាឲ្យឈានដល់កម្រិតពិភពលោកនៅត្រឹមឆ្នាំ២០៥០។
កាលពីឆ្នាំមុន លោកប្រធានាធិបតី Xi Jinping បានបញ្ជាឲ្យ PLA បង្កើនកិច្ចខិតខំប្រឹងប្រែងដោយនិយាយថា ប្រទេសចិនចង់ឲ្យយោធាត្រៀមខ្លួនដើម្បីប្រយុទ្ធនិងឈ្នះសង្គ្រាម៕ AFP
Source: Kampuchea Thmey Daily
0 Comments