Ad Code

នាយករដ្ឋមន្ត្រី​បី​ដង​របស់​ឥណ្ឌា​លោក Vajpayee បាន​ទទួល​មរណភាព​ក្នុង​អាយុ​៩៣​ឆ្នាំ



នាយករដ្ឋមន្ត្រី​ឥណ្ឌា​បី​ដង​លោក Atal Bihari Vajpayee បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ហេតុ​នាំ​ឲ្យ​មានការ​ឧទ្ទិស​បួងសួង​ពី​សំណាក់​អ្នកនយោបាយ​ទូទាំង​ប្រទេស​ ខណៈ​មេដឹកនាំ​បច្ចុប្បន្ន​លោក Narendra Modi បាន​កាន់ទុក្ខ​ចំពោះ “​ការបាត់បង់​ដែល​មិនអាច​កាត់ថ្លៃ​បាន​” នៃ​រដ្ឋបុរស​គួរ​ជាទីគោរព។

បុរស​វ័យ​៩៣​ឆ្នាំ​រូបនេះ​បាន​ប្រយុទ្ធ​ជាមួយនឹង​សុខភាព​មិនល្អ​ជាច្រើន​ឆ្នាំ​មកហើយ​ប៉ុន្តែ​ស្ថានភាព​របស់គាត់​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

លោក Modi បាន​និយាយ​នៅក្នុង​ការ​បង្ហោះ Twitter មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ការស្លាប់​របស់លោក Atal Ji គឺជា​ការបាត់បង់​ផ្ទាល់ខ្លួន​និង​មិនអាច​ទទួលយកបាន​សម្រាប់​ខ្ញុំ។ លោក Atal Ji គឺជា​អ្នកដឹកនាំ​គំរូ​ដ៏​ល្អ​ដែល​បាន​បង្កើត​មូលដ្ឋានគ្រឹះ​សម្រាប់​ប្រទេស​ឥណ្ឌា​ដ៏​រឹងមាំ វិបុលភាព​និង​ការបញ្ចូល​គ្នា​នៅក្នុង​សតវត្សរ៍​ទី​២១”​។​

លោក Vajpayee ត្រូវ​បានទទួល​ការព្យាបាល​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​ឥណ្ឌា (AIIMS) ក្នុង​ទីក្រុង Delhi ។​

AIIMS បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ជា​អកុសល ស្ថានភាព​របស់គាត់​បា​ន​ធ្លាក់​ដុនដាប​ក្នុង​រយៈពេល​៣៦​ម៉ោង​ចុងក្រោយ​ហើយ​គាត់​ត្រូវបាន​គេ​ដាក់​ជាមួយ​ប្រព័ន្ធ​គាំទ្រ​ជីវិត​។ យើង​បាន​ចូលរួម​ជាមួយ​ប្រជាជាតិ​ក្នុងការ​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ដ៏​ធំ​នេះ​”​។​

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ សព​របស់គាត់​ត្រូវបាន​គេ​ផ្ទេរ​ទៅ​លំនៅដ្ឋាន​របស់គាត់​ក្នុង​ទីក្រុង Delhi ។ លោក Amit Shah ប្រធាន​គណបក្ស Bharatiya Janata Party (BJP) បាន​និយាយថា លោក Vajpayee នឹងត្រូវ​បូជា​នៅ​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋធានី​ឥណ្ឌា​។​

គួរ​បញ្ជាក់ថា អតីត​អ្នកកាសែត​និង​កវី​ដែល​ប្រែ​ក្លាយទៅជា​អ្នកនយោបាយ​រូបនេះ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​មួយចំនួន​នៅ​ខាងក្នុង​សភា​នៅពេលដែល​នាយករដ្ឋមន្ត្រី​ដំបូង​របស់​ប្រទេស​ឥណ្ឌា​គឺ​លោក Jawaharlal Nehru នៅតែ​កាន់តំណែង​។​
​អាជីព​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​របស់គាត់​បា​ន​ឈានដល់​ចំណុចកំពូល​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​នៅពេល​ការ​ថ្លែង​សុន្ទរកថា​យ៉ាង​ប៉ិនប្រសប់​របស់គាត់​បាន​ទាក់ទាញ​មនុស្ស​រាប់ម៉ឺន​នាក់​ឲ្យ​ប្រមូលផ្តុំ​គ្នា​នៅ​ទូទាំងប្រទេស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu