ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដោយសារធ្លាប់ស្គាល់គ្នាជាមួយម្ចាស់ម៉ូតូ បានប្រើល្បិចឆបោកម៉ូតូគេ១គ្រឿង ដោយកុហកថា ទៅដឹកប្រពន្ធមួយភ្លែត ហើយបានជិះគេចខ្លួនបានបាត់រហូតអស់រយៈពេលជិតពីរខែ ទើបម្ចាស់ម៉ូតូជួបដោយចៃដន្យដេញចាប់ប្រគល់ឲ្យនគរបាលចាត់ការបន្ដ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះ ឈ្មោះស៊ាន ភារម្យ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅអចិន្ត្រៃយ៍ក្នុងភូមិដូនវាល ឃុំក្ដឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង និង ស្នាក់នៅបណ្ដោះអាសន្នក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បានធ្វើសកម្មភាពឆបោកយកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពាក់ស្លាកលេខព្រៃវែង1H-4305 ជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះប៉ុន រ៉ានីអាយុ២៧ឆ្នាំ មុខរបររត់ឌុបស្នាក់នៅជិតវត្តតាំងកសាងភូមិចំការឪឡឹកសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារជាមនុស្សធ្លាប់ស្គាល់គ្នាទើបកាលពីថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០១៨ ជនសង្ស័យបានធ្វើសកម្មភាពឆបោកយកម៉ូតូពីជនរងគ្រោះដោយប្រើល្បិចថា ខ្ចីម៉ូតូជិះទៅដឹកប្រពន្ធមួយភ្លែតរួចក៏ជិះយកទៅបាត់រហូតតែម្ដង មិនដឹងថា ទៅទីណាឡើយ ពេលនោះជនរងគ្រោះបានខលរកតែជនសង្ស័យបានបិទទូរស័ព្ទខលមិនចូលឡើយ បន្ទាប់មកបានដើររកគ្រប់ទីកន្លែង ប៉ុន្តែមិនបានឃើញឡើយ។
ជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងចោលនៅប៉ុស្ដិ៍ លុះមកដល់វេលាព្រឹកថ្ងៃទី៨ ខែសីហានេះ ទើបប្រទះឃើញជននេះនៅម្ដុំរោងចក្រកាត់ដេរសាន់ស្កាយ ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ក៏ដេញតាមចាប់ខ្លួនបានភ្លាមៗបានទាំងម៉ូតូនិងមនុស្សប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅ៣ ចាត់ការបន្តតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments