ភ្នំពេញ ៖ បើមិនមានការប្រែប្រួលទេនោះ វិមានឈ្នះ ឈ្នះគ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ។ នេះបើតាមគណៈកម្មការសាងសង់បានឲ្យដឹងនៅថ្ងៃអង្គារ១១រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ដែលបច្ចុប្បន្ននេះវិមានឈ្នះឈ្នះ បានកំពុងសាងសង់ផ្នែកតួបានជាង ៨០ភាគរយហើយ។
វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជា ហើយបាននឹងកំពុងសាងសង់នៅខណ្ឌជ្រោងចង្វា រាជធានីភ្នំពេញ គ្រោងនឹងសម្ពោធជាផ្លូវការចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធពិធីខួប ២០ឆ្នាំ នៃគោលនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨-២០១៨។
តាមការលើកឡើងរបស់គណៈកម្មការសាងសង់ រហូតមកដល់ពេលនេះ វិមានឈ្នះ ឈ្នះ បានដំណើរការសាងសង់ផ្នែកតួបានជាង ៨០ភាគរយហើយ។ វិមានឈ្នះ ឈ្នះ ដែលជានិមិត្តរូបនៃសុខសន្តិភាពរបស់កម្ពុជា បើមិនប្រែប្រួលទេនោះគ្រោងនឹងសម្ពោធជាផ្លូវការនៅចុង ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
លោកនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អនុប្រធានគណៈកម្មការសាងសង់បានមានប្រសាសន៍ថា រូបចម្លាក់សម្រាប់ដាក់តាំងនៅក្នុងវិមាននេះគឺបានឆ្លាក់រួចរាល់ហើយ។ នៅតាមជញ្ជាំងជាន់ផ្ទាល់ដី ជុំវិញបរិវេណវិមានឈ្នះឈ្នះ រូបចម្លាក់នេះទាក់ទងទៅនឹងប្រវត្តិ នៃដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តមួយចំនួនទៀតទៅកាន់ប្រទេសវៀតណាម ដើម្បីសង្គ្រោះជាតិកម្ពុជា។ ក្រៅពីនេះក៏មានរូបចម្លាក់ជាច្រើនទៀត ដែលនឹងត្រូវឆ្លាក់ដាក់នៅលើវិមានឈ្នះ ឈ្នះ ដូចជា រូបចម្លាក់ហង្ស រូបគ្រុឌ និង រូបដំរីក្បាលបី បន្ទាប់ពីរូបនាគ និងរូបតោ ត្រូវបានដាក់ជាបន្តបន្ទាប់នៅលើវិមានឈ្នះ ឈ្នះនេះ៕
Source: Kampuchea Thmey Daily
0 Comments