Ad Code

ទៀត​ហើយ! ណាក់ ស្រី​ណា ប្រកាស​បើកចំហ​លើ​ភាព​អាម៉ាស់​របស់​ផលិតកម្ម​មហាហង្ស​ជំពាក់​លុយ​ថ្លៃ​ថត​មិន​ព្រម​សង



ភ្នំពេញ​ ៖​ នេះ​ពុំ​មែន​ជា​ករណី​ថ្មី​ ដែល​ទើប​កើតមាន​ចំពោះ​តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង​កញ្ញា ណាក់ ស្រី​ណា​តែ​ម្នាក់​នោះទេ​ ខណៈ​កន្លងមក​តែង​មាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​មួយចំនួន​រួចមកហើយ ​ធ្លាប់​ទម្លាយ និង និយាយ​លើកឡើង​អំពី​ផល​លំបាក​ បន្ទាប់ពី​​​បញ្ចប់​ការ​ថត​សម្តែង​ភាពយន្ត​ តែងតែ​ត្រូវបាន​អ្នកដឹកនាំ​សម្តែង ឬ ផលិតករ​និង​ម្ចាស់​ផលិតកម្ម​ខ្លះ​មិន​ព្រម​ផ្តល់​សំណង​ថ្លៃ​កម្លាំង​ញើស​ឈាម​នៃ​ការ​ថត​រឿង។

ចំពោះ​ករណី​នេះ ​បច្ចុប្បន្ន​ឃើញថា​ កំពុង​បង្ក​ឲ្យ​មាន​ភាព​លំបាក​ និង​រិះគន់​ជា​សាធារណៈ​ពី​សំណាក់​សាមីខ្លួន។ ពិសេស​វា​ក៏​ជា​រឿង​ដ៏​អាម៉ាស់​ផង​ដែរ​សម្រាប់​ការ​ដាច់ចិត្ត​ទម្លាយ​ដោយ​ចំៗ​លើ​ភាគី​ម្ចាស់​ផលិតកម្ម​ឬ​បុគ្គល​ដែលមាន​ភាព​ពាក់ព័ន្ធ​លើ​រឿងរ៉ាវ​ទាំងនេះ។

ជាក់ស្តែង​តារា​ស្រី​កញ្ញា ណាក់ ស្រី​ណា ដោយសារ​អស់​ភាព​អត់ទ្រាំ​មុន​នេះ​ នាង​បាន​ប្រកាស​ដោយ​បើកចំហ​លើ​ករណី​ផលិតកម្ម​មហាហង្ស​ដែលមាន​លោក អ៊ិន សុ​ភិន ជា​ថៅកែ​កំពុងតែ​ជំពាក់​លុយ​ថ្លៃ​ថត​របស់​នាង​មាន​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ​នោះ។

ផ្អែក​តាម​ការ​សម្រង់​សម្តី​របស់​តារា​ស្រី​កញ្ញា ណាក់ ស្រី​ណា បាន​រៀបរាប់​ថា ​សូមកុំ​បំបាក់ទឹកចិត្ត​សិល្បករ​ខ្មែរ ហើយ​បង្វែរ​ទៅ​លើកស្ទួយ​គេ។ មរតក​ចុក​ឈាម គឺជា​រឿង​ដំបូង ដែល​ខ្ញុំ​ថត​ឲ្យ​ផលិតកម្ម​មហាហង្ស ដែលជា​ផលិតកម្ម​ដ៏​ល្បី​នៅ​កម្ពុជា​ពេលនោះ​ពួកយើង​បាន​បំពេញការងារ ដោយ​កម្លាំង​ញើស​ឈាម និង​ក៏បាន​ថត​ចប់​រួចរាល់ តាម​ការសន្យា​ជិត​មួយឆ្នាំ​ហើយ។

តារា​សម្តែង ណាក់ ស្រី​ណា បាន​បន្ថែមទៀតថា​ ប៉ុន្តែ​គិត​មកដល់ពេលនេះ​ស្ថានភាព​លុយកាក់​របស់ខ្ញុំ​គឺ​ស្ងប់ស្ងាត់​ខ្លាំងណាស់ ហាក់​គ្មាន​អ្នក​អើពើ​សោះ​។ ជា​ចុងក្រោយ​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹងមាន​ដំណោះស្រាយ​ល្អ​សម្រាប់​ខ្ញុំ និង​មិន​ឲ្យ​ខ្ញុំ​រង់ចាំ​យូរ​បន្តទៀត​។​ កញ្ញា ណាក់ ស្រី​ណា នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨​មិនអាច​សុំ​ការ​សួរនាំ​បន្ថែម​បានទេ​លើ​ករណី​មួយ​នេះ។

ដោយឡែក​លោក អ៊ិន សុ​ភិន ដែល​ត្រូវបាន​មហាជន​ស្គាល់​គ្រប់គ្នា​ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​កំពុង​មាន​ភាព​លេច​ធ្លោ​លើ​វិស័យ​ភាពយន្ត​ខ្មែរ​កម្ពុ​ជា​ ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ក៏​មិនអាច​ធ្វើការ​ទំនាក់ទំនង​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​រឿងរ៉ាវ​ដ៏​រសើប​ខាង​លើ​នេះ​បាន​នៅឡើយ​ដែរ៕

​        

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu