Ad Code

ឆ្លើយតប​នឹង​ការ​ស្នើរ​សុំ​របស់​ពលរដ្ឋ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ប្រជុំ​ដោះស្រាយ​លើ​វិធានការ​ទប់ស្កាត់​លើ​បញ្ហា​ផ្នូរ​សព​ និង​ម៉ុង​អានាធិបតេយ្យ​លើ​ភ្នំ​ស្វាយ



បន្ទាយមានជ័យ ៖ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៨ បាន​ប្រជុំ​ដោះស្រាយ​លើ​សំណើ​​សុំ​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​លើ​បញ្ហា​ផ្នូរ​សព ​និង​ម៉ុង​អានាធិបតេយ្យ​លើ​ភ្នំ​ស្វាយ។

កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ព្រះគ្រូ ណាប់ ម៉ឺន ចៅអធិការ​វត្ត​ចំការ​ខ្នុរ និង​អស់លោក​ជា​ប្រធាន​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ព្រម​ទាំង​គណៈកម្មការ​អាចារ្យវត្ត​ផងដែរ។

កិច្ចប្រជុំ​នេះ​ ធ្វើឡើង ​ដោយ​យោង​តាម​ពាក្យ​ស្នើ​​សុំ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​បាន​ដាក់​ចូល​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ តាំងពី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ បាន​លើកឡើង​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ពិសេស​ការរៀបចំ​សួន​មានជ័យ ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ស្រស់ស្អាត សម្រាប់​​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ​ដើរ​លំហែ​​កាយ និង​ជា​កន្លែង​ដើរ​ហាត់ប្រាណ យ៉ាងច្រើន​កុះករ ជា​រៀងរាល់ថ្ងៃ ដែល​ចាត់ទុកថា ជា​គោលដៅ​ទី​១។ ចំណែក​គោលដៅ​ទី​២ គឺ​ទីតាំង​លើ​កំពូលភ្នំ​ស្វាយ មាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន ដែល​ចូលចិត្ត​ដើរ​ហាត់ប្រាណ បាន​នាំ​គ្នា​ដើរ​ឡើងលើ​កំពូលភ្នំ​ស្វាយ ​ក្នុង​លក្ខណៈ​ហាត់ប្រាណ​ផង និង​ទេសចរណ៍​ផង​ ដែល​អាច​មើលឃើញ​ទិដ្ឋភាព​រួម ទូទៅ​ក្នុង​ក្រុង​សិរីសោភ័ណ យ៉ាង​ស្រស់​ស្អាត និង​ខ្យល់អាកាស​ល្អ​លើ​កំពូលភ្នំ ​បែរ​ជា​មាន​បញ្ហា​ប្រឈម គឺ​នៅ​លើ​ភ្នំ​ស្វាយ​បច្ចុប្បន្ន មានការ​សាងសង់​ផ្នូរ និង​ម៉ុង​កប់​សព​ជាច្រើន ថែមទាំង​បាន​បោះបង្គោល​ត្រៀម​ធ្វើការ​សាងសង់​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​របស់​ភ្នំ និង​ការ​អភិវឌ្ឍ​នានា របស់​ខេត្ត​នា​ពេល​ខាងមុខ។ ដូច្នេះហើយ ទើប​ធ្វើ​ឲ្យ​ពួកគាត់​ស្នើ​សុំ​ឲ្យ​មាន​វិធានការ ទប់ស្កាត់​និង​ហាមឃាត់។

ក្រោយ​មាន​ការ​លើកឡើង​របស់​ព្រះ​គ្រូ​ចៅអធិការ​វត្ត​លើ​ភ្នំ និង​មន្ទីរ​ពាក់ព័ន្ធ​ដូចជា មន្ទីរ​ធម្មការ មន្ទីរ​រ៉ែ មន្ទីរ​បរិស្ថាន ក៏​ដូច​អាជ្ញាធរ​សង្កាត់ សុទ្ធតែ​បាន​លើកយក​ពី​បញ្ហា​ច្បាប់​ដែល​កំណត់​ថា ភ្នំ​ និង​ដី​ជើងភ្នំ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​មិន​ត្រូវធ្វើ​អ្វី​ដោយ​ពុំ​មាន​ច្បាប់​អនុញ្ញាត និង​ការ​លើកយក​សេចក្តីជូន​ដំណឹង​របស់​ខេត្ត និង​ក្រសួង ហាម​មិន​ឲ្យ​មានការ​ប៉ះពាល់​ដី​ភ្នំ ដោយ​ទុក​ភ្នំ​នៅ​ក្រុង​សិរីសោភ័ណ ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ធម្មជាតិ​របស់​ខេត្ត ក៏​ដូច​ជា​ការ​លើកឡើង​របស់​អ្នក​សារព័ត៌មាន លើ​ភាព​មិន​ទទួលខុសត្រូវ អនុវត្តន៍​ទោះបីជា​មានច្បាប់ និង​សេចក្តី​ជូនដំណឹង​នានា​ក៏ដោយ ក៏​ភ្នំ​នៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ និង​បណ្តា​ស្រុក​នានា ត្រូវបាន​គេ​យក​ធ្វើជា​កម្ម​សិទ្ធិ​សង់​លំនៅឋាន និង​សំណង់​នានា។

បន្ទាប់ពី​មានការ​លើកឡើង​យ៉ាង​ពុះ​កញ្ជ្រោល​ពី​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត និង​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​បូកសរុប​លើ​ខ្លឹមសារ​រួម​ចំនួន ០៤​ចំណុច ដែល​អង្គ​ប្រជុំបាន​ឯកភាពគ្នា ដាក់សំណើ​​ទៅ​​​អភិបាលខេត្ត​សម្រេច រួមមាន ៖ ១.​ហាម​អ្វី​ដែលមាន​ហើយ​ត្រូវ​ទុក​ដដែល និង​ហាម​មិន​ឲ្យ​កសាង​ម៉ុង ឬ​សំណង់​ផ្សេង​នៅលើ​ភ្នំ និង​ជើងភ្នំ ។ ២.​មន្ទីរ​ធម្មការ​និង​សាសនា ត្រូវធ្វើ​ស្ថិតិ​ផ្នូរ ឬ​ម៉ុង និង​បែងចែក​ដី​ឲ្យ​ច្បាប់​លាស់​នៅ​ក្រុង​សិរីសោភ័ណ។ សុំ​គោល​ការណ៍​ទៅ​ក្រសួង​ជាបន្ទាន់​នៅ​កិច្ច​ការដែល​លើក​ឡើងមក​ដោះស្រាយ​នេះ ។ ប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ពលរដ្ឋ ឬ​សាសនា​ដទៃទៀត​នូវ​រាល់​លិខិត​កិ​តិ​យុទ្ធ​ទាំងឡាយ ឲ្យ​ពួកគាត់​បាន​យល់ ។ ៣.​សូម​ឲ្យ​ខាង​តំណាង​អន្តរ​វិស័យ​បង្កើត​គណៈកម្មការ​សហកា​រ​គ្នា​រៀបចំ​គូស​ប្លង់​ដាក់​មក​ខេត្ត​សម្រេច ។ ៤.​ហាម​អាជ្ញាធរ គណៈកម្មការ​វត្ត​ចេញ​លិខិត​កាន់កាប់​លក់ដូរ និង​លិខិត​ផ្សេង​ដែល​ពាក់ព័ន្ធ​នឹង​ដី​ភ្នំ ជើងភ្នំ។

ក្រោយ​កិច្ចប្រជុំ​ចប់​ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ផ្ទាល់​លើ​ភ្នំ​ស្វាយ ឃើញ​ថា ពិតជា​មានការ​សាងសង់ និង​បោះបង្គោល​ត្រៀម​ធ្វើ​ផ្នូរ​សព និង​ម៉ុង​ពិតប្រាកដ​មែន និង​ជាពិសេស​ទៅទៀត​នោះ គឺ​ការ​ដាក់​បង្គោល​អង់​តែ​ន​ស្អេកស្កះ ថែមទាំង​ធ្វើ​របង​ហ៊ុមព័ទ្ធ​បិទ​យក​ដី​កំពូលភ្នំ​ដែល​ពលរដ្ឋ​ធ្លាប់តែ​ឡើងលើ​អគា​ពីរ​បី​ជាន់​មើល​ទេសភាព៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu