Ad Code

កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ ​​ត្រៀម​ជាស្រេច​ ​​ដើម្បី​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ក្នុង​ករណី​មាន​ជំនន់​ទឹកភ្លៀង



កំពង់ស្ពឺ ​៖​ លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ បាន​ដាក់​ចេញ​នូវ​វិធានការ​ដល់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​​ថា ​ត្រូវ​ត្រៀម​ឲ្យ​បាន​មុន​ការងារ​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ ក្នុងករណី​ដែល​មាន​គ្រោះ​ទឹកជំនន់​ក្នុង​រដូវវស្សា​ឆ្នាំ​២០១៨ ដោយ​ត្រៀម​គ្រប់​មធ្យោបាយ​ដែល​អង្គភាព​មាន​ស្រាប់។

ការ​លើកឡើង​នេះ ​ក្នុង​ពេល​ដែល​លោក​ អញ្ជើញ​ក្នុង​ពិធី​ផ្សព្វផ្សាយ សភាពការណ៍​វិវឌ្ឍ​ថ្មីៗ និង​ផ្សព្វផ្សាយ​ផែនការ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​មហន្តរាយ​ដោយ​គ្រោះធម្មជាតិ ទឹកជំនន់ នៅ​ខេត្តកំពង់ស្ពឺ ឆ្នាំ​២០១៨ និង​ត្រួតពិនិត្យ មធ្យោបាយ សម្ភារៈ គ្រឿង​បំពាក់ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​ធ្វើ​ការ​សាកល្បង​ចេញ​ក្បួន​ប្រតិបត្តិ​ការសង្គ្រោះ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ។ ក្នុង​ពិធី​នោះ​មាន​វត្តមាន​ចូលរួម​ពី​នាយទាហាន នាយ​ទាហាន​រង ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ទាំងអស់។

លោក​ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំពោះ​នាយទាហាន នាយទាហានរង​ថា ក្នុងករណី​មាន​គ្រោះធម្មជាតិ ខ្យល់​កន្ត្រាក់​ ទឹកជំនន់ ក្នុង​រដូវវស្សា​ឆ្នាំ​២០១៨​នេះ ​ត្រូវ​នាំគ្នា​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដឹកជញ្ជូន​ប្រជាពលរដ្ឋ​រក​ទីទួល​មាន​សុវត្ថិភាព ថែរក្សា​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ឲ្យ​បាន​គង់វង្ស ក្នុងករណី​ធ្ងន់ធ្ងរ​ត្រូវ​រាយការណ៍​បន្ទាន់​ដើម្បី​ស្វែងរក​ជំនួយ​អន្តរាគមន៍​ពី​ថ្នាក់លើ។

លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាការ​បាន​បន្ថែម​​ថា សហការ​​​ឲ្យ​ខ្ជាប់ខ្ជួន​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន តាមដាន​ជាប្រចាំ​ចំពោះ​ចំណុច​ ដែល​ប្រឈម​មាន​ហានិភ័យ​ខ្ពស់​ក្នុង​មូលដ្ឋាន ដើម្បី​ធានា​ដល់​ជួយសង្គ្រោះ​របស់​យើង ចំណុច​ដែល​ត្រូវ​គិតគូរ​ចម្បង​គឺ ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ ស្ត្រី​ទើប​សម្រាលកូន​រួច ក្មួយៗ សាលា និង​វត្ត​អារាម​នានា។

មេបញ្ជាការ​សង្កត់ធ្ងន់​ថា ចាប់ពី​ពេល​នេះ​រហូត​ចប់​រដូវវស្សា ​កម្លាំង​ទាំងអស់​ត្រូវ​ថែរក្សា មធ្យោបាយ​រថយន្ត​ធំ​សម្រាប់​ដឹកជញ្ជូន​សម្ភារៈ អូប័រ​-​ទូក សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​មក​ទីទួល​សុវត្ថិភាព ជាពិសេស​ប្រើ​កម្លាំង​សរុប មធ្យោបាយ​សរុប បើ​មានការ​ខ្វះខាត​ចាំ​អង្គភាព​និង​សុំ​ជំនួយ​បន្ទាន់​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ភ្លាមៗ​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu