ស្ទឹងត្រែង ៖ ឈ្មួញរកស៊ីឈើប្រណីតដុះស្លែក្នុងស្រុកសៀមប៉ាង ដែលពីមុនមកជាសែស្រឡាយអតីតអភិបាលស្រុកសៀមប៉ាង ដែលគេមិនហ៊ានធ្វើការបង្ក្រាបនោះ ពេលនេះអស់លក្ខណ៍ ត្រូវបានអាជ្ញាធរភូមិឃុំ និងផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាង ដឹកនាំកម្លាំងដោយលោកហុងគឹមសានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ធ្វើការចុះបង្ក្រាបរឹបអូសឈើប្រណិតជាច្រើនតោន។
ប្រតិបត្តិការបង្ក្រាបឈើខុសច្បាប់ខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះមេឈ្មួញ ស្ថិតក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែង។
មេឈ្មួញរកស៊ីឈើប្រណីតល្មើសច្បាប់ ត្រូវបានគេស្គាល់ថា ឈ្មោះទិតម៉ៅ ជាសែស្រឡាយអតីតអភិបាលស្រុកចាស់ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយពេលនេះកំពុងរត់ការសម្របសម្រួលកុំឲ្យមានការឃាត់ខ្លួន បន្ទាប់ពីព្រះរាជអាជ្ញាបាន ដឹកនាំកម្លាំងចុះចាប់រឹបអូសឈើល្មើសច្បាប់ នៅនៅក្នុងផ្ទះរបស់គេជាច្រើនតោន។
លោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែងបានអោយដឹងថា: យើងមិនទាន់បានឃាត់ខ្លួនអ្នកពាក់ព័ន្ធករណី ប្រព្រឹត្តបទល្មើសព្រៃឈើនេះទេ ដោយយើងបានកំណត់មុខសញ្ញាអស់ហើយ ចាំខាងជំនាញកសាងសាវតារជាតិ និង សំណុំរឿងរួចសិន ទើបយើងចាត់ការទៅតាមនីតិវិធីច្បាប់។
មេឈ្មួញដុះស្លែឈ្មោះទិត ម៉ៅជាមេឈ្មួញដ៏ធំមួយនៅក្នុងស្រុកសៀមប៉ាង សមត្ថកិច្ចមិនដែលហ៊ានធ្វើការបង្ក្រាបម្តងណាឡើយ ដែលគេបានរកស៊ីប្រមូលទិញឈើក្នុងស្រុកនេះរាប់ឆ្នាំមកហើយដោយសារមានការត្រូវរ៉ូវគ្នាជាមួយនឹងជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនក្នុងស្រុកនេះទុកគ្រាន់ជាឆ្នាំងបាយរបស់គេ។
ឈើ ដែលបង្ក្រាបនេះ គឺជាឈើដែលត្រៀមដឹកជញ្ជូនចេញទៅកាន់ទីផ្សារប្រទេសវៀតណាមតែដោយសាររងការប៉ះពាល់ពីទឹកជំនន់ទន្លេសេកុងនៅក្នុងស្រុកសៀមប៉ាងធ្វើឲ្យឈើទាំងនេះ ទុករហូតមកដល់ពេលនេះមិនអាចដឹកចេញបាន បន្ទាប់ពីបែកការណ៍ដល់សមត្ថកិច្ចក៏ត្រូវបានលោកព្រះរាជអាជ្ញារងដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបតែម្ដង។
តែរហូតមកដល់ពេលនេះ ត្រូវបានគេរាយការណ៍ថា មេឈ្មួញរូបនេះកំពុងតែរត់ការសម្របសម្រួលជាមួយជំនាញដើម្បីកាត់បន្ថយនូវវត្ថុតាងបង់ផាកពិន័យឲ្យមានកម្រិតទាបនឹងរួចផុតពីការចោទប្រកាន់ក្នុងករណីជួញឈើខុសច្បាប់នេះ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ លោកម៉ារ៉ានាយផ្នែករដ្ឋបាលព្រៃឈើសៀមប៉ាងបានឲ្យដឹងដែរថាមិនអាចសម្របសម្រួលទេ គឺត្រូវតែអនុវត្តតាមច្បាប់ព្រោះវត្ថុតាងទាំងនេះ ត្រូវបានធ្វើកំណត់ហេតុនិងធ្វើការដឹកជញ្ជូនទៅកាន់ផ្នែករដ្ឋបាលព្រៃឈើដើម្បីចាត់ការទៅតាមនីតិវិធី។
បច្ចុប្បន្នឈើ ដែលបង្ក្រាបនេះ កម្លាំងរដ្ឋបាលព្រៃឈើកំពុងតែធ្វើការដឹកជញ្ជូនតាមរថយន្តកែច្នៃពីបីថ្ងៃមកហើយ ដោយសារស្ថានភាពផ្លូវរងប៉ះពាល់ពីទឹកជំនន់ពិបាកក្នុងការដឹកជញ្ជូន រីឯចំនួនពិតប្រាកដក៏មិនទាន់ដឹងនៅឡើយដែរ៕
Source: Kampuchea Thmey Daily
0 Comments