ស្ទឹងត្រែង ៖ ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងដឹកនាំដោយលោកអន ចាន់សុជាតិ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ រួមនឹងនាយរងសង្កាត់ និងមន្ត្រីផ្នែកស្ទឹងត្រែង បានធ្វើការចុះបង្ក្រាបសាច់សត្វព្រៃស្រស់ និងរស់ចំនួន៣ ប្រភេទ មានសាច់ជ្រូកព្រៃ សាច់ឈ្លូស និងសត្វត្រកួតរស់សរុបចំនួន៥០គីឡូក្រាម។
ការចុះបង្ក្រាបសាច់សត្វព្រៃស្រស់ និងរស់ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០ នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅផ្សារសាមគ្គីស្ទឹងត្រែង ស្ថិតក្នុងភូមិត្រពាំងព្រីង ក្រុងខេត្តស្ទឹងត្រែង។
លោកអន ចាន់សុជាតិ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានដឹងថា ឈ្មួញរកស៊ីជួញដូរសត្វព្រៃនៅផ្សារស្ទឹងត្រែង កម្លាំងរដ្ឋបាលព្រៃឈើតែងតែធ្វើការចុះបង្ក្រាបជាញឹកញាប់ តែក្រុមឈ្មួញហាក់បីដូចជាមិនខ្លាចញញើតនឹងសមត្ថកិច្ចឡើយ ទើបនៅថ្ងៃខាងលើនោះ លោកបានដឹកនាំកម្លាំងធ្វើការចុះបង្ក្រាបតែម្ដង តែមិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ទេ ពេលដែលបង្ក្រាបពួកគេបានរត់គេចបាត់ស្រមោល។
លោកនាយរងខណ្ឌបានបន្តទៀតថា កន្លងមកកម្លាំងរបស់លោកបានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(វ៉ាយអេដ) ធ្វើការចុះបង្ក្រាប និងបានឃាត់ខ្លួនជនសង្ស័យយកមកផាកពិន័យផងដែរ តែពួកគេនៅតែបន្តធ្វើសកម្មភាពលួចលក់ដដែល។
លោកបន្តថា នៅក្នុងការចុះបង្ក្រាបនេះ គឺជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការរឹបអូសសត្វព្រៃបានចំនួន៣ប្រភេទទី1សាច់ឈ្លូសស្រស់ ចំនួន20គីឡូ ទី2សាច់ជ្រូកព្រៃចំនួន 25គីឡូក្រាម និងទី 3ត្រកួតរស់មួយក្បាលដែលមានទម្ងន់ 5 គីឡូក្រាម។
ក្រោយការបង្ក្រាប សាច់សត្វព្រៃ ត្រូវបានដឹកជញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តចំណុចគល់ស្ពានសេកុងដើម្បីធ្វើការដុតបំផ្លាញចោលទៅតាមនីតិវិធី។ ចំណែកសត្វត្រកួតរស់មួយក្បាលត្រូវបានគេយកទៅព្រលែងនៅកន្លែងព្រៃដែលមានសុវត្ថិភាព៕
Source: Kampuchea Thmey Daily
0 Comments