Ad Code

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) ចាត់ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូ​ដ៏​ល្អ ក្នុងការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ផលិតផល​ក្លែងក្លាយ



ភ្នំពេញ ​៖ លោក មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្នុងនាម​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) បាន​ចាត់​ទុក​អ្នកសារព័ត៌មាន​ជា​ដៃគូ​ដ៏​ល្អ នៅក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​ហានិភ័យ​ដល់​សុ​វត្ថិ​ភាព​ ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

នៅក្នុង​សន្និសីទ​សា​ព័ត៌មាន ស្តីពី​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​សរុប​ចំនួន​៨៨​តោន កាលពី​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ក្រសួងមហាផ្ទៃ លោក​អនុរដ្ឋលេខាធិការ មៀ​ច សុផាន់​ណា បាន​អំពាវនាវ​ដល់​សាធារណជន ក៏ដូចជា​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​ជា​ដៃគូ​ជួយ​សហការ​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​របស់​ជន​ដែល​នាំចូល រក្សាទុក ឬក៏​ចែកចាយ​ផលិតផល​ក្លែងក្លាយ​មក​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​គ​.​ប​.​ផ​.​ក​) តាមរយៈ​ទូរស័ព្ទ​លេខ​ដែល​គណៈកម្មាធិការ​ធ្លាប់បាន​ផ្តល់ជូន​កន្លង​មក​។



លោក​បញ្ជាក់​ថា រាល់​ព័ត៌មាន​ដែល​សាធារណជន ឬ​អ្នកសារព័ត៌មាន​ផ្តល់​មក​គណៈកម្មាធិការ​នឹង​ត្រូវ​បាន​រក្សា​ការសម្ងាត់ មិន​ឲ្យ​មានការ​ព្រួយ​បារ​ម្ភ​ភ័យខ្លាច​ពី​សុ​វត្ថិ​ភាព​សន្តិសុខ​របស់​ខ្លួន​នោះទេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​បើសិនជា​ព័ត៌មាន​ឈានដល់​ការបង្ក្រាប​ក្នុង​ទ្រង់ទ្រាយ​ធំ គណៈកម្មាធិការ​នឹង​មាន​ការលើកទឹកចិត្ត​ពី​ក្រសួងមហាផ្ទៃ ពី​រាជរដ្ឋាភិបាល​ថែម​ទៀតផង​។

លោក​អនុរដ្ឋលេខាធិការ​បញ្ជា​ក់​បន្ថែម​ថា ការដាក់​តាំង​បង្ហាញ​ស្តី​ពី​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​សរុប​ចំនួន ៨៨​តោន​ថ្ងៃនេះ​ជា​សារ​មួយ​ដល់​ជន​ទុច្ចរិត ដរាប​ណា​នៅតែមាន​គំនិត​បង្ក​នូវ​មហន្តរាយ​ដល់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ គណៈកម្មាធិការ​នឹង​បន្តសកម្មភាព​បង្ក្រាប​ចាប់​ជនល្មើស​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ អនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គណៈកម្មាធិការ​នឹង​រួម​សហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌ និង​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​អំពី​បទល្មើស​ផលិតផល​ក្លែងក្លាយ និង​ខុសច្បាប់ រហូតដល់​ឈាន​ទៅ​ធ្វើការ​បង្ក្រាប​ឲ្យបាន​ទទួលជោគជ័យ​ថែមទៀត ពិសេស​ចំណីអាហារ​គ្មាន​សុវត្ថិភាព បង្ក​មហន្តរាយ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បានបង្ហាញ​ពី​លទ្ធផល នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​សរុប​ចំនួន​៨៨​តោន មានដូចជា​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស​របស់​គណៈកម្មាធិកា​រ​បាន​ចុះបង្ក្រាប​មូលដ្ឋាន​សិប្បកម្ម​ផលិត​កាហ្វេ​ក្លែងក្លាយ ដែល​យកស​ណ្តែ​ត​ដី លាយ​សារ​ជាតិគីមី​ដាក់​លាយ​ឲ្យ​ចេញ​ពណ៌​ខ្មៅ ឲ្យ​ចេញ​ពពុះ​ល្អ ឲ្យ​មាន​រសជាតិ​ចាប់​មាត់​។ ទី​២-​នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​បាន​ធ្វើ​ការ​បង្ក្រាប​ទីតាំង​ផលិត​សាច់​បាត​តេ​មួយ​កន្លែង ដែល​ដាក់​គីមី ដាក់​សារធាតុ​បូរ៉ា​ក់​លើស​បរិមាណ ពេល​បរិភោគ​ទៅ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ក្រពះ ពោះវៀន​ជាដើម​ធ្វើ​ខូច​សុខភាព​។ ទី​៣- នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​របស់​គណៈ​កម្មាធិកា​រ​បាន​បង្ក្រាប​ទីតាំង​ផលិត​ម្រេច និង​កាហ្វេ មិន​ស្របច្បាប់​មួយ​កន្លែង ដែល​លាយ​បន្លំ​យក​សារធាតុ​ហិល​ដូចជា​ម្ទេស បាយ​ក្តាំង​លាយ​ច្របល់​កិន​ឲ្យ​ម៉ត់​ចូលគ្នា​ដាក់​ពណ៌​ឲ្យ​ខ្មៅ​។

ប្រតិបត្តិការ​មួយ​ដ៏​ធំ​ទៀត​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ប្រតិបត្តិការ​ពិសេស​របស់​យើង​បាន​ចុះ​ចាប់​ផលិតផល​នាំចូល វេច​ខ្ចប់​ក្លែងក្លាយ​ខុសច្បាប់​នូវ​ផលិតផល​ទឹក​សុទ្ធ​ម៉ាក evian ម៉ាក saintamand និង​ស្រា​បៀរ​ម៉ាក Crorona Extra ប្រេងឆា SUNAR និង​ផលិតផល​មួយចំនួនទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu