នៅព្រឹកថ្ងៃទី១៧សីហានេះ កីឡាចំនួន៥ប្រភេទបានចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីចូលរួមការប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា និង ប៉ាឡាំបាង។ ក្នុងនោះមានប្រភេទកីឡាចំបាប់ ហែកទឹក ម៉ូតូទឹក កាយសម្ព័ន្ធ និង គុនដាវ ។ចំពោះតេក្វាន់ដូWTF( World Taekwondo Federation)បានចេញដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីតាំងពីថ្ងៃទី១៦សីហាមកម្ល៉េះ។
លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបង្ហាញពីការជឿជាក់ថាការប្រកួតកីឡាអាស៊ីលើកទី១៨នៅទីក្រុងហ្សាការតា និង ប៉ាឡាំបាងប្រទេសឥណ្ឌូនេស៊ីកម្ពុជានឹងដណ្ដើមបានមេដាយមាសលើសពី២ គ្រឿងជាមិនខាន។ លោកថ្លែងបែបនេះនៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១៧សីហា ក្នុងខណៈដែលលោកធ្វើដំណើរទៅចូលរួមពិធីបើកការប្រកួតកីឡាអាស៊ីនៅឥណ្ឌូនេស៊ី។
ប្រភេទកីឡាដែលសង្ឃឹមថា នឹងដណ្ដើមបានមេដាយនោះមានតេក្វាន់ដូម៉ូតូទឹក(Jetsky) ជីជីតស៊ូ ឯ សូហ្វតិន្នីសក៏អាចនឹងរកបានមេដាយដែរ។
លោកអះអាងថា កាលពី៤ឆ្នាំមុនគឺឆ្នាំ២០១៤កម្ពុជាដណ្ដើមបានមេដាយមាសពីការប្រកួតកីឡាអាស៊ីបន្ទាប់ពីបានទន្ទឹងរង់ចាំអស់រយៈពេលជាង៦០ឆ្នាំមកនោះ។ ការដណ្ដើមបានមេដាយកាល់នោះមិនមែនជារឿងចៃដន្យបោះទេតែជាការរៀបចំផែនការដោយត្រឹមត្រូវជាទីបំផុត។ សម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៨នេះកម្ពុជាក៏បានត្រៀមរៀបចំជាមុនដែរហើយកម្ពុជានឹងបានទទួលមេដាយលើសពី២គ្រឿង ។
បើតាមការឲ្យដឹងពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកនោះថា កម្ពុជាបានសម្រេចចិត្តបញ្ជូនកីឡាចំនួន១៣ប្រភេទ ទៅចូលរួមប្រកួតកីឡាអាស៊ីលើកទី១៨នេះ ។កីឡាទាំង១៣ប្រភេទនោះមានតេក្វាន់ដូចំបាប់ គុនដាវ ការាតេ-ដូ សូហ្វតិន្នីស ហែលទឹក អត្តពលកម្ម យូដូ កាយសម្ព័ន្ធ ទូកក្ដាំង ម៉ូតូទឹក និង ជីជីតស៊ូ និងទូកប្រពៃណី ដែលមានប្រតិភូជាមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក សរុបចំនួន៧១នាក់៕
Source: Kampuchea Thmey Daily
0 Comments