បន្ទាយមានជ័យ ៖ ទឹកដែលចេញពីរណ្ដៅកាយដីភ្នំ១ ជម្រៅពី៥ទៅ១០ម៉ែត្រស្ថិតនៅលើក្រុមកូនភ្នំខ្លែងស្លក្រាម នាភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានភ្ញៀវទៅមើលនិងងូតទឹកកម្សាន្តច្រើនឡើង តែវាចេញសញ្ញាបង្កជាការឈឺភ្នែក ត្រចៀក និងរមាស់បណ្តើរហើយ។
សូមរំលឹកថា រណ្តៅកាយដីភ្នំ ដែលមានទឹកចេញមកពណ៌ដូចទឹកសមុទ្រនោះ ត្រូវបានគេបំផុស ជំរុញ ហើយទាក់ទាញមនុស្សម្នា ភ្ញៀវទេសចរក្នុងស្រុកជាច្រើននាក់ទៅមើលកម្សាន្ត និងងូតទឹកកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨កន្លងមក។
អ្នកលក់ចំណីអាហារ និងអ្នកស្រុកនៅម្តុំនោះប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ពិតជាស្មានមិនដល់ ដែលរណ្ដៅដីមានទឹកដក់ មកពីទឹកចេញ និងទឹកភ្លៀង ដែលមានពណ៌ដូចទឹកសមុទ្រនាទីតាំងខាងលើ មានមនុស្សច្រើនឡើងៗទៅទស្សនានិងហក់ងូតទឹកលេង គឺមានមនុស្សពី៧០០ទៅជាង១.០០០នាក់ក្នុង១ថ្ងៃៗបានទៅ នាថ្ងៃចុងសប្តាហ៍។
លោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ដោយទទួលស្គាល់ពីចំនួនច្រើននៃអ្នកទៅទស្សនានិងងូតទឹកងូតលេងនោះដែរ ប៉ុន្តែលោកថា ដូចលោកព្រមានពីដំបូងៗចឹង គឺទឹកនោះកើតពីទឹកភ្លៀង ទឹកចេញពីក្នុងដីនិងក្នុងថ្ម ហើយមានសារធាតុដូចជ័រថ្ម ជាតិរំសេវ កាលពីការដ្ឋានកាយថ្មរបស់ក្រុមហ៊ុនស្ពានថ្នល់ចិន( CRBC) បង្កឲ្យទឹកមានពណ៌ថ្លាខ្យងថ្លាឬដូចទឹកសមុទ្រ ហើយទឹកមានសភាពរមាស់ ភ្លាវ មិនអាចបរិភោគបាន តែអាចងូតបាន។ ប៉ុន្តែបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានផុសព្រមានថា អ្នកកំសាន្តស្រៀវខ្លួន បើដឹងការពិត សូមប្រយ័ត្នបងប្អូនមានក្មេងតូចៗ ដែលចូលចិត្តងូតទឹកលេង នៅរណ្ដៅមានទឹកខៀវដូចទឹកសមុទ្រនោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារប៉ុន្មានថ្ងៃនេះមានក្មេង ឈឺភ្នែក និងឈឺត្រចៀក ហើយខ្លះរមាស់ខ្លួន រួចទៅទទួលសេវានៅមណ្ឌលសុខភាពចក់ពួក ក្បែរនោះ ។
គួរបញ្ជាក់ថា រណ្តៅដីមានទឹកថ្លាដូចពណ៌ទឹកសមុទ្របានល្បីរន្ទឺ ដោយសារមានភ្ញៀវទៅកម្សាន្ត ចុះហក់ងូត ហើយបានថតរូបបង្ហោះតៗគ្នាតាមបណ្តាញសង្គម។ ទីនោះ មានទេសភាពដ៏ស្រស់ស្អាតពីលើភ្នំមកវាលចម្ការដាច់កន្ទុយភ្នែក ខ្យល់បរិសុទ្ធ មានសេសសល់ព្រៃឈើតិចតួច និងផ្ទាំងថ្មដ៏ចាប់អារម្មណ៍ដែរ។ ទោះយ៉ាងណា ក៏មានការព្រមានដែរពីគ្រោះថ្នាក់ដូចជា កុំបរិភោគទឹកនោះព្រោះវាមានជាតិជ័រថ្មភ្នំ មានជាតិរ៉ែថ្មឬជ័រថ្ម អាចសេសសល់ជាតិរំសេវពីការបំផ្ទុះថ្មរបស់ក្រុមហ៊ុនកាយថ្ម រណ្តៅមានទឹកជ្រៅពី៥ទៅ១០ម៉ែត្រជាដើម។ សម្រាប់អ្នកចុះនិងអ្នកឡើងភ្នំនៅម្តុំនោះ ក៏ត្រូវគិត បង្ការការប្រឈមគ្រោះថ្នាក់មួយចំនួន ដូចជាថ្មនិងដីភ្នំអាចរបេះបាក់ធ្លាក់លើ ក៏ប្រយ័ត្នកុំឲ្យនៅឈរឬដើរប្រផិតនៅមាត់រណ្តៅដែលអាចនឹងរអិលធ្លាក់ព្រោះអ្វីមិនទាន់មានការសាងសង់សំណង់ បង្កាន់ដៃឬស្នួល គ្មានស្លាកសញ្ញាព្រមានឬណែនាំអីនៅឡើយឡើយ៕
Source: Kampuchea Thmey Daily
0 Comments