រតនគិរី ៖ លោកថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយសមាជិកសមាជិកាគណៈកម្មាធិការសាខា ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ បានអញ្ជើញនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមខេត្ត ចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេសេសានចំនួន៦០គ្រួសារ ក្នុងភូមិចំនួន៤ ឃុំកាចូន ស្រុកវើនសៃ។ ពិធីចែកអំណោយមនុស្សធម៌នេះធ្វើឡើងនៅទីទួលសុវត្ថិភាពមួយកន្លែងក្នុងភូមិទៀមលើ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក ថង សាវុន បានពាំនាំ មក នូវការសាកសួរសុខទុក្ខ និងការនឹក រលឹកនិងការ ចូលរួមសោកស្តាយ ពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែល ជានិច្ចកាល សម្តេចតែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស។
លោកសង្កត់ធ្ងន់ថា កាកបាទក្រហមជាសេនាធិការអោយ រាជរដ្ឋាភិបាលលើកិច្ចការ មនុស្សធម៌ ហើយជាស្ថាប័នមួយឯករាជ្យ ដោយឈរលើគោលការណ៍គ្រឹះទាំង ៧ របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម អំណោយ មនុស្សធម៌របស់កាកបាទក្រហមគឺ មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានវត្តមាន កាកបាទក្រហមកម្ពុជា ចុះជួយជានិច្ច។ លោក ថង សាវុន បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប្រធាន កាកបាទក្រហមក្នុងការកៀរគរធនធាន ពីសប្បុរសជននានាដើម្បីកាកបាទក្រហមមានលទ្ធភាព បំពេញភារកិច្ចមនុស្សធម៌ជួយដល់ជនចាស់ជរា គ្មានទីពឹង ជនពិការស្ត្រីមេម៉ាយ កូនច្រើន កុមារកំព្រារ និងអ្នកកើត ជំងឺអេដស៍។
ជាពិសេសដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយសារគ្រោះ មហន្តរាយ ធម្មជាតិផ្សេងៗ។ ជាក់ស្តែង អំណោយដែលយកមក ចែកជូននាពេលនេះ គឺបានមកពី សប្បុរសជននានា ថ្វីត្បិតតែមិន អាចឆ្លើយតប ទៅនឹងសេចក្តីត្រូវការ របស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រួល ដល់ការលំបាកបានមួយរយៈពេល សម្រាប់បងប្អូនផងដែរ។
លោកផ្តាំផ្ញើដល់ ប្រជាពលរដ្ឋទាំង៦០គ្រួសារនិយាយដោយឡែក និងនិយាយរួមប្រជាពលរដ្ឋនៅស្រុកវើនសៃ ទាំងមូលត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណអោយបានជាប់ជានិច្ចនិងត្រូវហូបស្អាត ផឹកស្អាតនិងការរស់ស្អាតដើម្បីជៀសវាងនូវជំងឺតម្កាត់ផ្សេងៗ ជាពិសេសសូមមានប្រុងប្រយ័ត្នចំពោះកូនក្មេង និងមនុស្សចាស់ដែលជាមុខសញ្ញាងាយរងគ្រោះសូមមើលថែពួកគាត់អោយបានម៉ត់ចត់ជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ដោយយថាហេតុណាមួយ។ លោកក៏បានធ្វើការណែនាំដល់អាជ្ញាធរស្រុកត្រូវប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុបចុះជាប់ជាមួយប្រជាពលរដ្ឋ និងត្រូវអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាពអោយបានទាន់ពេលវេលា និងត្រូវធ្វើការតាមពីសុភាពរបស់ពួកគាត់អោយបានជាប់ជាប្រចាំដើម្បីមានវិធានការជួយបង្ការ និងទប់ស្កាត់នូវជំងឺរាតត្បាតណាមួយ ដែលអាចកើតឡើងក្នុងអំឡុងពេលទឹកជំនន់នេះ។
ដោយឡែកមន្ទីរកសិកម្មត្រូវត្រៀមពូជស្រូវ ពូជដំណាំផ្សេងៗសម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់លិចលង់ផ្ទៃដីស្រែចម្ការច្បារដំណាំមានលទ្ធភាពដាំដុះឡើងវិញ។ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមចែកជូននាពេលនេះ មួយគ្រួសារទទួលឃីត១កញ្ចប់(ត្រីខ មី)និងកៅស៊ូតង់១ដុំ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលជាងមួយខែកន្លងមកនេះទឹកទន្លេសេសានបានឡើងធ្វើអោយស្រុកចំនួន៤ក្នុងខេត្តរតនគិរីរងផលប៉ះពាល់ពីជំនន់ទន្លេសេសានរួមមាន៖ ស្រុកអូរយ៉ាដាវ ស្រុកអណ្តូងមាស ស្រុកតាវែងនិងស្រុកវើនសៃ។
ដោយឡែកសម្រាប់ស្រុកវើនសៃយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកបាន បង្ហាញថា ឃុំទាំង៩ របស់ស្រុកវើនសៃបានរងផលប៉ះពាល់ក្នុងនោះមានភូមិចំនួន២៥បានលិចលង់សរុបប្រជាពលរដ្ឋរងផលប៉ះពាល់មានចំនួន១,២៣៩គ្រួសារ។ ជម្លៀសទៅរកទីទួលសុវត្តិភាព ១៤៤គ្រួសារស្មើនិងចំនួនមនុស្ស ៤៥៦នាក់ ផ្ទៃដីស្រែលិចលង់ចំនួន១,៥៩៤,៥ ហិកតា៕
Source: Kampuchea Thmey Daily
0 Comments