Ad Code

លោក ​គួច ចំរើន ៖ គ្មាន​ពាក្យ​ថា​ហត់​ទេ មានតែ​ពាក្យ​ថា​សុំទោស ​ដែល​យឺតយ៉ាវ​ក្នុង​ការ​ចុះ​មក​ជួប​សាកសួរ​សុខទុក្ខ​បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់



ភ្នំពេញ ​៖ ​ប្រជាពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​ចំនួន​១៩.៦៨៣​គ្រួសារ ផ្សេងទៀត​មិនទាន់​បានទទួល​អំណោយ​នៅ​ឡើយ​ទេ ទន្ទឹម​នឹង​នេះ លោក គួច ចំរើន អភិបាលខេត្ត​បាន និង​កំពុង​អំពាវនាវ​រក​ជំនួយ​ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ រាល់ថ្ងៃ ដោយ​មិន​គិតថា ពេលយប់​ឬ​ថ្ងៃ​ឡើយ ដោយ​គ្មាន​ពាក្យ​ថា​ហត់​នោះទេ។

គិត​មក​ត្រឹម​ថ្ងៃទី​១៦ ខែសីហា នេះ ប្រជាពលរដ្ឋ​ដែល​បានទទួល​អំណោយ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ចែក​តាម​បណ្តា​ស្រុក​នានា​មាន ស្រុក​កោះសូទិន​ចំនួន ៥.៥០១ គ្រួសារ​, ស្រុក​កំពង់សៀម​ចំនួន ៣.២០៣ គ្រួសារ។ ស្រុក​ព្រៃឈរ​ចំនួន ១.៤១៧ គ្រួសារ​, ស្រុក​ស្រី​សន្ធរ​ចំនួន ៣១២ គ្រួសារ​, ស្រុក​កងមាស​ចំនួន ៧៧ គ្រួសារ និង​ស្រុក​ស្ទឹងត្រង់​ចំនួន ៥៨ គ្រួសារ។

លោក​គួច ចំរើន បាន​ស្នើ​សុំ​ដល់​សប្បុរសជន​នានា សូម​ចូលរួម​ជា​ថវិកា​ក្តី សម្ភារៈ​ក្តី​ដើម្បី​យក​មក​ចែកជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​រងគ្រោះ​ដោយ​ទឹកជំនន់​នា​ពេល​នេះ​អោយ​បាន​ទាន់​ពេល​វេលា ហើយ​លោក និង​ចុះ​ចែក​អោយ​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ គ្រប់ពេលវេលា ទាំងយប់​ទាំង​ថ្ងៃ​ដោយ​មិន​ខ្លាច​នឿយហត់ ធ្វើយ៉ាងណា​អោយ​ទាន់​ស្របតាម​ត្រូវការ​របស់​ប្រជាពលរដ្ឋ។

ជាក់ស្តែង​នា​រសៀល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ លោក គួច ចំរើន និង​លោកស្រី​រួម​ជាមួយ​អស់លោក លោកស្រី ជា​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​កោះសូទិន បាន អញ្ជើញ​ចុះ​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់ នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ចំនួន ៩៨​គ្រួសារ រួមមាន អង្ករ​,​មី ,​ត្រីខកំប៉ុង​, ទឹកស៊ីអ៊ីវ​, ទឹកត្រី​,​អំបិល​, ទឹកបរិសុទ្ធ​, ទឹកក្រូច​, ក្រមា​, មុង ,​ភួយ​,​សារុង​,​តង់ សម្ភារៈ​ប្រើប្រាស់​ដទៃ​មួយ​ចំនួនទៀត និង​ថវិកា​មួយចំនួន​ផង​ដែរ។

លោក​អភិបាល​បាន​បញ្ជាក់ថា គ្មាន​ពាក្យ​ថា​ហត់​ទេ តែ​មាន​ពាក្យ​ថា​សូមទោស​ដែល​យឺតយ៉ាវ​ក្នុងការ​មក​ជួប​សាកសួរ​សុខទុក្ខ​បងប្អូន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់។
ក្នុងនាម​អនុប្រធាន​កិត្តិយស កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​លោក​និង​ភរិយា បាន​បន្ត​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ ដែល​​​រងគ្រោះ ដោយ​ទឹកជំនន់​ចំនួន​៩៨ គ្រួសារ នៅ​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu