សៀមរាប ៖ យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ បានស្លាប់នៅនឹងកន្លែង ក្នុងថ្លុកឈាមរដូករណែល ដោយសារជិះម៉ូតូទៅបុកគូទរថយន្តចតចោលចំពីក្រោយចំពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង២២និង១០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ចំណុចភូមិព្រៃក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍មួយ កើតឡើងដោយសារម៉ូតូនិងរថយន្ត ធ្វើដំណើរទិសដៅស្របគ្នាពីខាងលិចទៅកើត ម៉ូតូបុករថយន្តឈប់ពីក្រោយ បណា្ដលឲ្យស្លាប់នឹងកន្លែងចំនួន៣នាក់ប្រុស២នាក់ស្រី១នាក់។
សមត្ថកិច្ចបន្ថែមថា ករណីនេះ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សខៀវពាក់ស្លាកលេខ.ភ្នំពេញ ៣A៩៣៦៣ម្ចាស់រថយន្តរត់បាត់។ ចំណែកខាងម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៧ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១AA.៦៥៦១។
ជនរងគ្រោះ១បើកបរដោយឈ្មោះ ប៉ោ ឈី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប(ស្លាប់) បានឌុបមនុស្ស២នាក់ពីក្រោយ ២ឈ្មោះសៀងរ៉ាស៊ីភេទស្រី អាយុ១៥ឆ្នាំ មានទីលំនៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប(ស្លាប់) ៣,ឈ្មោះយួន អេ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិស្វាហួល ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប (ស្លាប់)។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments