ភ្នំពេញ ៖ រថយន្តទំនើបម៉ាក FORD RANGER មួយគ្រឿង បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយរួញអស់មួយកំណាត់មុខ ក្រោយពីម្ចាស់របស់វា សង្ស័យស្រវឹងស្រា បើករថយន្ត របស់ខ្លួនជ្រុលទៅបុករថយន្តបាញ់បេតុង ដែលកំពុងឈរបាញ់បេតុងសង់អគារនៅលើផ្លូវសាធារណៈយ៉ាងពេញទំហឹងនោះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី យប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ជាប់របងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមបណ្ដោយផ្លូវលេខ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចប៉ូលិស ដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជាប់ផ្លូវទីតាំងកើតហេតុខាងលើ គឺមានអគារដ៏ធំមួយកំពុងសាងសង់ ដោយមានរថយន្តលាយស៊ីម៉ងត៍ជាច្រើនគ្រឿង និងរថយន្តបាញ់បេតុង បានបើកមកចតនៅកណ្ដាលផ្លូវ តែមានដាក់ស្លាកសញ្ញាបង្ហាញផ្លូវ ដើម្បីចាក់បេតុងសាងសង់អគារ ខណៈនោះក៏ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Y-3122 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន ដោយមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកំពុងឈរបាញ់បេតុង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខផ្នែកខាងឆ្វេងយ៉ាងដំណំ និងកៀបជាប់ទៅមុខលេងរួច។
សមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់ រងរបួសនោះទេ ហើយភ្លាមៗ ម្ចាស់រថយន្តក៏បានបាត់ខ្លួនពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments