រតនគិរី ៖ យុវជនកូនភ្លោះ២ នាក់បងប្អូនបានសម្រេចចិត្តផឹកថ្នាំកណ្តៀរបញ្ចប់ជីវិតរបស់ខ្លួន ដោយសារខឹងម្តាយបានស្តីបន្ទោសបន្តិចបន្តួច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៣៥នាទីយប់ថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។
នគរបាលប៉ុស្តិ៍បាតាងបានឲ្យដឹងថា យុវជនទាំងពីរនាក់១.ឈ្មោះញ៉ាញ់ មាស ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ត្រូវជាបង) បានជួយសង្គ្រោះទាន់។ ២.ឈ្មោះ ញ៉ាញ់ ទូច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែ មុខរបរ កសិក (ត្រូវជាប្អូន) បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
នគរបាលបាតាងបន្តថា មុនពេលកើតហេតុ ម្តាយឪពុកបានស្តីបន្ទោសបន្តិចបន្តួចឲ្យកូនកុំដើរលេងច្រើនអត់ជួយធ្វើការងារនៅផ្ទះ ហើយកូនក៏ខឹងឪពុកម្តាយបបួលបងប្អូនផឹកថ្នាំកណ្តៀរ ក្រោយមួយសន្ទុះបានអ្នកជិតខាងបានដឹងទាន់ថាបានផឹកថ្នាំកណ្តៀរក៏ប្រញាប់ដឹកបញ្ជូនមកមណ្ឌលសុខភាពស្រុកលំផាត់ដោយធ្ងន់ធ្ងរពេក ក៏បានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះជាអកុសលប្អូនបានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯបងបានជួយសង្គ្រោះទាន់ពេល។
សពត្រូវបានដឹកមកលំនៅឋានវិញដើម្បីយកមករៀបចំធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments