ភ្នំពេញ ៖ អតីតប្រធានសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាពលោក សុះ ម៉ាច បានបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះអ្នកសិល្បៈរួមអាជីពពិសេសទស្សនិកជនដែលគាំទ្របន្ទាប់ពីតារាប្រុសរៀមច្បងរូបនេះបានប្រកាសដាក់សម្ពោធហាងលក្ខណៈកម្សាន្តពេលរាត្រីជាមួយមិត្តភក្តិស្និទ្ធស្នាលរបស់ខ្លួន។
ពិធីបើសម្ពោធហាងដែលមានឈ្មោះថាblack factory music and pubដែលជាការចូលហ៊ុនរួមគ្នារវាងតារាចម្រៀងសំឡេងមនោសញ្ចេតនាលោក សុះ ម៉ាច និងមិត្តភក្តិនេះ បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ ដែលមានទីតាំងស្ថិតនៅខាងត្បូងអង់តែនទួលគោក ចម្ងាយប្រមាណ៥០ម៉ែត្រពោលគឺជាប់ហ្គារាស់សាំងptt។
នៅក្នុងពិធីសម្ពោធហាងថ្មីរបស់លោក សុះ ម៉ាច នេះដែរ បើតាមការឲ្យដឹងពីសំណាក់អ្នកសិល្បៈដែលបានបង្ហាញមានវត្តមានចូលរួមគឺលើកឡើងថា ទីតាំងហាង black factory music and pub ដែលត្រូវបានបើកសម្ពោធនេះគឺមានលក្ខណៈធំទូលាយនិងថែមទាំងមានការរចនាលម្អយ៉ាងស្រស់ស្អាតដែលអាចធ្វើឲ្យភ្ញៀវដែលអញ្ជើញចូលរួមមានភាពសប្បាយរីករាយទៅតាមតម្រូវការមិនខាន។
ដោយឡែកបើតាមការបញ្ជាក់ឲ្យដឹងពីលោក សុះ ម៉ាច បានលើកឡើងថា ចំពោះ black factory music and pubនេះ លោកពិតជាបានចូលទុនមួយចំណែកជាមួយគ្នានឹងប្អូនធម៌ តែពុំមែនជាការគ្រប់គ្រង ឬ សិទ្ធិផ្តាច់មុខតែម្នាក់ឯងនោះទេព្រោះនេះគឺជាការរកស៊ីរួមគ្នាដូច្នេះមានចំណែកទទួលខុសត្រូវដូចគ្នា។
តារាចម្រៀងមានប្រជាប្រិយភាពលោក សុះ ម៉ាច បានបន្ថែមទៀតថា ហេតុនេះរាល់ប្រិយមិត្ត ឬមហាមិត្តទាំងអស់ដែលស្រឡាញ់និងគាំទ្រ អាចមកកម្សាន្តអារម្មណ៍នៅ black factory music and pubជាមួយនឹងបទចម្រៀងមរតកដើមដែលបកស្រាយដោយលោករូបលោកផ្ទាល់ និងតារាឯទៀតដូចជា៖ លោក ឈឿន ឧត្តម , លោក ឡេង ប៊ុនណាត , អ្នកស្រី ឆោម ឆវិន ,អ្នក ស្រី គីង សូរិយា និងអ្នកនាង អូ រស្មី ព្រមទាំងតារាជំនាន់ថ្មីជាច្រើនរូបទៀតជាមួយទីតាំងដ៏ទូលាយស្រស់ស្អាតតម្លៃសមរម្យ សំឡេងតន្ត្រីពីរោះរងំ៕
Source: Kampuchea Thmey Daily
0 Comments