Ad Code

៧​ខែ​ឆ្នាំនេះ​រដ្ឋាភិបាល​ចំណាយ​ថវិកា​ជាង​៣​លាន​ដុល្លារ ដល់​កម្មការិនី​សម្រាល​កូនជាង​៣​ម៉ឺន​នាក់



ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចំណាយ​ថវិកា​ជិត ១៤​ពាន់​លាន​រៀល ស្មើនឹង​ជាង ៣លាន​ដុល្លារ​អាមេរិក​ដល់ កម្មការិនី​ជាង ៣៤,០០០​នាក់ ដែល​បាន​សម្រាលកូន​ជិត ៣៥,០០០​នាក់ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៨​។

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា រហូតមកដល់​ពេលនេះ មានកម្ម​ការិនី​សម្រាល​កូនជាង ៣៤,០០០​នាក់​ហើយ ដែល​បានទទួល​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​។ ក្រៅពី​សម្រាលកូន​រួច កម្មការិនី​អាច​ឈប់សម្រាក​បាន​៣​ខែ ជាមួយនឹង ប្រាក់ខែ​១២០​ភាគរយ ពី​ម្ចាស់​រោងចក្រ តាមរយៈ​គោលនយោបាយ​រដ្ឋាភិបាលផង។

លោក​បណ្ឌិត អ៊ិត សំហេង​បាន​បន្ត​ថា ​ក្រៅពី​ទទួល​បាន​ការឧបត្ថម្ភ​ពេល​សម្រាលកូន​ហើយ កម្មករ និ​យោ​ជិ​ក​ក៏​ទទួល​បាន​ការពិនិត្យ​សុខភាព​ដោយ​មិនបាច់​បង់ប្រាក់ រួម​ទាំង​ការ​បង់​វិភាគទាន​លើ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ក៏​ជា​ភារកិច្ច​របស់​និយោជក ឬ​ថៅកែ​រោងចក្រ ជា​អ្នកចេញ​ថវិកា​ជំនួស​ដែរ​។



តាម​គោលការណ៍​កំណត់​របស់​រដ្ឋាភិបាល​បាន​សន្យា​ផ្ដល់​ថវិកា​៤០​ម៉ឺន​រៀល សម្រាប់​ស្ត្រី​ដែល​សម្រាលកូន​បាន​១​នាក់ ថវិកា​៨០​ម៉ឺន​រៀល​សម្រាប់​ស្ត្រី​សម្រាល​បានកូន​ភ្លោះ និង​ទឹកប្រាក់​១២០​ម៉ឺន​រៀល សម្រាប់​កូនភ្លោះ​បី​នាក់​។ ប៉ុន្តែ​មកដល់ពេលនេះ មិន​ទាន់​មាន​កម្មការិនី បង្កើត​បាន​កូនភ្លោះ​បី​នាក់ ​នៅឡើយ​ទេ​ ហើយ​ការងារ​រដ្ឋាភិបាល​បាន​ត្រៀម​កញ្ចប់​ថវិកា ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​កម្មការិនី​សម្រាលកូន​ទូទាំងប្រទេស​។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានសម្រេច​បញ្ចេញ​ត្រៀម​បម្រុង​ថវិកា​ប្រមាណ ១០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ សម្រាប់​ឧបត្ថម្ភ​កម្មការិនី​ក្នុង​វិស័យ​វេ​យ​ណ​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង នៅពេល​ពួកគេ​សម្រាលកូន​។ គោលការណ៍​ឧបត្ថម្ភ​នេះ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៨​តទៅ ក្នុង​គោលបំណង​ជួយ​សម្រួល​ទុក្ខ​លំបាក និង​លើកកម្ពស់​ជីវភាព​របស់​កម្ម​ការិនី​។

គួរ​បញ្ជាក់​ថា ​កន្លងមក​រដ្ឋាភិបាល បាន​ដាក់​ចេញ​គោលនយោបាយ​ចំនួន​៩​ចំណុច ក្នុង​ជួយ​ដោះស្រាយ​បញ្ហា​កម្មករ រួមមាន ការដំឡើង​ប្រាក់ខែ​, ដោះស្រាយ​បញ្ហា​ថ្លៃឈ្នួល​ផ្ទះ​, បញ្ហា​ថ្លៃ​ទឹក​-​ភ្លើង , ប្រាក់​សោធន​និវត្ត និង​ដោះស្រាយ​បញ្ហា​បន្ទាន់ នៅពេលដែល​ថៅកែ​រោងចក្រ​រត់ចោល ឬ​រោងចក្រ​ក្ស័យធន បិទទ្វារ​ជាដើម​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu