សៀមរាប ៖ គូស្នេហ៍វ័យក្មេង ដែលមានភូមិកំណើតឆ្ងាយពីគ្នាដាច់ស្រយាល បានមកបង្កការភ្ញាក់នៅកណ្តាលក្រុងសៀមរាប ដោយខាងប្រុសតាមមកចាប់ខាងស្រីលើកដាក់ម៉ូតូ បម្រុងដឹកយកទៅស្រុករបស់ខ្លួន ខណៈខាងស្រីមិនព្រម ហើយស្រែករកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី៩ ខែសីហា ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ត្រង់ចំណុចហាងកាហ្វេ កែងផ្លូវ៦០ម៉ែត្រ។
ក្រុមអ្នកឃើញហេតុការណ៍បាននិយាយថា ដំបូងមុនពេលសមត្ថកិច្ចទៅដល់ គេឃើញបុរសម្នាក់វ័យប្រមាណជា២០ឆ្នាំជាង បានជិះម៉ូតូម៉ាក Zoome-x ពាក់ស្លាកលេខសៀមរាប1AB-8998 ទៅឈប់មុខហាងកាហ្វេឈ្មោះEcofan ហើយហៅនារីម្នាក់នៅទីនោះឲ្យទៅជាមួយខ្លួន។ ទំនងជានារីម្នាក់នោះមិនព្រមទៅ បុរសរូបនោះបានចាប់បង្ខំនាងឲ្យឡើងជិះម៉ូតូ ហើយនិយាយថា អូនត្រូវតែទៅជាមួយបង។
ប្រភពបន្តថា ក្រោយពីជជែកគ្នាយ៉ាងយូរតែនាងនៅមិនព្រម បុរសដែកស្លៀកខោវប៊យពាក់អាវក្រហម បានចាប់ដៃនាងអូសលើកដាក់លើម៉ូតូបម្រុងបើកចេញទៅ។ ជាមួយគ្នានោះនាងបានប្រវាយទៅលើបុរសនោះ ហើយរត់ចូលទៅក្នុងហាងស្រែកឲ្យគេជួយ។ ប៉ុន្តែ ទោះបីជានាងស្រែក យំសុំឲ្យអ្នកនៅជុំវិញខ្លួនជួយយ៉ាងណា ក៏គ្មានអ្នកជួយ ហើយបុរសនោះក៏ចូលទៅអូសដៃនាងពីក្នុងហាងលើកដាក់ម៉ូតូជាថ្មី ដែលធ្វើឲ្យនាងភ័យខ្លាចរហូតលោតទម្លាក់ពីលើម៉ូតូ រត់ឲ្យគេឯងឲ្យជួយ ទើបបុរសអ្នកដំណើរម្នាក់ឈប់ជួយ ហើយហៅប៉ូលិសមកអន្តរាគមន៍។
ក្នុងពេលប៉ូលិសចុះទៅដល់ទីតាំងកើតហេតុ គេឃើញបុរសខាងលើ និយាយថា ខ្ញុំមកយកតែគូដណ្តឹងទៅវិញតែប៉ុណ្ណោះ ត្បិតអីនាងមិនទាន់បានបញ្ចប់គ្នាជាមួយខ្ញុំតាមច្បាប់នោះទេ អ្នកផ្សេងកុំចេះ។ យ៉ាងមេច.? អូនមកនៅទីនេះ គេនោះមានលុយអោយអូនចាយច្រើនជាងបងឬ..?។ អូនជាគូដណ្តឹងរបស់បង.!យើងមិនទាន់ចប់គ្នាទេ ត្រូវតែទៅជាមួយបងវិញ។
ទោះបីបុរសរូបនោះ ខំអះអាងយ៉ាងណា ចម្លើយដែលបានមកវិញ ពីភាគីខាងស្រីគឺ (ជួយខ្ញុំផង ខ្ញុំខ្លាចណាស់)។
ជាមួយការលើកឡើងរបស់បុរសរូបនេះ នគរបាលប៉ុស្តិ៍ស្លក្រាម ក៏បានតម្រូវឲ្យពួកគេទៅនិយាយគ្នានៅប៉ុស្តិ៍ ដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម។
នគរបាលប៉ុស្តិ៍ក្នុងហេតុការណ៍ឲ្យដឹងថា បុរសរូបនោះមានឈ្មោះសេង សុភ័ក្រ មានអាយុ ២៥ឆ្នាំ មានទីលំនៅភូមិភ្នំដែក ស្រុករវៀង ខេត្តព្រះវិហារ។ ចំណែកខាងស្រីមានឈ្មោះស្រ៊ាង គឹមលាង អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្មីស្រុកកោះធំ ខេត្តកណ្តាល។ ពេលនេះសមត្ថកិច្ចនាំយកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ។
លទ្ធផលចុងក្រោយគេនៅមិនទាន់ដឹងថា ភាគីខាងប្រុសអាចនាំយកគូដណ្តឹងទៅរៀបការ បានឬយ៉ាងណានោះទេ ពីព្រោះកំពុងស្ថិតក្នុងការសាកសួររបស់ប៉ូលិស។ ប៉ុន្តែសកម្មភាពខាងស្រីដែលមានការភ័យខ្លាចរហូតហ៊ានលោតទម្លាក់ពីលើម៉ូតូ អាចបញ្ជាក់បានថា ទោះស្លាប់ក៏មិនអាចទៅជាមួយប្រុសស្នេហ៍ ឆ្លងខេត្តរូបនេះបានឡើយ៕
Source: Kampuchea Thmey Daily
0 Comments