ភ្នំពេញ ៖ លោក Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មី បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម។
លោក ទូតមានប្រសាសន៍បែបនេះធ្វើឡើងកាលពី រសៀលថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នៅក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួង។
សូមបញ្ជាក់ថា លោក Sudirman Hasengឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលទើបទទួលសារតាំងជាឯកអគ្គរាជទូតថ្មីកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ កន្លងមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម។
មានប្រសាសន៍នាឱកាសនេះ លោក រដ្ឋមន្ត្រីបានសម្តែងនូវកិច្ចស្វាគមន៍ និងអបអរសាទរជូនចំពោះលោក ឯកអគ្គរដ្ឋទូតដែលត្រូវបានតែងតាំងឲ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ តាមរយៈលោក ឯកអគ្គរដ្ឋទូត លោក រដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលឥណ្ឌូនេស៊ីដែលកន្លងមកបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មបានយ៉ាងល្អប្រសើរ ហើយលោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យបានតែល្អប្រសើរថែមទៀតនាពេលអនាគត ពិសេសលើការផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រងវិស័យជលផល និងវិស័យព្រៃឈើដោយផ្តោតជាសំខាន់វារីវប្បកម្មសមុទ្រ និងទឹកសាប និងសហគមន៍ព្រៃឈើ ក្នុងបំណងបង្កើនប្រាក់ចំណូលដល់សមាជិកសហគមន៍ទាំងនោះ ឲ្យកាន់តែល្អប្រសើរ។
លោក ឯកអគ្គរដ្ឋទូត បានកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក ពិសេសលើវិស័យកសិកម្ម ហើយលោក ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក រដ្ឋមន្ត្រី លោក ថ្នាក់ដឹងនាំក្រសួងគ្រប់លំដាប់ថ្នាក់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ីយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។
ក្នុងឱកាសបំពេញបេសកកម្មការទួតនៅព្រះរាជាណាចក្រកម្ពុជា លោក ឯកអគ្គរដ្ឋទូតថានឹងខិតខំអស់លទ្ធភាពដើម្បីធ្វើជួយជំរុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរឲ្យបាន់តែល្អប្រសើរមួយកម្រិតទៀត ហើយទាក់ទងនឹងសំណើដែលលោក រដ្ឋមន្ត្រីបានលើកឡើង លោក ឯកអគ្គរដ្ឋទូតសន្យាថានឹងនាំយកសំណើនេះទៅពិភាក្សាជាមួយក្រសួងឬស្ថាប័នពាក់ព័ន្ធ បន្ទាប់នឹងឈានទៅធ្វើការផ្លាស់ប្តូរមន្ត្រីជំនាញ ឬបង្កើតក្រុមការងារបច្ចេកទេសដើម្បីស្វែងរកដំណោះស្រាយ៕
Source: Kampuchea Thmey Daily
0 Comments