Ad Code

ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​អបអរ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៧២​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​



ភ្នំពេញ ​៖ ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ បាន​ប្រារព្ធ​ពិធី​អបអរ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៧២​នៃ​សាធារណរដ្ឋ​ឥណ្ឌា​កាលពី​ល្ងាច​ថ្ងៃទី​១៥​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់​ភ្នំពេញ ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​សម្តេច ទ្រង់ អ្នកអង្គម្ចាស់ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បណ្តា​អង្គទូត​នានា​ ដែល​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជា​រួម​ទាំង​ភ្ញៀវកិត្តិយស​ជាច្រើន​កុះករ។

លោកស្រី មា​នី​កា ជែ​ន Manika Jain ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កាលពី 71 ឆ្នាំមុន​នៅថ្ងៃនេះ ​ប្រទេស​ឥណ្ឌា​បាន​ទទួលបាន​សេរីភាព​ពី​ការគ្រប់គ្រង​របស់​អាណានិគម​និយម​អង់គ្លេស បន្ទាប់ពី​បាន​ស្ថិតក្រោម​ការត្រួតត្រា​អស់​រយៈពេល​ជិត 200 ឆ្នាំ​មកហើយ​។ ថ្ងៃនេះ​ឥណ្ឌា​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​នេះ​ដើម្បី​រំលឹក​ដល់​ចលនា​ជាតិ​ដែល​មិនមាន​អំពើ​ហិង្សា​នៅក្រោម​ការដឹកនាំ​របស់​មហា​ត្មៈ​ហ្គា​ន់​ឌី​សម្រាប់​សេរីភាព​និង​សិទ្ធិ​របស់​យើង​។

ដោយឡែក​ទំនាក់ទំនង​កម្ពុជា និង​ឥណ្ឌា​លោកស្រី​បាន​គូស​បញ្ជាក់​ថា​ រដ្ឋាភិបាល​ឥណ្ឌា​បាន​បេ្ត​ជា្ញ​ចិត្ត​យ៉ាង​មុតមាំ​ដើម្បី​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃគូ​របស់​ខ្លួន​ជាមួយ​ប្រទេស​កម្ពុជា​ហើយ​ទំនាក់ទំនង​នេះ​ត្រូវ​បាន​ពង្រឹង ​ខណៈ​ពេល​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ខែមករា​ឆ្នាំ 2018​កន្លងទៅ​ថ្មីៗ​នេះ។

លោក ទេសរដ្ឋមន្ត្រី លី ធុជ តំណាង​រាជរដ្ឋាភិបាល​ដែល​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​ទិវា​ឯករាជ្យ​លើក​ទី​៧២ របស់​សាធារណរដ្ឋ​ឥណ្ឌា​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា កម្ពុជា និង​ឥណ្ឌា បាន​ភ្ជាប់​ចំណង​ទំនាក់ទំនង​ការទូត​ចាប់តាំងពី​ឆ្នាំ ១៩៥២ ប៉ុន្តែ​ចំណង​វប្បធម៌​ប្រទេស​ទាំងពីរ​បានចាប់ផ្តើម​តាំងពី​សម័យអង្គរ​មក​ម្ល៉េះ​។​លោក​ថា នៅពេល​កម្ពុជា​ស្ថិតក្នុង​ដំណាក់កាល​ដ៏​លំបាក បន្ទាប់ពី​របប​ប្រល័យពូជសាសន៍ ឥណ្ឌា​គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ដំបូង ដែល​បាន​លូកដៃ​ផ្តល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​។

ឆ្លៀត​ក្នុងឱកាស​នោះ លោក ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​ចំពោះ​ប្រទេស​ឥណ្ឌា ដែល​នៅតែ​បន្ត​ផ្តល់ជំនួយ​មក​កម្ពុជា រហូតមកទល់​សព្វថ្ងៃ​នេះ​។ ក្នុងនោះ លោក ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ឥណ្ឌា ដែល​បាន​បញ្ជូន​អ្នកសង្កេតការណ៍ ដើម្បី​ជា​សាក្សី​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៩ ខែកក្កដា កន្លងទៅនេះ​ផងដែរ​។​

លោក ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី ទៅកាន់​ទីក្រុង​ញ៉ូ​ដេលី ប្រទេស​ឥណ្ឌា​កាលពីដើម​ឆ្នាំនេះ បាន​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ជិតស្និទ្ធ នៅក្នុង​វិស័យ​ជាច្រើន រួមមាន​វិស័យ​ការពារជាតិ ពាណិជ្ជកម្ម និង​វិស័យ​ថាមពល​។​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា និង​ឥណ្ឌា កាន់តែ​ជិត​សិទ្ធ ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​ផ្តល់​ការគាំទ្រ​ឱ្យ​គ្នា​ទៅវិញទៅមក ទាំង​ក្នុង​តំបន់ និង​ក្នុង​វេទិកា​ពហុភាគី​៕ ​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu