Ad Code

មន្ទីរ​បញ្ច​កោណ ​៖​ ក្បួនព្យុហយាត្រា​យោធា ​ដែល​បញ្ជា​ដោយ​លោក Trump ត្រូវ​ពន្យារពេល



មន្ត្រី​ការពារជាតិ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្បួនព្យុហយាត្រា​យោធា​មួយ​ដែល បញ្ជា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក Donald Trump ត្រូវបាន​ផ្អាក​រហូតដល់​ឆ្នាំ​២០១៩​ បន្ទាប់ពី​របាយការណ៍​បាន​បង្ហាញថា ការ​ចំណាយ​បាន​កើនឡើង​ដល់​ជាង​៩០​លាន​ដុល្លារ។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក​វរសេនីយ៍ឯក Rob Manning បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ក្រសួងការពារជាតិ​និង​សេត​វិមាន​បានរៀបចំ​ក្បួនព្យុហយាត្រា​មួយ​ដើម្បី​គោរព​ដល់​អតីតយុទ្ធជន​របស់​អាមេរិក​និង​រំលឹក​ខួប​លើក​ទី​១០០​នៃ​សង្គ្រាមលោកលើកទី​១”​។​

លោក​បាន​បន្ថែមថា “​យើង​បានកំណត់​គោលដៅ​ពីដំបូង​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​សម្រាប់​ព្រឹត្តិការណ៍​នេះ​ប៉ុន្តែ​ឥឡូវ​បាន​ព្រមព្រៀងគ្នា​ស្វែងរក​ឱកាស​នៅ​ឆ្នាំ​២០១៩​វិញ​”​។​

នៅពេល​សេត​វិមាន​ប្រកាស​ក្នុង​ខែកុម្ភៈ​ពី​បំណងប្រាថ្នា​របស់​អគ្គមេបញ្ជាកា​រ​ក្នុង​ការរៀបចំ​ក្បួនព្យុហយាត្រា​នៅ​ទីក្រុង​វ៉ាស៊ីនតោន​, នាយក​ផ្នែក​កញ្ចប់​ថវិកា​បាន​និយាយថា វា​នឹង​ចំណាយ​អស់​ទឹកប្រាក់​ចន្លោះ​ពី​១០​លាន​ដុល្លារ​ទៅ​៣០​លាន​ដុល្លារ​។​

ប៉ុន្តែ​មន្ត្រី​អាមេរិក​ម្នាក់​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទឹកប្រាក់​ប៉ាន់ប្រមាណ​នៃ​ផែនការ​នេះ​បាន​កើន​ឡើងដល់​៩២​លាន​ដុល្លារ​បើទោះបី​គ្មាន​តួលេខ​ចុងក្រោយ​ក៏ដោយ​។​

ក្បួនព្យុហយាត្រា​នេះ​ត្រូវបាន​គ្រោងទុក​សម្រាប់​ទិវា​អតីតយុទ្ធជន​នៅ​ចុង​សប្ដាហ៍​នេះហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមបញ្ចូល​ទាំង​ការបង្ហាញ​ដ៏​ធំ​អំពី​កម្លាំង​របស់​កងទ័ពអាកាស​ផងដែរ​។​

សំណើ​សម្រាប់​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​បន្ទាប់ពី​លោក Trump មានការ​ចាប់អារម្មណ៍​ពី​ក្បួន​ព្យុ​យាត្រា Bastille Day របស់​ប្រទេស​បារាំង​ដែលជា​កន្លែង​លោក​បានទទួល​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ដោយ​ប្រធានាធិបតី​បារាំង​លោក Emmanuel Macron កាលពី​ខែកក្កដា​ឆ្នាំ​២០១៧​។​

សហរដ្ឋអាមេរិក​ជាធម្មតា​បានរៀបចំ​ក្បួនព្យុហយាត្រា​យោធា​ដើម្បី​កត់សម្គាល់​ពី​ការបញ្ចប់​ជម្លោះ​មួយ​ដូចជា​នៅ​ឆ្នាំ​១៩៩១​ជាដើម​នៅពេលដែល​លោក​ប្រធានាធិបតី George HW Bush បានរៀបចំ​ក្បួន​ដង្ហែ​ជ័យជំនះ​ជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​សម្គាល់​ជាការ​បញ្ចប់​នៃ​សង្គ្រាម​ឈូង​សមុទ្រ​ជា​លើកដំបូង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu