Ad Code

ក្រុម​ជំនាញ​របស់ គ​.​ជ​.​ប ធ្វើការ​ផ្ទៀងផ្ទាត់ រក​មិនឃើញ​កំហុស​ណាមួយ​ពាក់ព័ន្ធ នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ទេ



ភ្នំពេញ​ ៖ ក្រុម​ជំនាញ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.ជ​.​ប​) បានបញ្ចប់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ២០១៨​ហើយ កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ ហើយ​ជា​លទ្ធផល ក្រុមការងារ​រក​មិនឃើញ​កំហុស​ណាមួយ​ពាក់ព័ន្ធ នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​នោះ​ឡើយ ហើយ គ​.​ជ​.​ប សំរេច​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ​។



តាម គ​.​ជ​.​ប ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ​នេះ​មាន​៥ ក្រុម និង​បាន​បែងចែក​ភារកិច្ច និង​ការទទួលខុសត្រូវ ត្រួតពិនិត្យ គឺ​ក្រុមទី​១, ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពត ខេត្តកោះកុង និង​ខេត្តក្រចេះ​។ ក្រុមទី​២, ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តមណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន​។ ក្រុមទី​៣, រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តពោធិ៍សាត់ និង​ខេត្ត​កែប​។ ក្រុមទី​៤, ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្រុមទី​៥, ខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្ត​ព្រះសីហនុ ខេត្តតាកែវ និង​ខេត្ត​ត្បូងឃ្មុំ ។​

​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​បាន​ចំណាយពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃទី​០៤ ដល់​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨ ហើយ​ក្រុម​ត្រួតពិនិត្យ​នីមួយៗ​បាន​អនុវត្ត​ការងារ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​របស់ខ្លួន​នៅ​ចំពោះមុខ​តំណាង​គណបក្សនយោបាយ អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកសារព័ត៌មាន នៅ​ទីស្តីការ គ​.​ជ​.​ប ។ ជា​លទ្ធផល ក្រុមការងារ​បាន​ធ្វើ​កា​រ​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​លទ្ធផល​ឡើងវិញ ដោយ​មិនបាន​រក​ឃើញ​នូវ​កំហុស​ណាមួយ​ពាក់ព័ន្ធ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត ដែល​រាជធានី ខេត្ត​បាន​បញ្ជាក់​ក្នុង​តារាង​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១០) កំណត់ហេតុ​បូកសរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១១) និង​ក្រដាស​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រាជធានី ខេត្ត (​ទ​.១១១៤) ឡើយ​។



​គ​.​ជ​.​ប បាន​បញ្ជាក់​ថា ភាគី​ដែល​ចូលរួម​ជា​សាក្សី​ទាំងអស់ បាន​ឯកភាព ជាពិសេស​តំណាង​គណបក្សនយោបាយ បាន​ចុះហត្ថលេខា​នៅលើ​របាយការណ៍​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​ទៀតផង​។ គ​.​ជ​.​ប មាន​យន្តការ​ត្រួត​ពិនិត្យបាន​ល្អិតល្អន់​ជាច្រើន​ដំណាក់កាល ដើម្បី​ជៀសវាង​ការភាន់ច្រឡំ នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​លើ​ការបោះឆ្នោត​។

សូមបញ្ជាក់ថា កាលពី​រសៀល ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ ក្រុមការងារ​ជំនាញ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានចាប់ផ្តើម​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដើម្បី​ឈានទៅ​ចេញផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ ហើយ​ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើឡើង​នៅ​សាលសន្និសីទ​របស់ គ​.​ជ​.​ប ។​
​ក្រុមការងារ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និង​បូកសរុប​លទ្ធផល ត្រូវបានចាត់តាំង​ជា​៤​ក្រុម​ធំៗ​រួមមាន ទី​១, ក្រុម​សម្របសម្រួល​ថ្នាក់កណ្តាល ទី​២, ក្រុម​ទទួល​សម្ភារៈ ឯកសារ​បោះឆ្នោត ទី​៣, ក្រុម​កំណត់​បែងចែក​អាសនៈ និង​ទី​០៤, ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ហើយ​ក្រុម​ត្រួតពិនិត្យ​លទ្ធផល​ឡើងវិញ ត្រូវបាន​បែងចែក​ជា​៥ ក្រុម​តូច​ទៀត ដើម្បី​ជួយ​បំពេញការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប ធ្លាប់​បាន​ថ្លែងថា ការ​ផ្ទៀងផ្ទាត់ គឺជា​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់ គ​.​ជ​.​ប ហើយ​ការ​ផ្ទៀងផ្ទាត់​នេះ ធ្វើឡើង​តាម​អ្វី​ដែល គ​.​ជ​.​ប បាន​ធ្វើ​កន្លងមក ពីព្រោះ គ​.​ជ​.​ប ត្រូវ​ចេញ​លទ្ធផល​បណ្តោះ​អាសន្ន​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៨ ខាងមុខ ដូច្នេះ​បើ​ការ​ចេញផ្សាយ​លទ្ធ​ផលប​ណ្ដោះ​អាសន្ន​នោះ ដោយ​មិនមាន​ការផ្ទៀងផ្ទាត់​ត្រឹមត្រូវ អាច​នឹងមាន​បញ្ហា​ខ្លះ​កើតឡើង ក្រោយ​ការចេញផ្សាយ​លទ្ធផល​នេះ។

តាម​លោក ហង្ស ពុទ្ធា ការ​ផ្ទៀងផ្ទាត់​នេះ ធ្វើឡើង​តាំងពី​តួលេខ​នៅ​តាម​ការិយាល័យ ដែល​បាន​រាប់​ភ្លាមៗ​នៅ​ការិយាល័យ ហើយ​បិទ​ផ្សាយ​នៅមុខ​ការិយាល័យ​។ លោក​បញ្ជាក់​ថា កន្លងមក​មន្ត្រី​របស់ គ​.​ជ​.​ប នៅ​ថ្នាក់ឃុំ សង្កាត់ រាជធានី ខេត្ត បានធ្វើការ​ផ្ទៀងផ្ទាត់​រួចហើយ ប៉ុន្តែ​នេះ គឺជា​ការផ្ទៀងផ្ទាត់ ដែល​ធ្វើឡើង​ដោយ គ​.​ជ​.​ប ដូច្នេះ​ការផ្ទៀងផ្ទាត់​នេះ ក្រៅពី​ការផ្ទៀងផ្ទាត់​តាមរយៈ​កុំព្យូទ័រ ក៏​មាន​ការ​ផ្ទៀងផ្ទាត់​ដោយ​ដៃ​ផង​ដែរ​។ បើតាម​លោក ហង្ស ពុទ្ធា ការផ្ទៀងផ្ទាត់​នេះ មិនអាច​កំណត់ពេល​បញ្ចប់​បានទេ​។ ពីព្រោះ​ការផ្ទៀងផ្ទាត់​នេះ ធ្វើ​ឲ្យ​ត្រឹមត្រូវ និង​មាន​តម្លាភាព​ជាទីបំផុត​។

ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤​នាក់ ដែល​ស្មើនឹង​៨២,៨៩ ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់​។

ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​វាយតម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ​។

ទន្ទឹម​និង​ការ​សាទរ​ចំពោះ​លទ្ធផល​នេះ ក៏​នៅមាន​បណ្តឹង​មួយចំនួន​ផង​ដែរ ដែល​ធ្វើឡើង​ដោយ​តំណាង​គណបក្ស​នយោបាយ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ហើយ​ត​ប​តាម គ​.​ជ​.​ប គិត​ត្រឹម​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០១៨ ទទួលបាន​២៥២៥​បណ្តឹង​។ ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​ចំនួន​៣​បណ្តឹង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​២៥២០​បណ្តឹង និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានចំនួន​២​បណ្តឹង​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu