Ad Code

បេក្ខជន​ជ័យលាភី​ថ្នាក់​ជាតិ ស្តី​ពី​ការ​យល់ដឹង​អំពី​អាស៊ាន សម្រាប់​ឆ្នាំ​២០១៨ នឹង​ចូល​រួម​ប្រកួតប្រជែង​នៅ​ឥណ្ឌូនេស៊ី នា​ខែ​ធ្លូ ខាងមុខ



ភ្នំពេញ ​៖ នៅ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ បាន​រៀបចំ​ពិធី​សំណេះសំណាល និង​ប្រគល់​រង្វាន់​ដល់​និស្សិត​ជ័យលាភី​ថ្នាក់ជាតិ ចំនួន​៤​រូប ដែល​បាន​ជោគជ័យ ក្នុង​ប្រ​កួត​ប្រជែង​ការយល់ដឹង​អំពី​អាស៊ាន សម្រាប់​ឆ្នាំ​២០១៨ ដែល​ពិធី​នេះ​រៀបចំឡើង ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។



តាម​របាយ​ការ​ណ៍​របស់​លោក ប៉ាង ណាត អនុប្រធាន​គណៈកម្មាធិការ​វប្បធម៌ និង​ព័ត៌មាន​អាស៊ាន បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៨​នេះ ការប្រកួតប្រជែង​យល់ដឹង​ពី​អាស៊ាន មាន​បេក្ខជន​ជា​សិស្ស​ថ្នាក់​ទី​១១​ចូលរួម​ចំនួន​២៤​រូប មកពី​វិទ្យាល័យ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​នោះ​មកពី​សាលា​ឯកជន​ចំនួន​៦ ដែល​មាន​កម្រិត​ស្មើគ្នា​ចូលរួម​ផង​ដែរ​។ ការប្រកួតប្រជែង​នេះ ក្រសួង​ព័ត៌មាន​បាន​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។



តាម​លោក ប៉ាង ណាត គណៈកម្មការ​ផ្ដល់​ពិន្ទុ ដែល​មាន​សមាសភាព​ម​ក​ពី​ក្រសួង​ទាំង​៤ បាន​ស្រាវជ្រាវ​ចងក្រង​កម្រង​សំនួរ និង​ចម្លើយ ដែល​ទាក់ទង​ទៅ​នឹង​អាស៊ាន មាន​ចំនួន​ជាង​៥០០ សំណួរ សម្រាប់​បេក្ខជន​ត្រៀម និង​បាន​សម្រាំង​សំណួរចម្លើយ​ចំនួន​១៥០ សម្រាប់​ការប្រកួតប្រជែង​នេះ​។



លោក​បន្ត​ថា គណៈកម្មការ​រៀបចំ​របស់​ក្រសួង​ព័ត៌មាន បាន​រៀបចំ​ការប្រកួត​ប្រជែង​ចំនួន​៣​វគ្គ គឺ​ទី​១, វគ្គ​ជម្រុះ​បឋម មាន​ចំនួន​៦​ក្រុម ដែល​ក្នុង​ក្រុម​នីមួយៗ មាន​បេក្ខជន​ចំនួន ៤​នាក់​។ ទី​២, វគ្គ​ជម្រុះ​ពាក់កណ្ដាល មាន​២​ក្រុម ក្នុង​ក្រុម​នីមួយៗ​មាន​បេក្ខជន​ចំនួន​៣​នាក់​។ ទី​៣, វគ្គ​ផ្ដាច់ព្រ័ត្រ មាន​១​ក្រុម ដែលមាន​បេក្ខជន​ចំនួន​៤​នាក់ ហើយ​វគ្គ​នេះ គឺជា​ការប្រកួតប្រជែង​ជ្រើសរើស​ជ័យលាភី​លេខ​១ លេខ​២ លេខ​៣ និង​លេខ​៤ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​តំបន់​។



ឆ្លង​តាមរយៈ​ការប្រកួតប្រជែង​នេះ ជ័យលាភី​លេខ​១ បាន​ទៅលើ​យុវតី សុង វិ​រី​កា ជា​សិស្ស​ថ្នាក់​ទី​១១ មកពី​សាលាខណ្ឌ west Stern អន្តរជាតិ​, ជ័យលាភី​លេខ​២ បាន​ទៅលើ​យុវតី ឃាង សុ​ជីវី ជា​សិស្ស​ថ្នាក់​ទី​១១ មកពី​សាលា​អន្តរជាតិ​សឹង្ហ​បុរី​, ជ័យលាភី​លេខ​៣ បាន​ទៅលើ​យុវតី​យ៉ុង សុ​វិចារ សិស្ស​ថ្នាក់​ទី​១១ មកពី​វិទ្យាល័យ ជា ស៊ីម សន្ធរ​មុខ​, ជ័យលាភី​លេខ​៤ បាន​ទៅលើ​យុវ​សិស្ស​ឈ្មោះ គួ​យ សុខ​មាន ជា​សិស្ស​ថ្នាក់​ទី​១១ មកពី​វិទ្យាល័យ​បឹងត្របែក ហើយ​ជ័យលាភី​ចំនួន​៣​រូប គឺ​លេខ​១ លេខ​២ និង​លេខ​៣ និង​ចេញទៅ​ចូលរួម​ប្រកួតប្រជែង​យល់ដឹង​ពី​អាស៊ាន​ថ្នាក់​តំបន់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ខែធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។



លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ជា​អធិបតី​ក្នុង​ពិធី​នោះបាន​អបអរសាទរ​ចំពោះ​ជ័យលាភី​ទាំង​៤​រូប និង​បាន​អះអាង​ថា សិស្ស និស្សិត​របស់​កម្ពុជា​យើង​កំពុងមាន​ការយល់ដឹង​ពី​អាស៊ាន​ខ្ពស់ ហើយ​នៅក្នុង​ការប្រកួតប្រជែង​នា​ខែធ្នូ​ខាងមុខ បេក្ខជន​យើង នឹង​បាន​ជួប​ជាមួយ​បេក្ខជន​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ការប្រកួតប្រជែង​នេះ មាន​លក្ខណៈ​តឹងតែង ដូច្នេះ​ត្រូវតែមាន​ការត្រៀម​លក្ខណៈ​ឲ្យ​បានល្អ​។



​ជាមួយនឹង​ការ​លើកឡើង​ខាងលើនេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ពី​ប្រវត្តិ​មួយ​ទាក់ទង​អាស៊ាន ជាពិសេស​កិច្ចប្រជុំ​អាស៊ាន​នៅ​ប្រទេស​សឹង្ហ​បុរី ដែល​ទើបតែ​បញ្ចប់​កាលពី​ថ្មីៗ​នេះ ដើម្បី​ជា​ទុន​មួយ​ក្នុងការ​សូល​រួម​ប្រកួតប្រជែង​នាពេលខាងមុខ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu