ភ្នំពេញ ៖ ក្រុមអ្នកវិនិយោគផ្នែកអចលនទ្រព្យនៃក្រុមហ៊ុនអចលនទ្រព្យECC ដែលមាន លោក ភារម្យ វិចិត្រដារ៉ា ជាអគ្គនាយកបានចាប់ដៃគូរវិនិយោគក្នុងស្រុកសម្រាប់ពង្រីកវិសាលភាពវិនិយោគ ដោយ ងាកទៅចាប់ដៃគូជាមួយអ្នកសិល្បៈ មួយក្រុម ដឹកនាំដោយលោក ងួន សុបិន្ត ដើម្បីពង្រីកវិសាលភាពលើមុខជំនួញរបស់ខ្លួន ហើយបានរៀបចំពិធីចុះហត្ថលេខានៅថ្ងៃទី១៧សីហានេះ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ាវីរាជធានីភ្នំពេញ។
អ្នកជំនួញខាងលើមើលឃើញថា បច្ចុប្បន្ននេះ មានក្រុមអ្នកសិល្បៈមួយចំនួន បានប្រើប្រាស់លទ្ធភាព និងធនធានរបស់ខ្លួន ដើម្បីបង្កើតមុខរបរផ្សេងៗបន្ថែមពីលើមុខរបរជាអ្នកសិល្បៈ ហើយពួកគេក៏មានតួនាទីសំខាន់ផងដែរ ក្នុងការផ្សព្វផ្សាយនូវផលិតផល ឬ មុខជំនួញនានា។
តួយ៉ាង នៅល្ងាចថ្ងៃទី១៧ ខែសីហា នេះ មានក្រុមហ៊ុនអចលនទ្រព្យ ECC ដែលបានសហការ ជាមួយដៃគូមកពីប្រទេសចិន វិនិយោគលើវិស័យអចលនទ្រព្យទទួលបានជោគជ័យជាច្រើនលើក នាពេលកន្លងមកនោះ ហើយបានបន្ថែមដៃគូរបស់ខ្លួនមួយទៀត គឺក្រុមអ្នកសិល្បៈនៅក្នុងប្រទេស ដើម្បីពង្រីកវិសាលភាពលើមុខជំនួញរបស់ឱ្យកាន់តែទូលំទូលាយ និងមានជំនឿចិត្តពីអតិថិជនបន្ថែមទៀត។
លោក ភិរម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ECC បានប្រាប់ឱ្យដឹងនៅក្នុងពិធីចុះហត្ថលេខា ដៃគូអចលនទ្រព្យរបស់ខ្លួន នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី ថា ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជា មានស្ថានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគមានឱកាស ក្នុងការពង្រីកទីផ្សារ ឬសក្កដានុពលផ្នែកអចលនទ្រព្យឱ្យកាន់តែធំធាត់ឆាប់រហ័ស និងល្អប្រសើរបន្ថែមទៀត។
លោកបន្តទៀតថា ការចាប់ដៃគូជាមួយសិល្បៈ គឺផ្នែកមួយសម្រាប់បង្កើនក្រុម ដែលនាំក្រុមហ៊ុនមានគ្នាកាន់តែច្រើន ងាយនឹងពង្រីកសក្កានុពលដែលមានទំនុកចិត្តពីស្រទាប់អតិថិជន ទាំងក្នុងនិងក្រៅប្រទេស។
លោកអះអាងទៀតថា កន្លងមកក្រុមហ៊ុនបានចាប់ដៃគូជាក្រុមហ៊ុន ចិន ហើយបានបោះទុកវិនិយោគ លើគម្រោងធំៗចំនួន៣ ដោយទទួលបានជោគជ័យ ដែលក្នុងនោះ បានអភិវឌ្ឍន៍ រោងចក្រ លំនៅដ្ឋាន និងធ្វើដីឡូតិ៍លក់ នៅជិតតំបន់សេដ្ឋកិច្ចពិសេស ផ្សារព្រៃទទឹង នៅតាមបណ្តោយផ្លូវជាតិលេខ៣ ដែលមកដល់ពេលនេះកំពុងមានការអភិវឌ្ឍជាបន្តបន្ទាប់។
សម្រាប់គម្រោងទី២ គឺអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យនៅក្នុងខេត្តកំពត ហើយគម្រោងទី៣ និងទី៤នេះ នៅក្នុងខេត្តសៀមរាប។
លោកបញ្ជាក់ថា សម្រាប់គម្រោងទី៤ គឺបង្កើតឆ្នេរដូងទេត្រាវកុដ្ឋ ដែលបាននិងកំពុងដំណើរ តាំងពីដើមខែសីហាមកនោះ ក្រុមហ៊ុនបានបោះទុនបន្ថែមប្រមាណជាង២លានដុល្លារ ដើម្បីបង្កើតលំនៅដ្ឋាន និងតំបន់ទេសចរណ៍ មួយថ្មីទៀត ទាញអ្នកទេសចដែលនិយមទៅលេងខេត្តសៀមរាប ឱ្យគិតថាខ្លួនកំពុងតែស្ថិតនៅជិតនឹងមាត់សមុទ្រដែរ ហើយក៏ដើម្បីចូលរួមទាក់ទាញអ្នកទេសចរឱ្យទៅលេងខេត្តសៀមរាម កាន់តែច្រើន ហើយស្នាក់នៅរយៈពេលយូថ្ងៃថែមទៀត។
សម្រាប់លោក ងួន សុបិន្ត តំណាងដៃគូរវិនិយោគនិងជាតារាកំប្លែង បានលើកឡើងថា លោកមានគំនិតមួយនេះជាយូរមកហើយ តែគ្មានឱកាសនឹងជ្រៀតចូល ប៉ុន្តែពេលនេះ លោកបានចាប់ដៃគូរសហការជាមួយ ECC ក្នុងវិស័យអចលនទ្រព្យ ដោយលោកសំឡឹងឃើញថា ECC មានគម្រោងពិត មានលក្ខណៈស្មោះត្រង់ និងមានគម្រោងជាច្រើនទទួលបានជោគជ័យ។
លោកមានជំនឿចិត្តថា សម្រាប់គម្រោងឆ្នេរដូងទេ ត្រាវកុដ្ឋនេះ ពិត ជាទទួលបានផលចំណេញ សម្រាប់សមាជិកមិត្តសិល្បៈក្នុងក្រុមរបស់ខ្លួន ជាពិសេសអតិថិជននឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីគម្រោងនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments