Ad Code

ចំនួន​អ្នកស្លាប់​ផ្លូវការ​ថ្មី ​៖​ ព្យុះសង្ឃរា Maria បាន​សម្លាប់​មនុស្ស​២,៩៧៥​នាក់​នៅ​កោះ​ព័រ​តូ​រី​កូ​



យោង​តាម​លទ្ធផល​នៃ​ការស៊ើបអង្កេត​ឯករាជ្យ​ ដែល​គេ​រង់ចាំ​ជា​យូរយារ​មក​ហើយ​របស់​រដ្ឋាភិបាល​ព័រ​តូ​រី​កូ​បាន​ឲ្យ​ដឹង​ថា ព្យុះសង្ឃរា Maria បាន​សម្លាប់​មនុស្ស​ចំនួន​២,៩៧៥​នាក់​នៅក្នុង​ដែនដី​កោះ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ​។​

បន្ទាប់ពី​មាន​ភាពចម្រូងចម្រាស​ជិត​មួយឆ្នាំ​លើ​ចំនួន​អ្នកស្លាប់​ពិតប្រាកដ​នៃ​ព្យុះ​បិសាច​ឆ្នាំ​២០១៧​មួយ​នេះ អភិបាល​កោះ​ព័រ​តូ​រី​កូ​បាន​និយាយថា ការប៉ាន់ស្មាន​ថ្មី​នេះ​ឥឡូវនេះ​នឹងត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ចំនួន​អ្នកស្លាប់​ផ្លូវការ​។​

លោក​អភិបាល Ricardo Rossello បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ខ្ញុំ​បាន​បញ្ជា​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ចំនួន​អ្នកស្លាប់​ផ្លូវការ​ដល់​២,៩៧៥​នាក់​”​។​

ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​ព័រ​តូ​រី​កូ​ពី​ព្យុះ Maria មាន​ត្រឹមតែ​៦៤​នាក់​ប៉ុណ្ណោះ​។​
​ដើម្បី​ទទួលបាន​ការវាយតម្លៃ​ត្រឹមត្រូវ​ជាង​នេះ លោក Rossello បានទទួល​ការសិក្សា​ឯករាជ្យ​ពី​សាកលវិទ្យាល័យ​ច​ច​វ៉ាស៊ីនតោន (GWU) ។​

ការសិក្សា​នេះ​បានធ្វើ​ការតាមដាន​អំពី​មរណភាព​ហួស​កម្រិត​ទាក់ទង​នឹង​ព្យុះសង្ឃរា Maria ចាប់តាំងពី​ខែកញ្ញា​ឆ្នាំ​២០១៧​ដល់​ខែកុម្ភៈ​ឆ្នាំ​២០១៨​ហើយ​បាន​រកឃើញថា អ្នកស្លាប់​មាន​ចំនួន​២២​ភាគរយ​ខ្ពស់ជាង​ចំនួន​មរណភាព​ដែល​ត្រូវបាន​គេ​រំពឹងទុក​ក្នុងអំឡុង​ពេលនោះ​។​

លោក Carlos Santos-Burgoa សាស្ត្រាចារ្យ​ផ្នែក​សុខភាព​ពិភពលោក​នៅ GWU បាន​និយាយថា “​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា ព្យុះសង្ឃរា Maria បាន​នាំ​ឲ្យ​មានការ​ស្លាប់​ច្រើន​លើសលប់​នៅ​ទូទាំង​កោះ​នេះ​”​។​

ការសិក្សា​មួយ​ផ្សេងទៀត​ដោយ​សាកលវិទ្យាល័យ Harvard កាលពីដើម​ឆ្នាំនេះ​បាន​ប៉ាន់​ស្មានថា មនុស្ស​ប្រហែល​៤,៦០០​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​៣​ខែ​បន្ទាប់ពី​ព្យុះ​នេះ​។​

ព្យុះសង្ឃរា Maria បាន​វាយប្រហារ​កោះ​ព័រ​តូ​រី​កូ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧​ដោយ​បង្ក​ឲ្យ​មានការ​បំផ្លាញ​យ៉ាង​ធំធេង​ហើយ​បណ្តាល​ឲ្យ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់​ចំនួន​៩០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ព្យុះ​ស៊ីក្លូន​ដែល​បំផ្លាញ​អស់​ទឹកប្រាក់​ច្រើន​បំផុត​លំដាប់​ទី​បី​នៅក្នុង​សហរដ្ឋអាមេរិក​ចាប់តាំងពី​ឆ្នាំ​១៩០០​មក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu