Ad Code

ថ្លើមធំ​! ចូល​លួច​ម៉ូតូ​ដល់​ក្រោមផ្ទះ ខណៈ​ម្ចាស់​ជាប់រវល់​បោក​ខោអាវ នៅ​ស្រុក​កូន​មុំ



រតនគិរី​ ៖​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រែ​អង្ក្រង​ បាន​ដេញ​តាម​ចាប់​បុរស​ម្នាក់​សង្ស័យ​លួច​ម៉ូតូ​របស់​គេ​ដាក់​ក្រោមផ្ទះ​ ជិះ​រត់​គេច​ខ្លួន តែ​ត្រូវ​ម្ចាស់​ដែល​កំពុង​រវល់​បោក​ខោអាវ ឃើញ​ទាន់​ស្រែក​ផ្អើល​ឆោឡោ​ឡើង។

ហេតុការណ៍​ភ្ញាក់ផ្អើល​​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ រស់ ឡុ​ន ស្ថិតនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី។

អធិការរង​នគរបាល​ស្រុក​កូន​មុំ​ទទួលបន្ទុក​ព្រហ្មទណ្ឌ​លោក​ជា សារិត បាន​ឲ្យ​ដឹងថា មាន​ករណី​ចោរកម្ម​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម c១២៥ ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រតនគិរី 1C- 8344 ខណៈ​ដែល​ម្ចាស់​ម៉ូតូ ​ឈ្មោះ​វ៉ា សុ​ផុន ភេទ​ស្រី អាយុ ៤៣​ឆ្នាំ ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ដែល​កំពុង​បោក​ខោអាវ​នៅ​ក្រោយ​ផ្ទះ ហើយ​ទុក​កូនសោ​ម៉ូតូ​នៅ​លើ​គ្រែ​ក្រោមផ្ទះ។

លោក​ជា សារិត បន្ត​ថា ជនសង្ស័យ​ បាន​ចូល​យក​សោ​ចាក់​ម៉ូតូ​ជិះ​យក​ចេញទៅ ប៉ុន្តែ​ក្រោយមក ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ ហើយក៏​ស្រែក​ផ្អើលឆោឡោ នាំគ្នា​ដេញតាម និង​ប្តឹង​នគរបាល​មូលដ្ឋាន​ដេញតាម និង​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​ប៉ុស្តិ៍ ឃុំ​ស្រែ​អង្គ្រង ស្ទាក់​ចាប់បាន​ទាំង​ម៉ូតូ និង​ជនសង្ស័យ​តែម្តង​។​

​លោក​ថា ជនសង្ស័យ​ឈ្មោះ លី ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្រែ​ត្រែង ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu