ក្រុមសកម្មជនបាននិយាយនៅថ្ងៃអង្គារថា ចក្រភពអង់គ្លេសបានបរាជ័យក្នុងការការពារកុមាររាប់ពាន់នាក់ពីការជួញដូរ និងធ្វើជាទាសករ។ ពួកគេបានរិះគន់រដ្ឋាភិបាលសម្រាប់ការខ្វះខាតយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីបញ្ឈប់ក្មេងស្រីពីការត្រូវបានគេរំលោភបំពានផ្លូវភេទនិងក្រុមក្មេងទំនើងដែលប្រើប្រាស់យុវជនធ្វើជាអ្នកជួញដូរគ្រឿងញៀន។
ក្រុមត្រួតពិនិត្យប្រឆាំងការជួញដូរ (ATMG) ដែលជាក្រុមមនុស្សធម៌មួយបាននិយាយថា វិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការដោះស្រាយការជួញដូរកុមារគឺផុយស្រួយហើយជនរងគ្រោះវ័យក្មេងបានខ្វះការថែទាំជំនាញនៅពេលដែលចំនួនទាសករកុមារត្រូវបានរកឃើញ។
នៅក្នុងប្រទេសអង់គ្លេស កុមារចំនួន២.១១៨នាក់ដែលគេសង្ស័យត្រូវបានជួញដូរគឺបាននិយាយសំដៅទៅរដ្ឋាភិបាលកាលពីឆ្នាំមុនដែលនេះជាការកើនឡើង៦៦ភាគរយបើធៀបទៅឆ្នាំ២០១៦និងជាចំនួនប្រចាំឆ្នាំខ្ពស់បំផុតក្នុងកំណត់ត្រា។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រហែលមួយភាគបីគឺជាជនជាតិអង់គ្លេសដែលភាគច្រើនត្រូវបានគេប្រើជាអ្នករត់គ្រឿងញៀនខណៈដែលមនុស្សរាប់រយនាក់ត្រូវបានជួញដូរពីប្រទេសមួយចំនួនដូចជាវៀតណាម ស៊ូដង់ អេរីទ្រា អាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ជាដើម។
នាយកប្រតិបត្តិអង្គការប្រឆាំងទាសករអន្តរជាតិលោកស្រី Jasmine O'Connor បាននិយាយថា “ការមិនមានផែនការច្បាស់លាស់ដើម្បីទប់ស្កាត់ការជួញដូរកុមារនៅក្នុងចក្រភពអង់គ្លេសបានធ្វើឲ្យអាម៉ាស់ដល់រដ្ឋាភិបាលនេះ”។ លោកស្រីបានបន្ថែមថា ការតម្រង់គោលដៅតែលើអ្នកជួញដូរគឺនឹងមិនអាចដោះស្រាយបញ្ហាបានទេ។
លោកស្រីបានបន្ថែមថា “យើងចាំបាច់ត្រូវបង្កើតបណ្តាញគាំទ្រដែលអាចធ្វើឲ្យកុមារនិងក្រុមគ្រួសាររបស់ពួកគេមានភាពរឹងមាំដល់ការបង្ខិតបង្ខំ អាចមើលឃើញសញ្ញាគួរឲ្យព្រួយបារម្ភហើយអាចផ្តល់ការគាំទ្រពិសេសដល់កុមារដែលត្រូវបានគេជួញដូររួចហើយ”។
ស្របពេលជាមួយគ្នានេះ ក្រសួងមហាផ្ទៃមិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំយោបល់ទេ។
កាលពីសប្តាហ៍មុន ចក្រភពអង់គ្លេសបានប្រកាសផែនការទឹកប្រាក់២លានផោន (២.៦លានដុល្លារអាមេរិក) ដើម្បីជួយអាជ្ញាធរឲ្យការពារកុមារដែលងាយរងគ្រោះពីអ្នកជួញដូរនិងក្រុមអន្ធពាលដែលបានរំលោភពួកគេនិងបង្ខំឲ្យពួកគេរត់គ្រឿងញៀនពីទីក្រុងនានាទៅតំបន់ជនបទ។
យោងតាមអង្គការសិទិ្ធមនុស្សអូស្ត្រាលី Walk Free Foundation បានឲ្យដឹងថា ប្រទេសអង់គ្លេសជាកន្លែងនៃទាសករសម័យទំនើបយ៉ាងតិច១៣៦,០០០នាក់នាពេលសព្វថ្ងៃដែលនេះជាតួលេខខ្ពស់ជាងការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលឆ្នាំ២០១៣ចំនួន១០ដង៕ REUTERS
Source: Kampuchea Thmey Daily
0 Comments