ក្រុមណាហ្គាវើល កំពុងតែឈរកំពូលតារាងលីគកំពូលកម្ពុជា (Metfone Cambodian League 2018) ត្រឹមសប្ដាហ៍ទី២០ ខណៈនៅសល់២សប្ដាហ៍ទៀតពានរង្វាន់នេះនឹងស្វែងរកម្ចាស់ជើងឯកឃើញហើយពោលគឺប្រគល់ជូនក្រុមដែលមានពិន្ទុច្រើនជាងគេ។ លោក មាស ចាន់ណា ដែលជាគ្រូបង្វឹកក្រុមណាហ្គាវើល បានសម្លឹងឃើញពីចំណុចមួយដែលធ្វើឱ្យក្រុមលោកជួបឧបត្តសគ្គក្នុងឪកាសប្រជែងជើងឯក។
គ្រូបង្វឹកកំពុងកាន់អាជ្ញាប័ណ្ឌ AFC A Licesne រូបនេះបានលើកឡើងថា៖«បន្ទាប់ពីយើងឈ្នះលើក្រុមទ័ព (ក្រសួងការពារជាតិ) យើងធូរចិត្តបន្តិច តែយើងក៏នៅទទួលសម្ពាធ២ប្រកួតចុងក្រោយដែលប៉ះសុទ្ធតែក្រុមខ្លាំង។ អ៊ីចឹងយើងបារម្ភមែនទែន។ ទោះយើងឈរកំពូលតារាង យើងនៅតែមានសម្ពាធ។ អ៊ីចឹងវាជាការលំបាកសម្រាប់យើង»។ ២ប្រកួតក្នុងដៃដែលនៅសល់ចុងក្រោយរបស់ណាហ្គាវើល គឺត្រូវប៉ះក្រុមណាហ្គាវើល និងត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកធ្លាប់បានបង្ហាញទស្សនៈថា «យើងមិនទាន់រំពឹងដល់កម្រិតណាទេក្នុងការឈ្នះជើងឯក។ តែប្រសិនកីឡាករយើងរក្សាការលេងបែបនេះបាន យើងសង្ឃឹមខ្ពស់ក្នុងការប្រជែង។ តែយើងមិនប្រាកដថា ពួកគេអាចរក្សាបានឬអត់»។ លោកថាបឹងកេត ដែលជាក្រុមលេខ២កំពុងតែតាមប្រកៀកនិងក្រុមរបស់លោក ខណៈប្រកួតដែលនៅសល់របស់ក្រុមនេះគឺសុទ្ធតែជួបក្រុមកម្រិតល្មមៗពោលគឺសុទ្ធតែមានរំពឹងឈ្នះស្ទើរតែទាំងអស់។
បើមើលក្នុងសកម្មភាពប្រកួត២០លើកមកនេះ ក្រុមណាហ្គាវើល អាចរកបានជ័យជម្នះរបស់ដល់១៦លើក ហើយស្មើគ្នាបាន២លើកនិងធ្លាប់បរាជ័យ២លើក។ មិនតែប៉ុណ្ណោះណាហ្គាវើល ជាក្រុមដែលអាចទាត់បញ្ជូលទីគូប្រកួតបានច្រើនជាងគេគិតត្រឹមពេលនេះពោលគឺបំប៉ោងសំណាញ់គេបាន៥៨គ្រាប់ ហើយរបូតគ្រាប់បាល់វិញតែ១៤គ្រាប់ប៉ុណ្ណោះ។
ងាកទៅមើលប្រវត្តសាស្ត្រវិញក្រុមណាហ្គាវើល ធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២លើកដែរគឺនៅឆ្នាំ២០០៧និង២០០៩។ គិតត្រឹមដឹកនាំក្រុមណាហ្គាវើល ពីឆ្នាំ២០១៥ មកលោក មាស ចាន់ណា តែងតែបង្ហាញថាក្រុមខ្លួនជាបេក្ខជនមួយដែលមិនអាចរំលងបានក្នុងការប្រជែងយកជើងឯក។ ជាក់ស្តែងគឺឆ្នាំ២០១៥ ទទួលបានជើងឯករងលីគកំពូលកម្ពុជា ក្រោយចាញ់បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាំងទីកាត់សេចក្តី៣ទល់២ និងជើងឯករងពានរង្វាន់សម្តេចតេជោ ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៦ ណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៣ ព្រមទាំងមានឱកាសទៅលេងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Cup 2017 ផងដែរ។ ឆ្នាំ២០១៧ ណាហ្គាវើល បានត្រឹមលេខ៣ក្រោយចាញ់ក្រសួងការពារជាតិ នៅវគ្គជម្រុះលីគកំពូលកម្ពុជា ខណៈពានរង្វាន់សម្តេចតេជោ ក្រុមនេះបានត្រឹមជើងឯករងក្រោយចាញ់ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ។
បើក្រឡេកមើលលទ្ធផលកាលពីរដូវកាលចាស់របស់ក្រុមណាហ្គាវើល បានបញ្ចប់ទៅដោយក្នុងរដូវកាលលីគកំពូលកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសមាជិកទាំង១២ក្រុម ខណៈកីឡាករជនជាតិរ្វ៉ាន់ដា Kipson ឈ្នះស្បែកជើងមាសប្រចាំរដូវកាលក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ ណាហ្គាវើលបានត្រឹមជើងឯករងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments