បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីចោរកម្ម ទៅលើលំនៅដ្ឋានរបស់បុគ្គលិកអង្គភាពអគ្គិសនី ត្រូវបានកំលាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាពគាស់ទម្លុះទម្លាយដើម្បីលួចយកទ្រព្យសម្បត្តិរួចមក។
តាមការអះអាងពីលោក សំ វិឡុង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានលើកឡើងថា នៅវេលាម៉ោង ៦ ព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៨ កំលាំងរបស់លោក បានទទួលពាក្យបណ្តឹងមួយរបស់ជនរងគ្រោះ ឈ្មោះ ដុះ គឹមអាង ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ បុគ្គលិកអគ្គិសនី មានទីលំនៅផ្ទះលេខ ៥៩២ ក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្ដីពីករណី លួច ដោយសារតែមានជនមិនស្គាល់មុខ បានធ្វើសកម្មភាពគាស់ទម្លុះទម្លាយ លួចយកលុយកាក់ និងសម្ភារៈមួយចំនួនថែមទៀត។
ភ្លាមៗនោះដែរ លោកបានចាត់កំលាំងជំនាញ ចុះស្រាវជ្រាវតែក្នុងរយៈពេលប្រមាណ ៣០ នាទី ប៉ុណ្ណោះ គឺនៅម៉ោង ៦ និង ៣០ នាទី ថ្ងៃ ខែ ដដែល ត្រង់ចំណុច (ផ្ទះជួល) ស្ថិតក្នុងក្រុមទី១៧ ភូមិ សង្កាត់ខាងលើ គឺបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២ នាក់ ដែលទី ១. ឈ្មោះ តាំ ប៊ុនយិន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ គ្រូបង្រៀន និង ទី២. ឈ្មោះ ហែម ផានិត ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរស្នាក់នៅ (ផ្ទះជួល) ខាងលើ ។
សម្ភារៈដែលសមត្ថកិច្ចដកហូតរួមមាន ឈើចងដែកលួសសម្រាប់ឆ្កឹះគន្លឹះបង្អួចចំនួន ០១ អត្តសញ្ញាណប័ណ្ណ ០២ សន្លឹក ប័ណ្ណសម្គាល់ខ្លួន (បម្រើការងារ) ០១ ប័ណ្ណសម្គាល់យាន ០២ ប័ណ្ណបើកបរ ០១ កូនកាបូប ពណ៌ស ០១ សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន និង ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ដែលក្នុងនោះ សម្ភារៈមួយចំនួនជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកំលាំងប៉េអឹមក្រុង កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments