ការប្រកួតជម្រុះដណ្តើមពានអនុស្សាវរីយ៍ទូរទស្សន៍បាយ័នទម្ងន់៥៤គីឡូក្រាម នឹងចាប់ផ្តើមនៅល្ងាចថ្ងៃសៅរ៍ទី២២ ខែកញ្ញានេះ នៅលើសង្វៀនស្ទឹងមានជ័យ។
មានអ្នកប្រដាល់ទម្ងន់៥៤គ.ក្រ ចំនួន៤រូប ដែលត្រូវចូលរួមប្រកួតដណ្តើមយកពានរង្វាន់នេះ ។ ក្នុងនោះ មាន ធន អៀងឡៃ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ , ជុន សាវុធ អ្នកប្រដាល់ក្លិបកុសលកីឡា , ម៉ន វណ្ណី អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក និង អាន ទាវ អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ ។
ក្នុងចំណោមអ្នកប្រដាល់ទាំង៤នាក់នេះ ខ្លះធ្លាប់ជួបគ្នា ខ្លះមិនធ្លាប់ជួបគ្នានោះទេ កន្លងមក។បើតាមការកត់សម្គាល់ពីសមត្ថភាព របស់អ្នកប្រដាល់ទាំង៤នាក់នេះ គេបានវាយតម្លៃថា ធន អៀងឡៃ និង ម៉ន វណ្ណី ទំនងជានឹងត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកពានរង្វាន់អនុស្សាវរីយ៍ទម្ងន់៥៤គីឡូក្រាមនេះ។
ដូច្នេះចាំមើល សម្រាប់ការជួបប្រកួតគ្នារវាងធន់ អៀងឡៃ , ជុន សាវុធ , ម៉ន វណ្ណីនិង អាន ទាវ គេរំពឹងថា ធន់ អៀងឡៃ នឹងមានប្រៀបឈ្នះច្រើនជាងគេ ក្នុងចំណោមអ្នកប្រដាល់ទាំង ៤នាក់នេះ ។
ធន អៀងឡៃ គេធ្លាប់វាយឈ្នះជុន សាវុធ ដោយពិន្ទុ ។ហើយធន អៀងឡៃ គេធ្លាប់ឈ្នះអាន ទាវ រួចទៅហើយ ។ តែយ៉ាងណា មិនទាន់ប្រាកដថា ជុន សាវុធនិង ម៉ន វណ្ណីអន់នោះទេ ។គួរបញ្ជាក់ថា អាន ទាវ គេសុទ្ធតែធ្លាប់វាយចាញ់អ្នកប្រដាល់ទាំង៣នាក់ខាងលើហើយ ។
ការប្រកួតដណ្តើមពានអនុស្សាវរីយ៍ទូរទស្សន៍បាយ័នទម្ងន់៥៤គីឡូក្រាមនេះ ប្រព្រឹត្តទៅតាមរូបមន្តជាMarathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ ។ ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្តើមពានអនុស្សាវរីយ៍របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន ។
សូមបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺវាយ៥ទឹកតែមួយទឹកវាយតែ២នាទីទេ ។
ដោយឡែក សម្រាប់ការប្រកួតគូឯកវិញនោះ គឺយ៉ុន ដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ នឹងជួបសងសឹក ហួន សុខនីម អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធតាដំបងដែក ។
ពីរនាក់នេះ ធ្លាប់ជួបប្រកួតគ្នាម្តងហើយ កាលពីថ្ងៃទី១៤កក្កដា២០១៨ ដោយហួនសុខនីម វាយឈ្នះដារ័ត្ន ក្នុងទឹកទី១ ។ ដូច្នេះ ចាំមើលការជួបគ្នាលើកនេះ តើនរណាជាអ្នកឈ្នះនោះ ? ។
ហួន សុខនីម គេមានស្នៀតទាត់ខ្លាំង និងល្អ ហើយមានចិត្តប្រដាល់ធំ និងមានទិចនិចប្រកួតច្រើន ដើម្បីយកឈ្នះលើគូប្រកួត។ ដោយសារតែយ៉ាងដូច្នេះហើយ ទើបឡើងប្រកួតឈ្នះច្រើនជាងឈ្នះ ។ ប៉ុន្តែ២ប្រកួតចុងក្រោយនេះ សុខនីម វាយចាញ់ទាំងពីរប្រកួត ។ ការប្រកួតចុងក្រោយគេនេះ សុខនីមវាយចាញ់ថន វាសនា អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ក្នុងទឹកទី៣ ។
យ៉ុន ដារ័ត្ន ទោះបីជាគេវាយខ្លាំងយ៉ាងណាក្តី ប៉ុន្តែចិត្តប្រដាល់របស់គេមិនសូវធំ ។ដារ័ត្ន មានកម្លាំងស៊ុហ្វរឹងមាំ តែវ៉ៃភាគច្រើនរត់ ដែលនេះជាវិធីសាស្ត្ររបស់គេធ្វើអោយដៃគូមួរម៉ៅ ដេញតាម ហើយគេចាំវាយឆ្មក់សងវិញ។
អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធរូបនេះ មានពេលខ្លះគេវាយមិនចេះថយដែរ គឺសម្រុកចូលជានិច្ច ចង់គូប្រកួតរបស់ខ្លួនធំប៉ុនណាក៏ដោយ ក៏គេមិនចេះខ្លាចដែរ។ ដារ័ត្ន ប្រកួតលើកចុងក្រោយនេះ វាយឈ្នះឡុង បេនលឿន អ្នកប្រដាល់ក្លិបសាលវ័ន្តកីឡាក្នុងទឹកទី២៕
Source: Kampuchea Thmey Daily
0 Comments