ភ្នំពេញ ៖ បុរសម្នាក់ ខឹងប្រពន្ធ សុំបែក ទិញទឹកអាស៊ីត អង្គុយចាំ ជះទឹកអាស៊ីដ ទៅលើប្រពន្ធចុង ជាលើកទី២ ពេលនាង ចេញពីបំរើការ ខារ៉ាអូខេ "យេស" តែនាងដឹងទាន់សង្ស័យ ក៏ទូរស័ព្ទ ទៅប្រាប់បង ឲ្យមកជួយ ក៏ឃើញ បុរសជាប្តី រួមនឹងទឹកអាស៊ីត រួចក៏នាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ការចាប់ឃាត់ខ្លួន នេះបាន ធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ នៅត្រង់ចំណុចជិតខារ៉ាអូខេ "យេស" ផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នារីរងគ្រោះ ជាប្រពន្ធចុង សុំមិនបញ្ចេញឈ្មោះ មុខរបរធ្វើការខារ៉ាអូខេ មានទីលំនៅក្នុងរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ ជាប្ដី ឈ្មោះ ស៊ឺង អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្នុងរាជធានីភ្នំពេញ។
បើតាមនារីរងគ្រោះបានបញ្ជាក់ថា រូបគេទាំងពីរនាក់ជាប្ដីប្រពន្ធនឹងគ្នា តែមិនបានចុះអេតាស៊ីវិលតាមច្បាប់ទេ ដោយបានសែនព្រេនរួមរស់ជាមួយគ្នាធម្មតា ហើយតាំងពីយកគ្នាមក ការរស់នៅចេះតែមិនចុះសម្រុងគ្នា ដោយបុរសជាប្ដីតែងតែប្រើអំពើហិង្សាទៅលើនាងជាញឹកញាប់ ទើបនាងទ្រាំមិនបាន ក៏សម្រេចចិត្តលែងលះគ្នា ជាង១ឆ្នាំហើយ ។
នារីរងគ្រោះបានប្រាប់សមត្ថកិច្ចបន្តទៀត ថានៅមុនថ្ងៃកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FQ-7840 ឌុបគ្នា មកធ្វើសកម្មភាពជះទឹកអាស៊ីត មកលើរូបនាង នៅក្បែរកន្លែងនាងធ្វើការម្តងរួចមកហើយ តែចៃដន្យរូបនាងលោតគេចផុត ទឹកអាស៊ីដក៏ខ្ទាតទៅដំបូលកង់បីឥណ្ឌា បណ្ដាលឲ្យរលួយដំបូលខ្ទេច ហើយជនសង្ស័យទាំង២នាក់នោះ ក៏បានជិះគេចខ្លួន។ ភ្លាមៗនោះ នាងបានយកទូរស័ព្ទថតរូបបានពីចម្ងាយទុកដែរ ហើយរូបនាងមិនបានទៅដាក់ពាក្យបណ្ដឹងទេ រួចក៏ត្រលប់ទៅផ្ទះបាត់ទៅ។
នាងរងគ្រោះបន្តទៀតថា លុះនៅវេលាថ្ងៃម៉ោង០១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ មាននារីម្នាក់ដែលជាមិត្តភក្តរបស់នាង បានតេទូរស័ព្ទប្រាប់នាងថា ឃើញបុរសម្នាក់ដែលជាប្ដីរបស់នាង មកអង្គុយចាំនៅលើម៉ូតូងាកមើលឆ្វេងស្ដាំ ចុះឡើងៗ នៅជិតខារ៉ាអូខេ "យេស" ដែលជាកន្លែងនាងធ្វើការ ហើយដោយមានការសង្ស័យ ទើបប្រាប់នាងអោយប្រុងប្រយ័ត្នផង។ ពេលឭដូច្នេះ រូបនាងក៏បានទូរស័ព្ទទៅបងប្រុសនាង អោយជិះទៅមើលផង បន្ទាប់មកបងប្រុសរបស់នាងបានជិះទៅមើល ឃើញបុរសដែលជាប្ដីរបស់នាង កំពុងអង្គុយក្បែររទេះលក់សាច់គោអាំង ពិតប្រាកដមែន ទើបរូបនាងបានទូរស័ព្ទទៅលេខ ០១២ ៩៩៩ ៩៩៩ ដែលជាលេខប្រចាំបញ្ជារបស់ស្នងការរាជធានី រួចរាយការណ៍ប្រាប់ពីដំណើររឿង មួយសន្ទុះក្រោយក៏ឃើញកម្លាំងល្បាតប៉ុស្តិ៍នគរបាលវាលវង់ បានចុះមកដល់រួចធ្វើការសាកសួរ ហើយសុំឆែកឆេរ ឃើញមានដបទឹកអាស៊ីដ ទុកនៅលើម៉ូតូ របស់បុរសដែលជាប្ដីនោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនវាយខ្នោះ យកទៅប៉ុស្តិ៍ដើម្បីធ្វើការសាកសួរបន្តតែម្ដង។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថា ទឹកអាស៊ីដដែលនៅលើម៉ូតូនោះ រូបគេបានទៅទិញនៅកន្លែងលក់អាគុយ បំណងយកមកគំរាមប្រពន្ធពិតមែន។ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចទៀតថា នៅមុនពេលឃាត់ខ្លួន ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកញ្ញា ២០១៨ រូបគេបានជិះម៉ូតូខាងលើ ចេញពីផ្ទះសំណាក់ ឡាក់គី មកចំណុចខារ៉ាអូខេ "យេស" ដើម្បីតាមដានប្រពន្ធខ្ញុំ ដោយបានដាក់ទឹកអាស៊ីដ ក្នុងកែវជ័រ ដាក់តាមម៉ូតូ។ លុះពេលមកដល់ រូបគេបានអង្គុយផឹកស្រាបៀរអស់២-៣កំប៉ុង រហូតដល់ម៉ោង១និង៣០នាទី ឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្រាប់តែបងប្រុសរបស់ប្រពន្ធ និងសមត្ថកិច្ចចុះមកឃាត់ខ្លួន យកទៅប៉ុស្តិ៍តែម្ដង ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ រួមទាំងចម្លើយសារភាព និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីបញ្ជូនសុំណុំរឿងចាត់ការបន្ត៕
Source: Kampuchea Thmey Daily
0 Comments